ខេត្តបាត់ដំបង ៖ ក្រុមចោរហាររយ ដែលមានវ័យភាគច្រើនក្រោម ១៨ឆ្នាំ បានព្រូតគ្នាវាយ និងកាប់កម្ទេចកាមេរ៉ាសុវត្ថិភាព និងកាប់បំផ្លាញធុងក្លាស្សេ រួច «ប្លន់» យកស្រាបៀរផឹក នៅក្នុងឃុំនរា ស្រុកសង្កែ កាលពីប៉ុន្មានថ្ងៃមុន ពេលនេះត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ក្របួចកបានចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួកចំនួន ០៦នាក់ ពេលពួកគេកំពុងជិះម៉ូតូ «អូសកាំបិត» បែកផ្កាភ្លើងលើដងផ្លូវ ទាំងកណ្ដាលអធ្រាត្រ ក្នុងចេតនាកំញើញអ្នកស្រុក ដែលកំពុងដេកលក់ ។
របាយការណ៍ព្រឹត្តិការណ៍អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានឲ្យដឹងថា ក្រុមនេះ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋានក្រុង ដេញស្ទាក់ក្របួចកបាននៅវេលាម៉ោង០២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ សីហា ពេលពួកគេនាំគ្នាជិះម៉ូតូអូស «កាំបិត» លើដងផ្លូវកៅស៊ូ ត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិដែលរស់នៅក្បែរថ្នល់ ។
បើផ្អែកលើវ័យជាក់ស្ដែង ក្រុមនេះភាគច្រើន មិនទាន់ជ្រុះពន្លៃពីក្បាលនៅឡើយទេ តែពួកគេបានក្លាយខ្លួនជាជនកាចសាហាវបាត់ទៅហើយ។ ជនទាំង ០៣នាក់ ដែលកម្លាំងអធិការដ្ឋានក្រុងបាត់ដំបង ឃាត់ខ្លួនបានរួមមាន ៖
ទី១.ឈ្មោះ សេង ម៉េងយូរ ភេទប្រុស អាយុ ១៥ ឆ្នាំ
ទី២.ឈ្មោះ ជួប ណារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ (ជនទាំង ២នាក់នេះ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង)
ទី៣.ឈ្មោះ រ៉ាត់ វីរៈ ភេទប្រុស អាយុ ១៥ ឆ្នាំ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ។
ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចដកហូតម៉ូតូ ០១គ្រឿង ដែលជិះធ្វើសកម្មភាព និងកាំបិត ០១ដើម ដែលជិះម៉ូតូអូសបែកផ្កាភ្លើងពេញថ្នល់ ព្រមទាំងមានជំពាមកៅស៊ូ ផងដែរ ។
តាមរយៈរបាយការណ៍ដដែល អធិការនគរបាលក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បាននិយាយថា ពេលដែលកម្លាំងរបស់លោកដេញស្ទាក់ចាប់ខ្លួនបានជាក់ស្ដែង គឺពួកគេប្រព្រឹត្តបទល្មើស «ជិះម៉ូតូអូសដាវតាមថ្នល់កណ្ដាលយប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ» ប៉ុន្តែក្រោយសួរនាំបឋម ទើបបែកធ្លាយពីសកម្មភាពរបស់ពួកគេ ដែលប្រព្រឹត្តបទល្មើសនៅក្នុងទឹកដីសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងនៅទឹកដីឃុំនរា ស្រុកសង្កែ ដែលកើតឡើងស្ទើរព្រមៗគ្នាក្នុងយប់តែមួយ មុនត្រូវឃាត់ខ្លួនបានប៉ុន្មានថ្ងៃ ។
