អាជ្ញាធរខេត្តមណ្ឌលគិរី បើកយុទ្ធនាការដាក់ថ្នាំអាប៊ែតជុំទី២ តាមខ្នងផ្ទះដើម្បីទប់ស្កាត់ និងការពារជំងឺគ្រុនឈា.ម
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នៅក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំ ងាយបង្កឱ្យមានដក់ទឹកបង្កើតជាជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមយ៉ាងលឿនរហ័ស។ ដើម្បីកម្ទេចដង្កូវទឹក និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ អាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំ «យុទ្ធនាការដាក់ថ្នាំអាប៊ែតជុំទី២ តាមខ្នងផ្ទះប្រជាពលរដ្ឋ» នៅសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។នៅក្នុងឱកាសនោះ ឯកឧត្តម គង់ គឹមនី បានថ្លែងអំពាវនាវ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមជាភារកិច្ចរួមគ្នាត្រូវធ្វើអនាម័យជុំវិញបរិវេណផ្ទះសម្បែង លុបបំបាត់ចោលនូវរាល់សម្ភារសល់ចោលដែលដក់ទឹក (ដូចជា សំបកកង់ឡាន កំប៉ុង ដប សំបកដូង…) ព្រមទាំងផ្លាស់ប្តូរទឹកនៅក្នុងពាង អាង ឬថូផ្កាឱ្យបានទៀងទាត់ និងសហការសម្រួលដល់ក្រុមការងារជំនាញក្នុងការចុះដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះ។
ចំណែកក្មួយៗជាសិស្សសាលាត្រូវធ្វើខ្លួនជាគំរូ និងជាអ្នកនាំសារសុខភាពដ៏ល្អ ដោយផ្តើមចេញពីការសម្អាតបរិវេណសាលារៀន គេងក្នុងមុងជាប្រចាំទាំងថ្ងៃនិងយប់ ព្រមទាំងជួយរំលឹកដល់ឪពុកម្តាយ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឱ្យយកចិត្តទុកដាក់ខ្ពស់លើអនាម័យជានិច្ច។
យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតត្រឹមរយៈពេល ៧ខែ ដើមឆ្នាំ២០២៦ នេះ មន្ត្រីជំនាញសុខាភិបាលបានចុះធ្វើយុទ្ធនាការដាក់ថ្នាំអាប៊ែតបានចំនួន ២លើកហើយ (រាប់បញ្ចូលទាំងលើកនេះ)។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងចន្លោះពេល ៧ខែនេះ ខេត្តមណ្ឌលគិរីបានកត់ត្រានូវករណីអ្នកជំងឺគ្រុនឈាមសរុបចំនួន ១ ១៧៤ ករណី ដែលតម្រូវឱ្យមានការជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្មបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដើម្បីកាត់បន្ថយអត្រាធ្លាក់ខ្លួនឈឺឱ្យមកនៅកម្រិតទាបបំផុត៕


















ចែករំលែកព័តមាននេះ