ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ឡាន​អគ្គិសនី​ជាស​កល​ក្នុង​ខែកក្កដា​កើនឡើង ពិសេស​តំបន់​អឺរ៉ុប លើកលែងតែ​នៅ​ចិន និង​អា​មេ​រិ​ក​ខាងជើង

3 ម៉ោង មុន

អន្តរជាតិ ៖ តម្រូវការ​សកល​សម្រាប់​រថយន្ត​អគ្គិសនី​បាន​កើនឡើង​ក្នុង​រយៈពេល​៥​ខែ​ជាប់​គ្នា​ក្នុង​ខែកក្កដា ដោយសារ​ការ​ជំរុញ​ពី​កំណើន​ដ៏​រឹង​មាំ​ក្នុង​តំបន់​អឺរ៉ុប ខណៈ​ពេល​ដែល​ការ​លក់​មានការ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ចិន និង​តំបន់​អា​មេ​រិ​ក​ខាងជើង​។

យោង​តាម​ការ​ចេញផ្សាយ​ពី Reuters ដោយ​ស្រង់​ទិន្នន័យ​ពី​ទីភ្នាក់ងារ​រាយការណ៍​តម្លៃ និង​ប្រឹក្សា​យោបល់ Benchmark Mineral Intelligence (BMI) កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ការ​លក់​រថយន្ត​អគ្គិសនី​សុទ្ធ (BEV) ព្រមទាំង​រថយន្ត​កូនកាត់​ម៉ាស៊ីន​សាំង និង​អគ្គិសនី (Plug-in Hybrid) ជាស​កល​ក្នុង​ខែកក្កដា​បាន​កើនឡើង ៩% ធៀប​នឹង​ឆ្នាំ​មុន ពោល​កើនឡើង​ដល់ ១,៨៥ លាន​គ្រឿង ដែល​ធ្វើ​ឱ្យ​ចំនួន​លក់​សរុប​គិត​ចាប់តាំងពី​ដើមឆ្នាំ​រហូត​មក​ទល់​ពេល​នេះ កើន​ដល់ ១១,៥ លាន​គ្រឿង​។

តួលេខ​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​ដើរ​ផ្ទុយ​គ្នា​រវាង​ទីផ្សារ​រថយន្ត​អគ្គិសនី ធំ​ៗ នៅ​លើ​ពិភពលោក ដោយ​ក្នុង​នោះ​ការ​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន​ជួយ​គាំទ្រ​ដល់​តម្រូវការ​ទីផ្សារ ខណៈ​ដែល​ទីផ្សារ​សហរដ្ឋអាមេរិក​បាន​រង​ផល​ប៉ះពាល់ ដោយសារ​ការ​លុប​ចោលការ​បន្ធូរ​បន្ថយពន្ធ​សហព័ន្ធ​លើ​រថយន្ត​អគ្គិសនី ហើយ​ចំណែកឯ​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ឯណោះ​វិញ ក៏​កំពុង​តែ​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការ​នាំ​ចេញ​ដើម្បី​ជំរុញ​កំណើន​។

ទិន្នន័យ​ពី BMI បាន​បង្ហាញ​ថា ការ​លក់​រថយន្ត​អគ្គិសនី​នៅ​អឺរ៉ុប​កើនឡើង ៣៣% ដល់ ៤៥ ម៉ឺន​គ្រឿង ជំរុញ​ឱ្យ​កំណើន​សរុប​ចាប់តាំងពី​ដើមឆ្នាំ​រហូត​ដល់​ពេល​បច្ចុប្បន្ន​ឡើង​ដល់ ២៨%​។ កំណើន​ដ៏​ខ្លាំងក្លា​នេះ​កើតឡើង​ដោយសារ​ទីផ្សារ​ធំ​ៗ នៅ​អឺរ៉ុប​ទទួល​បាន​មក​វិញ​នូវ​គោលនយោបាយ​ឧបត្ថម្ភ​ធន​លើ​រថយន្ត​អគ្គិសនី​ក្នុង​រយៈពេល​១៨​ខែ​កន្លង​មកនេះ​។ តួយ៉ាង ទីផ្សារ​ធំ​ៗ​នៅ​អឺរ៉ុប ដូច​ជា​ប្រទេស​បារាំង​បាន​កត់ត្រា​កំណើន​លក់​រថយន្ត​អគ្គិសនី​ចំនួន ៨១% អា​ល្លឺ​ម៉​ង់ ៤៦% និង​ចក្រភព​អង់គ្លេស ៤៣%​។

ផ្ទុយ​ពី​ការ​កើនឡើង​នៅ​អឺរ៉ុប ក្រឡេក​ទៅ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន​ឯណោះ​វិញ ការ​លក់​នៅ​ក្នុង​ខែកក្កដា​បាន​ធ្លាក់​ចុះ ៥% មក​នៅ​ត្រឹម​ប្រមាណ ៩៨ ម៉ឺន​គ្រឿង​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ការ​លក់​ក្នុង​តំបន់​អា​មេ​រិ​ក​ខាងជើង​បាន​ធ្លាក់​ចុះ ២៧% នៅ​ត្រឹម ១៤ ម៉ឺន​គ្រឿង បន្ទាប់​ពី​ការ​បញ្ចប់​ការ​ផ្តល់​ឥណទាន​ពន្ធ​លើ​រថយន្ត​អគ្គិសនី​របស់​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​បើ​និយាយ​អំពី​ការ​លក់​សម្រាប់​តំបន់​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក បាន​ហក់​ឡើង​រហូត​ដល់ ៩៧% ពោល​ចំនួន ២៨ ម៉ឺន​គ្រឿង​៕