ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់ច្រានចោលការអះអាងរបស់អាម៉េរិកថា ច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ

4 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ អ៊ីរ៉ង់បានច្រានចោលការអះអាងរបស់មន្ត្រីអាម៉េរិកថា​ច្រកសមុទ្រ Hormuz ត្រូវបានបើកឡើងវិញ​ដោយបញ្ជាក់ថា ផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់នេះនៅតែបិទ ហើយនឹងមិនបើកឡើងវិញទេ រហូតដល់លក្ខខណ្ឌរបស់អ៊ីរ៉ង់ត្រូវបានទទួលយក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី១៣ ខែសីហានេះ។

អាជ្ញាធរទទួលបន្ទុកចរាចរណ៍ផ្លូវទឹកក្នុងឈូងសមុទ្រពែរ្សរបស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការអះអាងរបស់មន្ត្រីអាម៉េរិកមិនអាចផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅច្រក Hormuz បានឡើយ។

ការបដិសេធនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក​ដូណាល់ ត្រាំ​បានអះអាងថា សហរដ្ឋអាម៉េរិកមាន «ការគ្រប់គ្រងពេញលេញ» លើច្រកសមុទ្រនេះ និងនឹងបន្តរក្សាការគ្រប់គ្រងនោះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ក៏បានបញ្ជាក់ថា ច្រក Hormuz នឹងនៅតែបិទ រហូតដល់អាម៉េរិកផ្លាស់ប្តូរជំហរ និងទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់ រួមទាំងការបញ្ចប់សង្គ្រាម និងការដោះស្រាយបញ្ហាទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក។

អ៊ីរ៉ង់ក៏កំពុងពិភាក្សាជាមួយអូម៉ង់អំពីការកំណត់ផ្លូវថ្មីសម្រាប់ការធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រ ប៉ុន្តែអ៊ីរ៉ង់បានចាត់ទុកបញ្ហានេះថា ដាច់ដោយឡែកពីការបើកច្រក Hormuz ឡើងវិញ។

ច្រកសមុទ្រ Hormuz​គឺជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនថាមពលពីតំបន់ឈូងសមុទ្រពែរ្សទៅកាន់ទីផ្សារអន្តរជាតិ។ ការបិទ ឬការរំខានដល់ការធ្វើនាវាចរណ៍នៅទីនេះ អាចបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្ម និងទីផ្សារថាមពលពិភពលោក៕