ហែកទ្វារផ្ទះរុលចូលបានពាក់កណ្តាលខ្លួន ប៉ងលួចទ្រព្យសម្បត្តិ ត្រូវម្ចាស់ឃើញទាន់ ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពហែកទ្វារដែករុលចូលក្នុងផ្ទះបានពាក់កណ្ដាលខ្លួន ហើយត្រូវម្ចាស់ឃើញទាន់ក៏ឃាត់តែម្ដង។
ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆិល សំណាង (ហៅម៉ាញ ) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិស្រេច ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ចំណែកម្ចាស់ផ្ទះមានឈ្មោះ ណន សុខុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិស្រេច ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបានបន្តឲ្យដឹងទៀតថា បើយោងតាមការរៀបរាប់របស់ម្ចាស់ផ្ទះ នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចូលទាញហែកទ្វារផ្ទះ បណ្តាលឱ្យដាច់របើកទ្វារ ហើយជនសង្ស័យបានឈានជើងចូលក្នុងផ្ទះបានពាក់កណ្តាលខ្លួន ក៏ត្រូវបានម្ចាស់ផ្ទះមកទាន់ និងឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្តកិច្ច អនុវត្តតាមច្បាប់តែម្តង។ ជនសង្ស័យខាងលើឃាត់ខ្លួនយកមកអធិការដ្ឋាននគបាលស្រុក ដើម្បីសួរនាំ។ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជា បានរុលចូលផ្ទះពលរដ្ឋខាងលើ ពិតប្រាកដមែនក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិដែលមានតម្លៃ ។
នគរបាលស្រុកគងពិសីបានបញ្ជាក់ឲ្យដឹងថាក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