ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និងទីភ្នាក់ងារ SDC ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ជំនាញ និង​មូលធន​មនុស្ស​ឱ្យ​សម្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ

4 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី សូន​យ៉ា អែ​ល​ម័​រ ឌែ​ត​ថែ​លបាក​ឃើ (Sonya Elmer DETTELBACHER) អនុប្រធាន​ថ្មី​នៃ​ទីភ្នាក់ងារ​ស្វ៊ី​ស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ (SDC) នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ឈ្វេងយល់​ពី​អាទិភាព​ការងារ និង​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​ក្រសួង ព្រមទាំង​ផ្លាស់​ប្តូរ​យោបល់​អំពី​កា​រវិ​វត្ត​ថ្មី​ៗ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​សម្តែង​នូវ​ការ​អបអរសាទរ​យ៉ាង​កក់ក្តៅ ​ចំពោះ​លោកស្រី សូន​យ៉ា អែ​ល​ម័​រ ឌែ​ត​ថែ​លបាក​ឃើ ដែល​ទទួល​បានការ​តែងតាំង​តួនាទី​ថ្មី ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​រដ្ឋាភិបាល​ស្វ៊ី​ស និង SDC សម្រាប់​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​និង​ដ៏​សំខាន់​ជាមួយ​កម្ពុជា ​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​គម្រោង​ជា​ច្រើន​ ជាមួយ SDC ដែល​ជួយ​ធានា ​នូវ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ​សម្រាប់​ឆ្លើយ​តប​ដ៏​នឹង​អាទិភាព​កម្ពុជា ជា​ពិសេស​ការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​សង្ឃឹមថា​ ការ​ដឹកនាំ​របស់​លោកស្រី​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹង​មាំ ដោយ​ធានា​រាល់​គម្រោង​កំពុង​អនុវត្ត​រួម​គ្នា ​នឹង​សម្រេច​បាន​លទ្ធផល​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ ។

ជាមួយនឹង​ការ​ជម្រាប​ជូន​ពី​ទស្សនវិស័យ​ សំខាន់​ៗ​របស់​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ដែល​មិន​អាច​កាត់​ផ្តាច់ ​ពី​គ្នា​បាន​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​ធនធានមនុស្ស ព្រោះ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ ផលិតភាព ភាព​ប្រកួតប្រជែង និង​បរិ​យា​បន្ន​ ។ ឯកឧត្តម​បាន​លើក​ឡើង​ពី​តួនាទី​ដ៏​សំខាន់​នៃ TVET ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ ជា​ពិសេស​តាម​រយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​ឡើង​វិញ និង​ការ​លើកកម្ពស់​ជំនាញ សម្រាប់​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​កម្រិត​ទាប និង​មធ្យម ខណៈ​ដែល​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្ពស់​លើ​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ក្រុម​ងាយ​រង​គ្រោះ សិស្ស​បោះបង់​ការ​សិក្សា ឬ​អតីត​ពលករ​ ។

កម្ពុជា​ក៏​កំពុង​លើកកម្ពស់​គុណភាព TVET និង​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដូច​ជា ការ​សិក្សា​ផ្អែក​លើ​ការងារ និង​ការ​ហាត់​ការងារ​ជាដើម ​។ កម្ពុជា​ប្តេជ្ញា​លើកកម្ពស់​ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដែល​មាន​ជំនាញ​ប្រកបដោយ​សុវត្ថិភាព និង​ស្របច្បាប់ ពង្រឹង​ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពួក​គាត់ ព្រមទាំង​ការ​ធ្វើ​សមាហរណកម្ម​ប្រកបដោយ​ផលិតភាព ​សម្រាប់​អតីត​ពលករ​ទេសន្តរប្រវេសន៍​ ។ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​ពី​អនុវត្ត គន្លង​អប់រំ​ថ្មី ដែល​ផ្តល់​ឱកាស​អប់រំ​ប្រកបដោយ​ភាព​ បត់បែន​សម​ស្រប​តាម​លទ្ធភាព តម្រូវការ និង​គោលដៅ​អាជីព​របស់​សិស្ស និង​បាន​គូសបញ្ជាក់​ថា កម្ពុជា​នៅ​តែ​បើកចំហ ​ចំពោះ​វិធីសាស្ត្រ​ប្រកបដោយ​នវានុវត្តន៍ និង​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ ដើម្បី​ជួយ​ឱ្យ​កម្លាំង​ពលកម្ម​អាច​សម្រប​ខ្លួន​បាន​ទៅ​នឹង​កាលានុវត្តភាព និង​បញ្ហា​ប្រឈម​ដែល​កើត​ចេញ ពី​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ ។

ជា​ការ​ឆ្លើយ​តប លោកស្រី សូន​យ៉ា អែ​ល​ម័​រ ឌែ​ត​ថែ​លបាក​ឃើ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុង​កិច្ច​ពិភាក្សា​ប្រកប​ផលិតភាព និង​បាន​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ ដ៏​យូរអង្វែង និង​ល្អ​ប្រសើរ​ជាមួយ​ក្រសួង ក៏​ដូច​ជា​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​និង​ច្បាស់លាស់​របស់​កម្ពុជា​ ។ លោកស្រី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​បន្ត​ធ្វើការ​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ ជា​ពិសេស​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ភាព​ជា​ដៃគូ​កម្ពុជា​-​ស្វ៊ី​ស នឹង​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ស៊ីជម្រៅ​ដោយ​ឈរ​លើ​ស្មារតី​នៃ​ការ​ជឿ​ទុកចិត្ត ការ​គោរព​គ្នា និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ចំពោះ​ការ​អភិវឌ្ឍ​ ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​យូរអង្វែង​ដល់​ប្រជាពលរដ្ឋ បងប្អូន​កម្មករនិយោជិត និង​សម្រេច​បាន​នូវ​អាទិភាព​អភិវឌ្ឍន៍​ជាតិ ​៕ អត្ថបទសហការ