សង្គ្រាមអ៉ីរ៉ង់ ៖ អេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី១៣ សីហា បានបរិហារពីការវាយប្រហាររបស់អ៉ីរ៉ង់លើនាវា២គ្រឿងរបស់ក្រុមហ៊ុនប្រេងរដ្ឋ ABU DHABI NATIONAL OIL COMPANY ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ។ ប្រទេសនេះលើកឡើងថា នោះជាអំពើចោរសមុទ្ររបស់កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងបរិហារថា នោះជាការវាយប្រហារប្រទូស្តរ៉ាយរបស់អ៉ីរ៉ង់សំដៅលើនាវា២គ្រឿងរបស់ក្រុមហ៊ុនដែលជាសាខារបស់ក្រុមហ៊ុនប្រេងជាតិរបស់ខ្លួន ពេលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស ។ ទោះបីយ៉ាងណា ការវាយប្រហារនេះ ពុំមានសេចក្ដីរាយការណ៍ពីមនុស្សណាម្នាក់រងរបួសឡើយ ។

ក្រសួងនោះ លើកឡើងថា ការវាយប្រហារលើបណ្ដានាវាពាណិជ្ចកម្ម និងការប្រើប្រាស់ច្រកសមុទ្រហ័រមូសជាឧបករណ៍ចាប់បង្ខំខាងសេដ្ឋកិច្ច តំណាងឲ្យអំពើចោរសមុទ្រ ប្រព្រឹត្តដោយកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ហើយជាការគំរាមកំហែងដោយផ្ទាល់ដល់ស្ថេរភាពតំបន់ ប្រជាជនតំបន់ និងដល់សន្តិសុខថាមពលពិភពលោក ។

អេមីរ៉ាត់អារ៉ាប់រួមស្នើដល់អ៉ីរ៉ង់ឲ្យបើកច្រកសមុទ្រហ័រមូស ដោយពេញលេញ និងគ្មានលក្ខខណ្ឌ ដើម្បីថែរក្សាសន្តិសុខតំបន់និងថែរក្សាស្ថេរភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ៕
ចែករំលែកព័តមាននេះ