ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្តូរ​ទិស​ដៅ ដោយ​ទុក​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​មួយ​ឡែក រួច​ចាត់​ទុក​ការ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ជា​អាទិភាព​កំពូល

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តាម​ការ​លើក​ឡើង​របស់​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក JD Vance កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បានឱ្យ​ដឹង​ថា អាទិភាព​កំពូល​របស់​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន​ក្នុង​សង្គ្រាម​អ៊ី​រ៉​ង់ មិនមែន​ជា​កម្មវិធី​នុយក្លេអ៊ែរ​ទៀត​នោះ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ​សម្រាប់​អ្នក​ប្រើប្រាស់​អា​មេ​រិ​ក ខណៈ​រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក លោក Scott Bessent បាន​បន្ថែម​ថា ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​ដើម្បី​ដាក់​គំនាប​លើ​អ៊ី​រ៉​ង់​នឹង​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ទាំង​ពីរ​រូប បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដែល​អ៊ី​រ៉​ង់​ទទួល​បាន តាម​រយៈ​ការ​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។ លោក Vance បាន​ថ្លែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ Fox News ថា ការ​រារាំង​មិន​ឱ្យ​អ៊ី​រ៉​ង់​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ តែង​លើក​ឡើងជា​និច្ច​ថា​ជា​មូលហេតុ​ចម្បង​របស់​លោក​ក្នុង​ការ​ធ្វើសង្គ្រាម​នោះ ឥឡូវនេះ​បាន​ក្លាយជា​អាទិភាព ទី​២​ហើយ បន្ទាប់​ពី​ការ​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ប្រេង​ដោយ​សេរី​ឡើង​វិញ​តាម​ច្រក​ហ័​រ​មូស ដែល​ជា​ច្រក​សមុទ្រ​ផ្គត់ផ្គង់​ដឹក​ជញ្ជូន​ប្រេង​ដ៏​សំខាន់​។

អ៊ី​រ៉​ង់​បាន​បិទ​ច្រក​សមុទ្រ​នេះ​ស្ទើរតែ​ទាំងស្រុង​ដើម្បី​ជា​ការ​សងសឹក ហើយ​តាម​រយៈ​នេះ ពួក​គេ​បាន​រក​ឃើញ​លក្ខខណ្ឌ​ចរចា​ដ៏​សំខាន់​មួយ​ប្រឆាំង​នឹង​លោក ត្រាំ ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​តែ​ប្រឹងប្រែង​ស្វែងរក​ផ្លូវ​ចេញពី​សង្គ្រាម និង​កំពុង​តែ​រារែក​ក្នុង​ការ​ចាប់ផ្តើម​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ​។ ស្រប​ពេល​ដែល​ការ​គាំទ្រ​ពី​ពលរដ្ឋ​អា​មេ​រិ​ក​សម្រាប់​ប្រធានាធិបតី​វ័យ​៨០​ឆ្នាំ​រូប​នេះ ចំពោះ​សង្គ្រាម​មួយ​នេះ កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក ហើយ​ការ​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​ក៏​កំពុង​ខិត​ជិត​មក​ដល់​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​ផង​ដែរ​។ គណបក្ស​សាធារណរដ្ឋ​បារម្ភ​ថា លោក ត្រាំ និង​សង្គ្រាម​អ៊ី​រ៉​ង់ ដែល​បណ្តាល​ឱ្យ​តម្លៃ​ប្រេងសាំង​ហក់​ឡើង​ខ្ពស់ នឹង​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​ការ​គ្រប់គ្រង​ក្នុង​សភា​។

លោក Vance បាន​បញ្ជាក់​ប្រាប់ Fox News យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ដឹង​ថា​ថ្ងៃនេះ​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ហើយ​បាន​ធ្លាក់​ចុះ​ខ្លាំង​បើ​ធៀប​នឹង​តម្លៃ​ដ៏​ខ្ពស់​កាលពី​ថ្ងៃ​ដំបូង​នៃ​ជម្លោះ​។ នោះ​ហើយ​ជា​គោលដៅ​ទី​១ គឺ​ការ​រក្សា​ប្រេង និង​ហ្គា​ស​ឱ្យ​មាន​តម្លៃ​ថោក​សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​ទូ​ទាំង​ប្រទេស ហើយ​បន្ទាប់​មក ជាក់ស្តែង​ណាស់ គោលដៅ​ទី​២ គឺ​ធានា​ថា អ៊ី​រ៉​ង់​មិន​អាច​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​ឡើយ​»៕ ប្រភព ៖ AFP