ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆមាស​ទី​១ឆ្នាំ​២០២៦ ​សមត្ថកិច្ច​ពិន័យ​យានយន្ត​លើ្ម​ស​ជាង​១​ម៉ឺន​គ្រឿង និង​ដក​ពិន្ទុ​បណ្ណ​បើកបរ​ជាង​១​ម៉ឺន​ពិន្ទុ

47 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៦​នេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​អនុវត្ត​វិធានការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បាន​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន១៤.៨៦៧​គ្រឿងនៅ​ទូ​ទាំង​ប្រទេស ​។ នេះ​បើ​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចេញផ្សាយ​ក្នុង​កិច្ចប្រជុំ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​អធិបតីភាព ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ កាលពី​ថ្ងៃ​ទី​១១ ខែសីហា​កន្លង​ទៅ​នេះ​ ។

បើ​តាម​របាយការណ៍ក្នុង​ចំណោម​នោះ ទោចក្រយានយន្ត ឬ​ម៉ូតូ និង​ត្រី​ចក្រ យានយន្ត មាន៩.៣៤៤​គ្រឿង ភាគច្រើន​ល្មើស​ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព​៦៣​ភាគរយ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​២៣​ភាគរយ មិន​គោរព​សញ្ញា​១៣​ភាគរយ និង​គ្មាន​ផ្លា​ក​លេខ​សម្គាល់​១​ភាគរយ ​។ ចំណែក​រថយន្ត​មាន​៥.៥២៣​គ្រឿង ក្នុង​នោះ​ រថយន្ត​ធុន​ធ្ងន់​៧០​គ្រឿង ខណៈ​អត្រា​ល្មើសមាន​ជា​អាទិ៍ បើកបរ​លើស​ល្បឿន​កំណត់៤៧​ភាគរយ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង៣៤​ភាគរយ មិន​គោរព​សញ្ញា​ចរាចរណ៍​១២​ភាគរយ គ្មាន​បណ្ណ​បើកបរ ៥​ភាគរយ និង​គ្មាន​ផ្លា​ក​លេខ​សម្គាល់២​ភាគរយ​ ។

ក្រៅពី​ការ​ផាកពិន័យ​នៅ​នឹង​កន្លែង សមត្ថកិច្ច​ក៏​បាន​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​តាម​រយៈ​ឧបករណ៍​បច្ចេកទេស​សរុប១៥.២១០​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២.២២៦​នាក់​។ ការ​ដក​ពិន្ទុ​ទាំងនោះ​រួម​មាន ដក​ពិន្ទុ៣៩៥​ពិន្ទុ​លើ​អ្នក​បើក​ម៉ូតូ​ល្មើស​ចំនួន ៩.៤៦៧​គ្រឿង ដក​ពិន្ទុ ១០.៤១០​ពិន្ទុ​លើ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ចំនួន​៥.៦៣២​គ្រឿង និង​ដក​ពិន្ទុ​៨៧​ពិន្ទុ លើ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ចំនួន​១១១​គ្រឿង​។ ដល់​ចំនួន​កំណត់​មួយ សមត្ថកិច្ច​និង​ដកហូត​បណ្ណ​បើកបរ​ទាំងនោះ​តែ​ម្ដង​។

សូម​បញ្ជាក់ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប ១.២៧៩​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ៧៧៣​នាក់ និង​របួសធ្ងន់ ស្រាល​សរុប ១.៩៤៤​នាក់​។ សម្រាប់​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន បើកបរ​លើស​ល្បឿន​កំណត់ ៤៦​ភាគរយ មិន​គោរព​សិទ្ធិ​អាទិភាព ២២​ភាគរយ មិន​ប្រកាន់​ស្ដាំ ១២​ភាគរយ ប្រជែង​គ្រោះថ្នាក់​៧​ភាគរយ បត់​មិន​ប្រ​យ​ត្ន​៦​ភាគរយ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ៤​ភាគរយ មិន​គោរព​សញ្ញា​ចរាចរណ៍​២​ភាគរយ និង​កត្តា​យានយន្ត​១​ភាគរយ​៕