កុំយកហ្វេសប៊ុកបង្ហោះរឿងគ្រួសារ ! សម្តេចតេជោ ៖ ពេលបែ.ក បា.ក់កុំហែ.កកេរ្តិ៍គ្នាលើហ្វេសប៊ុកកុំឱ្យកូនចៅរងគ្រោះដោយសារជម្លោះឪពុកម្តាយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ថា បើប្តី-ប្រពន្ធឈ្លោះប្រកែករហូតទាស់ទែងលែងលះគ្នា ត្រូវបញ្ឈប់ការជេរប្រមាថហែកកេរ្តិ៍នៅតាមបណ្តាញសង្គមហ្វេសប៊ុក ជៀសវាងភាពមិនល្អ និងទុកកិត្តិយសដល់កូនៗរបស់ខ្លួន ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា បច្ចុប្បន្នម្នាក់ៗឱ្យតែមានបញ្ហាអ្វីកើតឡើង គឺយកបណ្តាញសង្គមធ្វើជាត្រីមុខដើម្បីបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួន ។
ជាក់ស្តែង សម្តេចតេជោ បានសង្កត់ធ្ងន់ថា ៖ បើសិនជាគូស្វាមីភរិយារស់នៅមិនចុះសម្រុងនឹងគ្នា ហើយមានការបែកបាក់ដោយប្រកាន់ណាមួយ មិនគួរជេរហែកហួរគ្នាតាមបណ្តាញសង្គមនោះទេ ព្រោះកាលណាជេរប្រមាថគ្នាត្រឹមតែមួយនាទី ឬត្រឹមមួយម៉ោងនឹងមានអ្នកសម្រុកចូលមើល និងបញ្ចេញមតិទាំងល្អនិងមិនល្អយ៉ាងច្រើនកុះករ ។

សម្តេចតេជោបានគូសបញ្ជាក់ថា ៖«ខ្ញុំសូមអំពាវនាវឱ្យស្ត្រីទាំងឡាយ បុរសទាំងឡាយ ប្រសិនបើការបែកបាក់ទៅ សូមកុំហែកកេរ្តិ៍គ្នាបានទេ ទុកកិត្តិយសឱ្យកូន ឱ្យចៅ ។ ប្រសិនបើយើងយកទៅហែកកេរ្តិ៍ទាំងអស់ តើកូនរបស់យើងរងគ្រោះរបៀបម៉េចទៅថ្ងៃក្រោយ ផ្ទះយើងរបៀបម៉េច ស្នេហារបៀបម៉េចមិនគួរត្រូវបានលាតត្រដាង បើសិនជាយើងមិនខ្មាស់កូនយើងវាខ្មាស់» ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បន្ថែមថា បើមានជម្លោះផ្ទៃក្នុងគ្រួសារ មិនត្រូវជេរប្រមាថគ្នាតាមបណ្តាញសង្គមនោះទេ គួរដោះស្រាយតាមសន្តិវិធី ដើម្បីទុកឱកាសរាប់អានគ្នាជាបងប្អូនល្អជាងការជេរ និងបែកបាក់ដោយមើលមុខគ្នាមិនចំ ៕
ចែករំលែកព័តមាននេះ