ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូក្យូប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះដំណើរទស្សនកិច្ចរបស់លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ដែនដីមានទំនាស់

3 ម៉ោង មុន

រុ​ស្ស៊ី​-​ជប៉ុន ៖ រុ​ស្ស៊ី និង​ជប៉ុន​ បាន​រិះគន់​គ្នា​ខ្លាំងក្លា​ កាលពី​ថ្ងៃ​ទី​១៣​ សីហា បន្ទាប់​ពី​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​
រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន នៅ​ប្រជុំ​កោះ​គូ​រី​ល​ជា​ដែនដី​មាន​ទំនាស់​គ្នា​ខ្លាំងក្លា​ រវាង​ប្រទេស​ទាំង​២​ក្រោយ​សង្គ្រាមលោក​លោក​
ទី​២​មក ​។

ទំនាក់ទំនង​រវាង​រុ​ស្ស៊ី និង​ជប៉ុន ​មាន​ភាព​តានតឹង​ជុំវិញ​កោះ​៤​នៃ​ប្រជុំ​កោះ​នោះ ដែល​កងទ័ព​សូ​វៀត​ដណ្ដើម​យក​តាំងពី​ឆ្នាំ​១៩៤៥ នា​បណ្ដា​ថ្ងៃ​ចុង​ក្រោយ​នៃ​សង្គ្រាមលោក​លើក​ទី​២​មក ​។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​សាខា​លី​ន​នៅ​ចុង​បូព៌ា​រុ​ស្ស៊ី ​ដែរ​មក លោកពូ​ទី​ន​នា​ថ្ងៃ​ទី​១៣ ​សីហា​ បាន​ទៅ​កាន់​កោះ​ ITOUROUP ជា​កោះ​១ ក្នុង​ចំណោម​កោះ​៤​ ដែល​មាន​ជម្លោះ​នា​ភាគ​ភាគ​ខាងត្បូង​ ប្រជុំ​កោះ​គូ​រី​ល​ ។ នៅ​ទីនោះ​ លោក​បាន​ទស្សនា​រោងចក្រ​កែ​ច្នៃ​ត្រី​មួយ​កន្លែង​ ។

នៅ​សាខា​លី​ន​លោកពូ​ទី​ន​ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ស្ដី​ពី​ការ​ធានា​រ៉ាប់រង​សន្តិសុខ​នៅ​តាម​ព្រំដែន​ភាគ​ខាងកើត​រុ​ស្ស៊ី ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី ​RIA NOVOSTI ។ នោះ​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​លោកពូ​ទី​ន​នៅ​ដែនដី​នេះ បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក​ឌី​មី​ទ្រី​ម៉េ​ដ​វេ​ដេ​វ​កាលពី​ឆ្នាំ​២០១០ ដែល​លោក​ជា​ប្រធានាធិបតី​រុ​ស្ស៊ីដំបូង​គេ​ទៅ​កាន់​ទីនោះ នាំ​ឲ្យ​ជប៉ុន​ខឹងសម្បារ​រួច​មក​ហើយ ​។

ក្រុង​តូ​ក្យូ​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ទស្សនកិច្ច​នេះ​របស់​លោកពូ​ទី​ន នៅ​កោះ ​ITOUROUP ដោយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី​សា​ណា​អ៊ី​​តា​កាអ៉ី​​ជី​ថ្លែង​ថា ទស្សនកិច្ច​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាជន​ជប៉ុន ដែល​ពិតជា​មិន​អាច​ទទួលយក​បាន​ឡើយ​។ យើង​តវ៉ា​យ៉ាង​ម៉ឺង​ម៉ាត់​ ។ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក​តូ​ស៊ី​​មី​តស៊ូ​ម៉ូ​តេ​ហ្ស៊ី​​វិញ បាន​កោះហៅ​ឯក​អ​គ្គ​​រដ្ឋ​ទូត​រុ​ស្ស៊ី ប្រចាំ​ប្រទេស​ជប៉ុន លោក​នី​កូ​ឡៃ​ណូ​ស​ដ្រេ​វ ដើម្បី​បញ្ជូន​ការ​តវ៉ា​ដ៏​ខ្លាំងក្លា​មួយ ​។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី ​លោកស្រី​ម៉ា​រី​យ៉ា​ហ្សា​ខា​រ៉ូ​វ៉ា ​បាន​បដិសេធ​ថា នោះ​ជា​ការ​រិះគន់​ដែល​គ្មាន​មូលដ្ឋាន ហើយ​បរិហារ​នយោបាយ​ប្រឆាំង​រុ​ស្ស៊ី​​របស់​ជប៉ុន ក្នុង​សេចក្ដី​ប្រកាស​មួយ​លោកស្រី​អះអាង​ថា អធិបតេយ្យភាព​របស់​រុ​ស្ស៊ី លើ​កោះ​ទាំងនេះ ​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​ ។ លោកស្រី​បន្ត​ថា បណ្ដា​មេដឹកនាំ​ជប៉ុន​មិន​អាច​រារាំង​ថា​ តើ​តំបន់​ណា​នៃ​ដែនដី​រុ​ស្ស៊ី​​ដែល​មេដឹកនាំ​របស់​ខ្លួន​អាច ​ឬ​មិន​អាច​ទៅ​បំពេញ​ទស្សនកិច្ច​ឡើយ​ ។

ពេល​ទៅ​កាន់​តំបន់​ប្រជុំ​កោះ​គូ​រី​លបើក​សមយុទ្ធ​ជើង​ទឹក​របស់​កង​នាវាចរណ៍​ប៉ា​ស៊ី​ហ្វិ​ក​រុ​ស្ស៊ី លោកពូ​ទី​ន​ កាលពី​ថ្ងៃ​ទី​១២​ សីហា​បាន​គំរាម​តប​ចំពោះ​បណ្ដា​ប្រទេស​ដែល​ចាប់​នាវា​នៃ​កង​នាវា​ខ្មោច​របស់​រុ​ស្ស៊ី​ ដឹក​ប្រេង​និង​ទំនិញ​ពង្វាង​ទណ្ឌកម្ម​ពួក​លោក​ខាងលិច​ ។ លោក​ហៅ​សកម្មភាព​ទាំងនោះ​ថា ​ជា​សក​ម្ម​ភាព​ចោរ​សមុទ្រ​ និង​អំពើ​ប្លន់ ហើយ​លោក​ថ្លែង​ថា ប្រសិនបើ​មានរឿង​បែប​នេះ នោះ​រុ​ស្ស៊ី​​នឹង​តបត​វិញ​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ បើ​យល់​ថា​ចាំបាច់​និង​សម​ស្រប​ទោះជា​នៅ​ទីណា រួម​ទាំង​នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​​ហ្វិ​ក​ផង​ដែរ ​៕