ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​រាលដាល​ក្រុម​ចោរ​ហា​រយ​ចាប់ផ្ដើម​អុកឡុក​ទឹកដី​ឃុំ​ន​រា កា.ប់​កម្ទេច​កាមេរ៉ា​សុវត្ថិភាព​ មុន​ពេល​ដើរ​កា.ប់កម្ទេច​​ធុង​ក្លា​ស្សេ​«​ប្ល.ន់​»​យក​ស្រា​​ផឹក

1 នាទី មុន

ខេត្តបាត់ដំបង ​៖ គេ​មិន​ទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​សមាសភាព​ក្រុម​ចោរហារយ ដែល​កំពុង​​បង្ក​ការ​អុកឡុក​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរ​ដ្ឋ​រស់នៅ​ក្នុង​​ឃុំ​ន​រា ស្រុក​សង្កែ នៅឡើយ​ទេ​ ។ ប៉ុន្តែ​ក្រុម​ចោរ​វ័យ​ឈាមរាវ​ទាំងនោះ បាន​ប្រើប្រាស់​ដំបង និង​កាំបិត វាយ​និង​កាប់​កម្ទេច​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ភូមិ រួច​ធ្វើ​សកម្មភាព​ «​ប្លន់​» យក​គ្រឿង​ស្រវឹង​រហូត​ដល់​ទៅ​២​លើក​ផ្ទូ​ន​ៗក្នុង​រយៈ​ពេល​ត្រឹម​​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយ​គេច​​ខ្លួន​ដោយ​សុវត្ថិភាព ​។

​អ្នក​ភូមិ​បាន​រាយ​ការ​ណ៏​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា នេះ​​ថា ក្រុម​ចោរ​ហា​​រយ​វ័យ​ជំទង់​ៗ​​បាន​នាំ​គ្នា​ជិះ​​ម៉ូតូ​ដើរ​ប្រព្រឹត្ត​អំពើ​ «​ទុច្ចរិត​» នៅ​ក្នុង​មូលដ្ឋាន​ចំនួន​០២​លើក​ជា​បន្ត​បន្ទាប់ក្នុង​ឃុំ​ន​រា តែ​គេ​មិន​ទាន់​ដឹង​ថា ពួក​គេ​ជា​ក្រុម​តែ​មួយ​ ឬ​យ៉ាងណា​នោះ​ទេ​ ។    ប្រភព​ដដែល​បាន​និយាយ​ថា ហេតុ​ការ​ណ៍​ទាំង​០២​លើកបាន​កើតឡើង​ស្ទើរ​ព្រម​ៗ​គ្នា ​នៅ​វេលា​ម៉ោងជាង​១​រំលងអ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១ សីហា​ ។​ ទី​១-កើតឡើង​នៅ​ភូមិ​បាឡាត់ ឃុំ​ន​រា ដោយ​ជន​អន្ធពាល​មួយ​ក្រុម ​មាន​គ្នា​ប្រហែល​ពី​៥​ ទៅ​៦​នាក់ ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង ​។ ​ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​កាប់កម្ទេច​​ធុង​ក្លា​ស្សេ​នៅ​ខាង​មុខ​តូប​លក់ដូរ   ដឹក​យក​ទៅ​គាស់​កម្ទេច​​ចោល​រួច​«​ប្លន់​»​យក​គ្រឿង​​កំប៉ុង​ផឹក​អស់​គ្មាន​សល់ ជា​ពិសេស​«​ស្រា​បៀរ​»​ ។​ ទី​២-​គេ​មិនដឹង​ថា ជា​ក្រុម​ដដែល​ ឬ​ក្រុម​ផ្សេង​នោះ​ទេ បាន​កើតឡើង​នៅ​ភូមិ​តា​កុក ​ឃុំ​ន​រាដដែល ​។

​ក្រុម​ចោរ​នោះ​​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ផ្ដាច់ ឬ​វាយកម្ទេច «​កា​មេ​រ៉ា​​សុវ​ត្ថិ​ភាព​» អស់​ជា​ច្រើន​គ្រាប់​ដែល​ម្ចាស់​បំពាក់​នៅ​ខាង​មុខ​ផ្ទះ​លក់ដូរ ​មុន​ពេល​ចូល​លួច​ទ្រព្យសម្បត្តិ​ ។   បើ​តាម​ប្រភព​ព័​ត៌​មាន ក្រោយ​ពី​កាប់​ផ្ដាច់ ឬ​វាយ​បំផ្លាញ​កាមេរ៉ា​សុវត្ថិភាព ក្រុម​ចោរ​ដែល​គេ​អះអាង​ថា វ័យក្មេង​ៗ​ទាំងនោះ បាន​កាប់​បំផ្លាញ​ធុង​ក្លា​ស្សេ​ «​ប្លន់​» ​យក​គ្រឿង​កំប៉ុង​ទៅ​ផឹក​ផង​ដែរ ​។ ប៉ុន្តែ​ចៃដន្យ​អី ​មុន​ពេល​ក្រុម​ជន​អន្ធពាល​កាប់​បំផ្លាញ​កាមេរ៉ា ​ គឺ​កាមេរ៉ា​បាន​ថត​ជាប់​សកម្មភាព​ក្រុម​ចោរ​ហា​​រយ​នេះ​បាន​សព្វគ្រប់​អស់​ទៅ​ហើយ ​។

