ទីក្រុងតេអេរ៉ង់៖ ថ្ងៃនេះ ច្រកសមុទ្រហ័រម៉ូសហាក់ដូចជានៅទ្រឹងមួយកន្លែងបន្ទាប់ពីកប៉ាល់ដឹកទំនិញ២គ្រឿងត្រូវបានបាញ់ប្រហារ ខណៈដែលអាមេរិកថ្លែងថាខ្លួនអាចនឹងបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់ដោយឥតកំណត់ពេលវេលា។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាការចរចាគ្នានៅដំណាក់កាលចុងក្រោយរវាងអាមេរិក និងអ៊ីរ៉ង់មិនរីកចម្រើនទៅមុខទេ។ ដោយហេតុថាប្រទេសទាំង២បានឯកភាពគ្នាទទួលយកបទឈប់បាញ់ មិនយូរប៉ុន្មានក៏បាញ់គ្នាឡើងវិញ ដូច្នេះអ៊ីរ៉ង់ក៏ចាប់ផ្ដើមវាយប្រហារកប៉ាល់ដឹកទំនិញដែលខ្លួនយល់ថាព្យាយាមបើកឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសដោយគ្មានការអនុញ្ញាតពីខ្លួន។ កប៉ាល់២គ្រឿងរបស់ក្រុមហ៊ុនប្រេងប្រទេសអារ៉ាប់រួមបានរងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។ ទោះបីគ្មានក្រុមណាចេញមុខទទួលខុសត្រូវ ប៉ុន្តែរដ្ឋាភិបាលអារ៉ាប់រួមចោទប្រកាន់ត្រង់ៗតែម្ដងថានេះជាស្នាដៃរបស់អ៊ីរ៉ងច្បាស់ណាស់ដោយឥតប្រកែកបានឡើយ។

នៅថ្ងៃដដែលនោះ គេឃើញកប៉ាល់ដឹកទំនិញ៩គ្រឿងបើកឆ្លងកាត់ច្រកហ័រម៉ូស។ ប៉ុន្តែចាប់ពីព្រឹកមិញតទៅគ្មានសញ្ញាថាកប៉ាល់ណាមួយបើកឆ្លងទីនោះទៀតទេ។ កប៉ាល់ខ្លះទំនងជាបើកស្ងាត់ៗដោយមិនបង្ហាញសញ្ញាឱ្យគេមើលឃើញ។ ប៉ុន្តែទោះជាបែបនេះក្ដី បើគេប្រៀបធៀបជាមួយពេលមុនដែលកប៉ាល់លើសពី១៣០គ្រឿងបើកកាត់ទីនោះក្នុងមួយថ្ងៃៗ គេអាចនិយាយបានថាចំនួននេះធ្លាក់ចុះខ្លាំងដូចមេឃ និងដី។ ក្រៅពីគំរាមកំហែងវាយប្រហារទីតាំងផលិត និងស្តុកទុកថាមពល (ប្រេង និងហ្គាស) នៅតំបន់ឈូងសមុទ្រពែក្ស អ៊ីរ៉ង់មានសមត្ថភាពសម្រេចថាកប៉ាល់ណាអាចបើកចេញចូលច្រកហ័រម៉ូស។ ហេតុនេះ វាជាចន្ទល់ដ៏រឹងមាំមួយសម្រាប់ឱ្យអ៊ីរ៉ង់មានទឹកមាត់ប្រៃក្នុងការចរចាគ្នា។ នេះបើយោងតាមលោកថបចន សុលវេត (Torbjorn Solvedt) ជាអ្នកវិភាគប្រចាំក្រុមហ៊ុនសន្តិសុខ Verisk Maplecroft។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកភីតហេកសឹត ប្រាប់អ្នកសារព័ត៌មានថាយោធាអាមេរិកមានសមត្ថភាពពេញលេញក្នុងការថែរក្សាវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុងតំបន់ដើម្បីពង្រឹងវិធានការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់។ ការបិទខ្ទប់នេះធ្វើឱ្យអ៊ីរ៉ង់រងគ្រោះយ៉ាងដំណំផ្នែកសេដ្ឋកិច្ចជាតិព្រោះគ្មានកប៉ាល់ណាអាចបើកចេញ និងចូលកំពង់ផែរបស់អ៊ីរ៉ង់បានឡើយ។ លោកហេកសឹតអះអាងថាច្បាស់ណាស់ កងទ័ពជើងទឹកអាមេរិកអាចរក្សាការបិទខ្ទប់របស់ខ្លួនដដែលព្រោះនាវាចម្បាំងរបស់យើងអាចធ្វើការផ្លាស់វេនគ្នា។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្កុតបឺសឹន ថ្លែងថាអាមេរិកមានផែនការបង្កមហន្តរាយកាន់តែធំធេងសម្រាប់វិស័យហិរញ្ញវត្ថុរបស់អ៊ីរ៉ង់។ ឥឡូវនេះ លោកដូណាល់ត្រាំកំពុងទទួលរងសម្ពាធកាន់តែខ្លាំងដើម្បីទាមទារឱ្យលោកបិទបញ្ចប់សង្គ្រាមអ៊ីរ៉ង់ព្រោះតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ធ្វើឱ្យប្រជាប្រិយភាពរបស់លោកធ្លាក់ចុះ។ នៅពេលបោះឆ្នោតសភាខាងមុខនេះ គណបក្សរបស់លោកអាចនឹងចាញ់ឆ្នោតនៅរដ្ឋសភា ឬព្រឹទ្ធសភា ឬចាញ់ទាំងក៏អាចថាបាន។

ប្រេងឆៅតាមហាងឆេងនៅអឺរ៉ុប (Brent) លក់ចេញថ្លៃ៨៧ដុល្លារក្នុងមួយបារ៉ែល និងហាងឆេងនៅអាមេរិក (West Texas) លក់ចេញថ្លៃ៨១ដុល្លារក្នុងមួយបារ៉ែល។ ប្រទេសឥណ្ឌាបន្តពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងរបស់រុស្ស៊ី។ កាលពីខែកក្កដា ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីច្រើនបំផុត។ ចំណែករោងចក្រចម្រាញ់ប្រេងធំៗនៅទ្វីបអាស៊ីត្រូវរត់ទៅពឹងប្រេងអាមេរិកដើម្បីធានានិរន្តរភាពក្នុងការផ្គត់ផ្គង់នាពេលអនាគត។ លោកដូណាល់ត្រាំនៅតែអះអាងថាអាមេរិកបន្តគ្រប់គ្រងច្រកសមុទ្រហ័រម៉ូសទាំងស្រុង។ ប៉ុន្តែអ៊ីរ៉ង់ចេញមុខបដិសេធយ៉ាងដាច់អហង្ការ។ អ៊ីរ៉ង់ថាខ្លួនមិនអនុញ្ញាតឱ្យបើកដំណើរការច្រកសមុទ្រនេះជាដាច់ខាតប្រសិនបើអាមេរិកមិនព្រមធ្វើតាមលក្ខខណ្ឌរបស់ខ្លួនទេ។ ក្នុងនោះ អ៊ីរ៉ង់ទាមទារឱ្យអាមេរិកលុបចោលទណ្ឌកម្មសេដ្ឋកិច្ច និងអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកទុក៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