ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះស្រាយរួចរាល់ហើយ! សល់២ផ្ទះទុកពេល​ឱ្យ​៧ថ្ងៃត្រូវតែរុះរើ​

45 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ចំនួន ២​ខ្នង​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​បេតុង​អតីត​ផ្លូវ​រថភ្លើង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សីកែវ ​ជូនដំណឹង​ឲ្យ​ម្ចាស់​​រុះរើ​ចេញ​ដោយ​ទុក​រយៈពេល​៧ ថ្ងៃ បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​ដោះស្រាយ​ដី​ចំនួន ៣​ឡូ​តិ៍​នៅ​តំបន់ អភិវឌ្ឍន៍​ព្រែក​អូរ​វែង​ជូន​តាម​សំណើ​របស់​លោកស្រី ជាម្ចាស់​រួច​ហើយ​។

តាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ស្តី​ពី​ការ​តម្រូវ​ឱ្យ​រុះរើ​សំណង់​ខ្នង​ផ្ទះ និង​សម្ភារៈ​ផ្សេង​ៗ​ដែល​ប៉ះពាល់​ដល់​ការ​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ រថភ្លើង​)​ដែល​បាន​ជម្រាប​ជូន​-​លោក គឹ​ម សីហា (​តំណាង​ក្រុម​គ្រួសារ​លោក គឹ​ម ហួរ​) អាសយដ្ឋាន​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ​រថភ្លើង​) ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង លោកស្រី ម៉េ​ង សុខា អាសយដ្ឋាន​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ​រថភ្លើង​) ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ រថភ្លើង​) ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួច និង​ស្ថាបនា​ជា​ផ្លូវ​បេតុង​សម្រេច​បាន​ប្រមាណ ៩៨% ហើយ​នៅ​សល់ ២​ទីតាំង​ប៉ុណ្ណោះ ដែល​ពុំ​ទាន់​រុះរើ​ចេញ ក្នុង​នោះ​មាន​ទីតាំង​លំនៅ​ដ្ឋា​ន​របស់ លោក​-​លោកស្រី​ផង​ដែរ ស្ថិត​នៅ​ភូមិ​ចុង​ខ្សាច់ និង​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ទី​១​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឯកភាព​ដោះស្រាយ​ដី​ចំនួន ៣​ឡូ​តិ៍​នៅ​តំបន់ អភិវឌ្ឍន៍​ព្រែក​អូរ​វែង​ជូន​តាម​សំណើ​របស់​លោកស្រី ។

បច្ចុប្បន្ន​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ​រថភ្លើង​) ដែល​បាន​ស្ថាបនា​ស្ទើរ រួចរាល់​ទាំងស្រុង​ខាងលើ បាន​នឹង​កំពុង​ប្រើប្រាស់​ជា​ឧត្តម​ប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ធ្វើ​ចរាចរ​ទៅ​មក យ៉ាង​មមាញឹក ប៉ុន្តែ​មានការ​កកស្ទះ​ជា​ប្រចាំ​ថ្ងៃ នៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​មុខ​វត្ត​ទួល​សង្កែ ដោយហេតុ​ទីតាំង​លំនៅ​ដ្ឋា​ន របស់​លោកស្រី​ពុំ​ទាន់​រុះរើ​ចេញ​នៅឡើយ ។

តាម​សេចក្តី​ជូនដំណឹង​បាន​ឲ្យ​តឹង​ទៀត​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ទៅ​មក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូច​ជា​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ប្រចាំ​ថ្ងៃ និង​ការ​ស្ថាបនា​សម្រេច​ផ្លូវ​បេតុង​ថ្មី (​អតីត​ផ្លូវ​រថភ្លើង​) ឱ្យ​បាន​រួចរាល់​ជា​ស្ថាពររដ្ឋបាល​ខណ្ឌឫស្សីកែវ តម្រូវ​ឲ្យ លោកស្រី រុះរើ​សំណង់​ខ្នង​ផ្ទះ និង​សម្ភារៈ ផ្សេង​ៗ​ចេញពី​ដី​ផ្លូវ​ខាងលើ ក្នុង​រយៈពេល ០៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ហើយ​សូម​លោកស្រី មក​ទទួល​យក​ដី​ឡូ​តិ៍​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ជូន​តាម​រយៈ​មន្ត្រី​ទទួល​បន្ទុក​ការងារ​របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ (​ជា​រៀងរាល់ថ្ងៃ​ធ្វើការ​) ។ ក្នុង​ករណី លោកស្រី មិន​សហការ​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ រដ្ឋបាល​ខណ្ឌ នឹង​ចាត់​វិធាន ការ​រដ្ឋបាល​ចុះ​រុះរើ​ដោយ​ពុំ​ទទួលខុសត្រូវ​លើ​ការ​ខូចខាត ឬ​បាត់បង់​ផលប្រយោជន៍​អ្វី​ឡើយ ។

គួរ​បញ្ជាក់​ថា ផ្លូវ​បេតុង​អតីត​ផ្លូវ​រថភ្លើង ត្រូវ​បាន​បើក​ការដ្ឋាន​ស្ថាបនា​តាំងពី​ចុងឆ្នាំ ២០១៦​តាំងពី​ជំនាន់​លោកប៉ា សុ​ជាតិ​វង្ស​នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ​។​នៅ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​បាន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់​។​

ក្រោយមក​ផ្លូវ​នេះ​ត្រូវ​បានបង្រួម​កាត់​បន្ថយ​ផល​ប៉ះពាល់ ​។ ​ទោះបីជា​យ៉ាងណា ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ឯកភាព​ទទួលយក​នូវ​ដំណោះស្រាយ​តែ​មួយ​ចំនួន​នៅ​ក្រាញ់ននៀល​។​លុះ​ក្រោយមក​ក៏​បាន​ទទួលយក​ដំណោះស្រាយ​ជា​បន្តបន្ទាប់​រហូត​នៅ​សល់​តែ​២​ផ្ទះ​ដែល​តម្រូវ​ឲ្យ​រុះរើ​នៅ​ពេល​នេះ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕​