ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ-​អង្គការ IOM ពិភាក្សា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ គាំទ្រ​ជន​ទេសន្តរប្រវេសន៍​ខ្មែរ​ ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី នេ​លី ហ្កូ​សៃ​នី (Nellie Ghusayni) ប្រធាន​បេសកកម្ម​អង្គការ​អន្តរជាតិ​ ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​នៅ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​បង្ហាញ​វឌ្ឍនភាព​ការងារ​នៃ​គម្រោង ការ​ស្តារ​ជីវភាព និង​ធ្វើ​សមាហរណកម្ម​ឡើង​វិញ​របស់​អតីតជន​ទេសន្តរប្រវេសន៍​ខ្មែរ ព្រមទាំង​ពិភាក្សា​ពី​វិធានការ ក្នុង​ការ​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​-​សង្គម​ឡើង​វិញ ភាព​មានការ​ងារ​ធ្វើ ការ​ទទួលស្គាល់​ជំនាញ​ពី​មុន និង​ការ​បណ្តុះបណ្តាល​ជំនាញ ព្រមទាំង​ការ​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោកស្រី នេ​លី ហ្កូ​សៃ​នី ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​រវាង IOM និង​កម្ពុជា ជា​ពិសេស​ផ្នែក​ទេសន្តរប្រវេសន៍​ការងារ ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ការ​អភិវឌ្ឍ​ជំនាញ ការ​ផ្តល់​ឱកាស​ការងារ ការ​គាំទ្រ​ការ​ធ្វើ​សមាហរណកម្ម​ឡើង​វិញ និង​ការ​គាំទ្រ​ក្នុង​ការ​បង្កើត​អាជីវកម្ម​ធុន​តូច​និង​មធ្យម​ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា កន្លង​មក​ទោះបី​មាន​អតីតជន​ទេសន្តរប្រវេសន៍​ខ្មែរ វិល​ត្រឡប់​មក​វិញ ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ក៏​ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ការងារ​ជា​សេនាធិការ​មាន​វិធានការ​យ៉ាង​ឆាប់រហ័ស និង​ប្រសិទ្ធភាព​ក្នុង​ការ​ទទួល ការ​ការពារ ការ​ធ្វើ​សមាហរណកម្ម​ចូល​ទីផ្សារ​ការងារ និង​ផ្តល់​ឱកាស​ការងារ​ដល់​មូលដ្ឋាន​សម្រាប់​ពួក​គាត់​។ ជាមួយ​ការ​គាំទ្រ​ពី IOM ក្រសួង​ក៏​បាន​រៀបចំ​ការ​ធ្វើតេស្ដ​ទទួលស្គាល់​ជំនាញ​ពី​មុន និង​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វគ្គ​ខ្លី​ដោយ​ឥត​គិតថ្លៃ ដើម្បី​ឱ្យ​អតីតជន​ទេសន្តរប្រវេសន៍​ខ្មែរ​អាច​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ឬ​ធ្វើការ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​នានា​ផង​ដែរ​។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ពី​សេចក្តី​ព្រាង​ គោលនយោបាយ​ស្តី​ពី​ទេសន្តរប្រវេសន៍​ការងារ ដែល IOM នឹង​ផ្តល់​ជំនួយ​បច្ចេកទេស ​ក្នុង​ការ​រៀបចំ​គោលនយោបាយ​ ឱ្យ​កាន់តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​ ។ ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​បរទេស​ នៅ​កម្ពុជា ក៏​ដូច​ជា​យន្តការ​របស់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់ ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ក្នុង​បទល្មើស​អន​ឡាញ ក៏​ត្រូវ​បាន​លើកយក​មក​ជជែក និង​ទទួល​បានការ​កោតសរសើរ ​ពី​សំណាក់​ភាគី IOM ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប លោកស្រី នេ​លី ហ្កូ​សៃ​នី បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ ក្នុង​កិច្ច​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា និង​គ្រប់​ជ្រុងជ្រោយ ព្រមទាំង​បាន​សម្តែង​នូវ​ក្តី​រីករាយ ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហការ ដោយ​លោកស្រី​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ IOM ក្នុង​ការ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង ដោយ​នឹង​ជួយ​បន្ត​ផ្សព្វផ្សាយ​អំពី​ឱកាស​ការងារ​ ទៅ​តាម​មូលដ្ឋាន​នានា និង​បន្ត​ផ្ដល់​ការ​គាំទ្រ​ដល់​អតីតជន​ទេសន្តរប្រវេសន៍​ខ្មែរ ជា​ពិសេស​ក្នុង​ការ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វគ្គ​ខ្លី និង​បង្កើត​មុខរបរ​នៅ​ក្នុង​ខេត្ត​គោលដៅ​ សំខាន់​ៗ​នៅ​ជាប់​ព្រំដែន ៕ អត្ថបទសហការ