លោកអធិការ បានបញ្ជាក់ក្នុងរបាយការណ៍ថា ក្រុមជនសង្ស័យវ័យក្មេងទាំងនេះ បានសារភាពទទួលស្គាល់ នូវទង្វើដែលពួកខ្លួនបានប្រព្រឹត្ត។ ពួកគេបានប្រាប់ថា មូលហេតុ ដែលពួកគេជិះម៉ូតូអូសកាំបិតលើថ្នល់បែកផ្កាភ្លើងកណ្ដាលអធ្រាត្រនោះ គឺមានចេតនាចង់«ឌឺដាក់អ្នកដទៃ» ប៉ុន្តែម៉ោងនោះ អ្នកដទៃដេកលក់អស់ហើយ ។
កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ សីហា មានជនអន្ធពាលចំនួន ០២ក្រុម ដែលគេសង្ស័យជាបក្ខពួកតែមួយ ប្រដាប់ដោយកាំបិត និងដំបង បានជិះម៉ូតូដើរធ្វើសកម្មភាពគួរឲ្យខ្លាច នៅលើទឹកដីឃុំនរា ស្រុកសង្កែ។ ជនមួយក្រុម បានធ្វើសកម្មភាពកាប់កម្ទេចធុងក្លាស្សេនៅខាងមុខតូបលក់ដូរមួយកន្លែង នៅភូមិបាឡាត់ ឃុំនរា។ ក្រោយកាប់កម្ទេចធុងក្លាស្សេ ពួកវាបាន«ប្លន់» យកគ្រឿងកំប៉ុងផឹកអស់គ្មានសល់ ជាពិសេសស្រាបៀរ ដែលម្ចាស់ក្លាស្សេទុកក្នុងធុង។
ដោយឡែកនៅឯភូមិតាកុក ឃុំនរាដដែល គេសង្ស័យជាបក្ខពួកតែមួយ បានធ្វើសកម្មភាពមុនក្រោយគ្នាដៃតែបន្តិចប៉ុណ្ណោះ។ គេឃើញក្រុមនេះមានគ្នា ០៣នាក់ បានប្រើកាំបិត និងដំបង វាយនិងកាប់កម្ទេច «កាមេរ៉ាសុវត្ថិភាព» បណ្ដាលឲ្យដាច់ធ្លាក់មកដី ខូចខាតជាច្រើនគ្រាប់។ នេះបើកយោងលើរូបភាពជាភស្ដុតាង ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ស្ថិតនៅទីតាំងជ្រុងម្ខាងទៀត ។
កាមេរ៉ាសុវត្ថិភាព បានបង្ហាញពីសកម្មភាពក្រុមនេះ ដែលមានចរិតកាចសាហាវបំផុត ដូចធ្លាប់មានគំនុំជាមួយម្ចាស់ផ្ទះពីពេលណាអ៊ីចឹង ជាដំបូងគេឃើញក្រុមទាំង ០៣នាក់នោះ បានសម្រុកដើរចូលទៅកាប់ផ្ដាច់កាមេរ៉ាសុវត្ថិភាព ទម្លាក់ពីលើបង្គោលជាមុន ទើបពួកគេនាំគ្នាចេញទៅ តែគេមិនដឹងថា តើពួកគេបានលួច ឬប្លន់យកអ្វីខ្លះទេ ព្រោះពេលនោះពួកគេចេញផុតពីកញ្ចក់កាមេរ៉ា បាត់ទៅហើយ។ ប៉ុន្តែបើតាមមន្ត្រីមូលដ្ឋានថា ក្រោយពីកាប់បំផ្លាញកាមេរ៉ា ពួកវាក៏កាប់កម្ទេចធុងក្លាស្សេ «ប្លន់» យកគ្រឿងកំប៉ុងដូចគ្នា ។
ក្នុងអំពើ «ចោរកម្ម» នេះ បើតាមមន្ត្រីជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបង ដែលបានស្រង់ចម្លើយសារភាពរបស់ក្រុមចោរហាររយ ពួកគេបានសារភាពអស់ហើយថា ពួកគេពិតជាបានប្រព្រឹត្តមែន។ ពួកគេបានសារភាពទៀតថា ពួកគេមានបក្ខពួកសរុបចំនួន ០៦នាក់ តែចំនួន ០៣នាក់ទៀត ដែលមានវ័យមិនទាន់ជ្រុះពន្លៃពីក្បាលដូចគ្នា បានរត់គេចខ្លួនអស់ហើយ ៕






ចែករំលែកព័តមាននេះ