ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់ជនជាតិអង់គ្លេស ការផឹកតែមិនមែនគ្រាន់តែជាទម្លាប់ផឹកភេសជ្ជៈប្រចាំថ្ងៃទេ ប៉ុន្តែជាផ្នែកមួយនៃវប្បធម៌ និងរបៀបរស់នៅដែលបានបន្តមកជាច្រើនសតវត្សរ៍។ តាមទិន្នន័យពីសមាគមតែ និងរុក្ខជាតិរបស់ចក្រភពអង់គ្លេស ប្រជាជននៅទីនោះផឹកតែប្រមាណ ១០០ លានពែងក្នុងមួយថ្ងៃនៃប្រជាជនសរុប។
មូលហេតុសំខាន់មួយ គឺប្រវត្តិសាស្ត្រ។ តែធ្លាប់ជាភេសជ្ជៈប្រណីតនៅក្នុងរាជវាំង និងក្នុងចំណោមអ្នកមាន មុនពេលរីករាលដាលទៅគ្រប់ស្រទាប់សង្គម ហើយក្លាយជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌អង់គ្លេស។
លើសពីនេះ ការផឹកតែក៏ជាមធ្យោបាយសម្រាប់ ជួបជុំ និងបន្ធូរអារម្មណ៍។ ពេលមិត្តភក្តិ ឬមិត្តរួមការងារមានបញ្ហា ការអញ្ជើញឱ្យផឹកតែមួយពែង គឺជាវិធីបង្ហាញការយកចិត្តទុកដាក់ និងការលួងលោមដោយសាមញ្ញ។
វប្បធម៌ Afternoon Tea ឬ “តែពេលរសៀល” ក៏ជាផ្នែកដ៏ល្បីល្បាញមួយរបស់អង់គ្លេស ដោយជាទូទៅផឹកជាមួយនំ លាយក្រែម និងនំប្រៃ។ ការផឹកតែក៏មានភាពងាយស្រួល ដោយគ្រាន់តែមានតែ ទឹកក្តៅ និងទឹកដោះគោបន្តិចប៉ុណ្ណោះ។
អាកាសធាតុត្រជាក់ ភ្លៀង និងអ័ព្ទញឹកញាប់នៅអង់គ្លេស ក៏ជួយធ្វើឱ្យតែក្តៅក្លាយជាភេសជ្ជៈដ៏សមស្របសម្រាប់ជីវិតប្រចាំថ្ងៃ។ ពែងតែក្តៅមួយពែងអាចផ្តល់អារម្មណ៍កក់ក្តៅ និងស្រួលខ្លួននៅថ្ងៃអាកាសធាតុត្រជាក់។
សរុបមក ការដែលជនជាតិអង់គ្លេសចូលចិត្តតែជាងកាហ្វេ មិនមែនដោយសាររសជាតិតែប៉ុណ្ណោះទេ ប៉ុន្តែដោយសារប្រវត្តិសាស្ត្រ វប្បធម៌ ទំនាក់ទំនងសង្គម អាកាសធាតុ និងភាពងាយស្រួលក្នុងការរៀបចំផងដែរ៕
ចែករំលែកព័តមាននេះ