ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​រៀបចំ​បង្កើត​ទិដ្ឋាការ​ថ្មី បែងចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​អ្នក​បង្កើត​មាតិកា និង​អ្នក​សារព័ត៌មាន

44 វិនាទី មុន

ទីក្រុង​ហ្សា​ការ​តា ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​កំពុង​រៀបចំ​បង្កើត​ប្រភេទ​ទិដ្ឋាការ (Visa) ថ្មី​មួយ សម្រាប់​ផ្តល់​ជូន​អ្នក​បង្កើត​មាតិកា​ជនជាតិ​បរទេស ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​នេះ ចង់​បែងចែក​ឱ្យ​បាន​ច្បាស់លាស់​រវាង​ការ​ផលិត​មាតិកា​ឌី​ជី​ថ​ល​បែប​ពាណិជ្ជកម្ម និង​សកម្មភាព​សារព័ត៌មាន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន Vietnam Express (VnExpress) ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦​។

បើ​តាម លោក Happy Reza Dipayuda ប្រធាន​អនុ​នាយកដ្ឋាន​សេវាកម្ម​ទិដ្ឋាការ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ស្ថិត​ក្រោម​ក្រសួងអន្តោប្រវេសន៍​ឥណ្ឌូ​ណេ​ស៊ី បាន​លើក​ឡើង​ថា ទិដ្ឋាការ​ប្រភេទ C5A ដែល​បាន​ស្នើ​ឡើង​នេះ នឹង​ត្រូវ​បង្កើត​ឡើង​សម្រាប់​ផ្តល់​ជូន​ជនបរទេស​ដែល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ផលិត​មាតិកា​ឌី​ជី​ថ​ល រួម​ទាំង​សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ការ​សហការ​ជាមួយ​អាជីវកម្ម និង​ក្រុមហ៊ុន​ផ្សេង​ៗ​។ ចំណែក​ទិដ្ឋាការ​អ្នក​សារព័ត៌មាន​ប្រភេទ C5 ដែល​មាន​ស្រាប់ នឹង​បន្ត​ផ្តល់​ជូន​ជនបរទេស​ដែល​ចូល​មក​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​បំពេញការងារ​ជា​អ្នក​សារព័ត៌មាន​។

លោក​បាន​បន្ថែម​ថា អ្នក​សារព័ត៌មាន និង​អ្នក​បង្កើត​មាតិកា អាច​ផលិត​មាតិកា​បាន​ដូច​គ្នា គ្រាន់តែ​តួនាទី និង​ទំនួល​ខុស​ត្រូវ​ខុស​គ្នា ដោយ​អ្នក​សារព័ត៌មាន​ធ្វើការ​ឱ្យ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​តម្រូវ​ឱ្យ​អនុវត្ត​តាម​ស្តង់ដារ​វិជ្ជាជីវៈ​សារព័ត៌មាន ខណៈ​ដែល​អ្នក​បង្កើត​មាតិកា​អាច​ផលិត​មាតិកា​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម​។

លោក​បាន​គូសបញ្ជាក់​ថា ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ចំនួន​អ្នក​បង្កើត​មាតិកា​អន្តរជាតិ បាន​បង្ហាញ​អំពី​តម្រូវការ​សម្រាប់​ប្រភេទ​វី​សា​ឯកទេស​មួយ​។ បើ​ទោះបីជា​អ្នក​បង្កើត​មាតិកា​មិនមែន​ជា​អ្នក​សារព័ត៌មាន​ក៏​ដោយ ក៏​ការងារ​របស់​ពួក​គេ​អាច​ផ្សព្វផ្សាយ​ទៅ​ដល់​មនុស្ស​រាប់​លាន​នាក់ និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​មតិ​សាធារណៈ ដូច្នេះ​ហើយ​ទិដ្ឋាការ​ប្រភេទ​ថ្មី​ដែល​បាន​ស្នើ​ឡើង គឺ​មាន​បំណង​ផ្តល់​នូវ​ក្រប​ខណ្ឌ​ផ្លូវច្បាប់​កាន់តែ​ច្បាស់លាស់​សម្រាប់​សកម្មភាព​បែប​នេះ​។

សំណើ​ទិដ្ឋាការ C5A កំពុង​តែ​ត្រូវ​បាន​ពិនិត្យ​ដោយ​ក្រសួងការបរទេស​ឥណ្ឌូ​ណេ​ស៊ី និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត រហូត​ទាល់តែ​បទ​ប្បញ្ញត្តិ​ថ្មី​នេះ​ចូល​ជា​ធរមាន​នោះ អ្នក​ផលិត​មាតិកា​បរទេស​ដែល​មក​ឥណ្ឌូ​ណេ​ស៊ី ត្រូវ​តែ​ប្រើប្រាស់​ទិដ្ឋាការ​សម​ស្រប​នឹង​សកម្មភាព​របស់​ពួក​គេ ដូច​ជា​ទិដ្ឋាការ C14 សម្រាប់​សកម្មភាព​ផលិត​មាតិកា​មួយ​ចំនួន​៕