ទីក្រុងវៀងចន្ទន៍៖ អាជ្ញាធរប្រទេសឡាវបានចាប់ខ្លួនមនុស្ស៤នាក់ ដែលសង្ស័យថា ជាសមាជិកបណ្តាញជួញដូរមនុស្ស ដែលបានជ្រើសរើសស្ត្រីឡាវ ដើម្បីរៀបចំអាពាហ៍ពិពាហ៍មិនប្រក្រតីជាមួយជនបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times នៅថ្ងៃទី១៣ ខែសីហានេះ។
ការចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃទី២៣ ខែកក្កដា បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតតាមដានក្រុមនេះទៅដល់ស្រុក ខាំ ខេត្ត សៀងខួង និងភូមិ ណងកែង ក្នុងខណ្ឌ សៃថានី ទីក្រុងវៀងចន្ទន៍។ ការរៀបចំអាពាហ៍ពិពាហ៍ត្រូវបានគេរាយការណ៍ថា មានតម្លៃចន្លោះពី ជាង៧០០ ដល់ជិត១ពាន់ដុល្លារ។
សមត្ថកិច្ចបានចុះឆែកឆេរផ្ទះជួលមួយកន្លែងដែលត្រូវបានសង្ស័យថា ប្រើសម្រាប់រៀបចំជំនួបរវាងស្ត្រីឡាវ និងបុរសជនបរទេស ហើយបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះមានជនបរទេសម្នាក់ដែលមិនទាន់បង្ហាញអត្តសញ្ញាណ។
អាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងស្វែងរកសមាជិកផ្សេងទៀតនៃបណ្តាញនេះ ដើម្បីចាត់វិធានការតាមច្បាប់។
ករណីនេះក៏បង្ហាញពីការព្រួយបារម្ភអំពីការជួញដូរមនុស្សនៅប្រទេសឡាវ ដែលជនរងគ្រោះមួយចំនួនអាចត្រូវបានបោកបញ្ឆោតដោយការសន្យារៀបការជាមួយជនបរទេស ប៉ុន្តែអាចប្រឈមនឹងការបង្ខំឱ្យធ្វើការងារ ឬការកេងប្រវ័ញ្ចផ្សេងៗនៅក្រៅប្រទេស៕
ចែករំលែកព័តមាននេះ