នគរបាលក្រុងច្បារមនឃាត់ខ្លួនមុខសញ្ញា ចែកចាយនិងជួញដូរគ្រឿងញៀ.នចំនួន២នាក់ដកហូតវត្ថុតាងជិត៥០កញ្ចប់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួនខណៈដែលជនសង្ស័យកំពុងតែចរាចរណ៍គ្រឿងញៀនហើយកម្លាំងនគរបាល ឆ្មក់ឃាត់ខ្លួនបានជាមួយគ្រឿងញៀនចំនួន៤៧កញ្ចប់។
ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចែកចាយ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន÷ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ទទួលផែនការងារគ្រឿងញៀន។
ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដឹកនាំប្រតិបត្ដិការផ្ទាល់ពីលោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន បានធ្វើការ ស្រាវជ្រាវមុខសញ្ញាសង្ស័យពាក់ព័ន្ធការរក្សាទុកចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមនបាននិយាយឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ សុខ បញ្ញា ហៅម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២-ឈ្មោះ អុល មង្គល ហៅមាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបបមិនពិតប្រាកដ នៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួនជនសង្ស័យដកហូតវត្ថុតាង ម្ស៉ៅក្រាម ពណ៌សថ្លា សង្ស័យថា គ្រឿងញៀនចំនួន៤៧កញ្ចប់តូច -ទូរស័ព្ទដៃស្មាតហ្វូន ម៉ាក (Oppo) ពណ៌ខៀវ ១គ្រឿង។
នគរបាលក្រុងច្បារមនបានបញ្ជាក់ឱ្យដឹងថាក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយនឹងវត្ថុតាង នគរបាលបានកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕






ចែករំលែកព័តមាននេះ