ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ដោយបានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាឧបត្ថម្ភ ទៅប្រគល់ជូនដល់ មណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ ដើម្បីរួមចំណែកសម្រាលជីវភាព និងលើកកម្ពស់សុខុមាលភាពកុមារងាយរងគ្រោះ ។
ក្នុងឱកាសវិធីមនុស្សធម៌នោះ លោកស្រី សន សុខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងក្តីនឹករលឹកបំផុតពីលោកអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង។ លោកស្រីបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចចំពោះសុខទុក្ខ ការរស់នៅ និងអនាគតរបស់កុមារកំព្រា ។
លោកស្រីបានបន្ថែមទៀតថា ការចុះទស្សនកិច្ច និងផ្តល់ជំនួយនាពេលនេះ មិនមែនគ្រាន់តែជាការផ្តល់ស្បៀងអាហារ ដើម្បីសម្រាលការលំបាកចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបញ្ជូននូវ «ក្តីស្រឡាញ់ ភាពកក់ក្តៅ និងជំនឿចិត្ត» ដល់កុមារៗ ឱ្យមានស្មារតីរឹងមាំ មានក្តីសង្ឃឹម និងមានឱកាសធំធាត់ឡើងដោយសមភាព ដូចកុមារទូទាំងប្រទេសផងដែរ ។
អំណោយមនុស្សធម៌ ដែលបានប្រគល់ជូនមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ នាឱកាសនោះ រួមមាន ៖ អង្ករ ១៥០ គីឡូក្រាម មី ៥ កេស ទឹកត្រី ៥ យួរ ទឹកស៊ីអ៊ីវ ៥ យួរ ត្រីខ ៦ យួរ ថវិកាឧបត្ថម្ភ ៦០០,០០០រៀល ។
តំណាងមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់ ព្រមទាំងកុមារៗទាំងអស់ បានសម្តែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ឥតឈប់ឈរ ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដែលតែងតែនៅក្បែរខាង និងផ្តល់ស្នាមញញឹមដល់ពួកគាត់គ្រប់កាលៈទេសៈ ៕




ចែករំលែកព័តមាននេះ