​ពាក់ព័ន្ធ​នឹង​ករណី​ទី​២ ​បើ​ពិនិត្យ​មើល​ពី​សកម្មភាព​ក្រុម​ចោរ​ហា​​រយ  ដែល​កាមេ​រ៉ា​សុវត្ថិភាព​​ថត​​ជាប់​នៅ​វេលា​ម៉ោង​១ ​និង​១២​នាទី​រំលងអ​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ សីហា   គេ​ឃើញ​ក្រុម​ជន​អន្ធពាល​ចំនួន​០៣​នាក់​ ប្រដាប់​ដោយ​កាំបិត​ និង​ដំបង​វែង​ៗ ​ដំបូង​ពួក​គេ​បាន​ដើរ​ចូល​យ៉ាង​គ​គ្លើ​ន​ទៅ​កាប់​កម្ទេច​​កាមេរ៉ា​សុវត្ថិភាព​ចំនួន​០២​ទីតាំង​នៅ​ក្បែរ​គ្នា​នោះ ធ្លាក់​​រប៉ាត់រប៉ាយ​មក​លើ​ដី ​ហើយ​ពួក​គេ​បាន​រត់​ចេញ​ ។​

ប៉ុន្តែ​គេ​មិនដឹង​ថា តើ​ក្រោយ​កាប់កម្ទេច​​កាមេរ៉ា ​ពេល​នោះ​ពួក​គេ​បាន​ «​ប្លន់​» ​យក​អ្វីខ្លះ​ទេ​ ។ ​ព្រោះ​កាមេរ៉ា​សុវត្ថិភាព ថត​ជាប់​តែ​មួយ​ជ្រុង ​ដែល​ពួក​គេ​បាន​លើក​កាំបិត​ ឬ​ដំបង​វាយ  ឬកាប់​ទម្លាក់​កាមេរ៉ា​ចំនួន​០២​កន្លែង​ ។ ​សកម្មភាព​ក្រុម​ជន​អន្ធពាល​ទាំងនេះ បាន​បង្ហាញ​ពី​ភាព​សាហាវ​ឃោរ​ឃៅ​សម្បើម​​ដៃ​ណាស់ទៅ​លើ​ទ្រព្យសម្បត្តិ និងការ​រស់នៅ​របស់​ប្រជា​ពលរ​ដ្ឋ​ ។  ជា​ពិសេស​ក្រុម​នេះ កំពុង​បង្ក​អសន្តិសុខ បង្ក​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរ​ដ្ខ​នៅ​ក្នុង​មូលដ្ឋាន ​ដែល​សមត្ថកិច្ច​មិន​អាច​គ្រប់គ្រង​បាន​ ។

​គួរ​រំ​លឹ​ក​ផង​ដែរ​ថា កាលពី​ដើមខែកក្កដាកន្លង​ទៅ​នេះ  ក្រុម​ចោរ​ហា​​រយ​ដែល​មាន​សមាសភាព​​ស្រ​ដៀង​ៗ​គ្នានេះ បាន​ធ្វើ​សកម្មភាព​អុកឡុក​អ្នកស្រុក​បាណ​ន់ស្ទើរ​រាល់​យប់​ ។     ក្រុម​​ចោរ​វ័យ​ឈាមរាវ​​ទាំងនោះ នាំ​គ្នា​ជិះ​ម៉ូតូ​ទាំង​ក្រុម​ៗ អូស​ដាវ​តាម​ថ្នល់​បែក​ផ្កាភ្លើង​ទាំង​កណ្ដាល​យប់​ ។

​មិនតែប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​តូប​លក់ដូរ​ «​ប្លន់​»​ យក​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​កាប់​កម្ទេច​​ធុង​ក្លា​ស្សេ​ «​ប្លន់​» ​យក​គ្រឿង​កំប៉ុង​ ។ ​ជា​ពិសេស ​ស្រា​បៀរ យក​ទៅ​ផឹក​អ​ស់​គ្មាន​សល់​ ។   ទីបំផុត  ក្រោយ​ពី​កំណត់​បាន​នូវ​មុខសញ្ញា​ជន​ដៃដល់  ​កម្លាំង​អធិការ​ស្រុក​បាណ​ន់  បាន​បើក​យុទ្ធនាការ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ  តាម​ចាប់ខ្លួន​បក្ខ​ពួក​ក្រុម​ចោរ​ហា​​រយ​នេះ បានជា​បន្តបន្ទាប់​រហូត​ដល់​ទៅ​១៧​នាក់  បញ្ជូន​ទៅ​កាន់​ទ្វារ​ខ្មៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ ។

​ជំងឺ​សង្គម​ដ៏​កាច​សាហាវ​មួយ​នេះ   ហាក់​មិន​បានជា​សះស្បើយ​ត្រឹម​នៅ​ស្រុក​បាណ​ន់​ទេ​។    ផ្ទុយ​ទៅ​វិញ ពេល​នេះ ​វា​​បែរជា​ឆ្លង​រាលដាល​មក​ដល់​ទឹកដី​ស្រុក​សង្កែ  ដោយ​ចាប់ផ្ដើម​អុក​ឡុក​ជា​លើក​ដំបូង​ដ៏​គួរ​ឲ្យ​ខ្លាច​ដល់​ប្រជា​ពលរ​ដ្ឋ​នៅ​ក្នុង​ឃុំ​ន​រា ។​ ហើយ​សកម្មភាព​ក្រុម​ចោរ​ហា​រយ​ដែល​ប្រព្រឹត្ត​នៅ​ក្នុង​ទឹកដី​ឃុំ​ន​រា​នេះ ​មិន​ខុស​ពី​សកម្មភាព​ក្រុម​ចោរ​ហា​​រយ​ធ្វើ​សកម្ម​ភាព​ក្នុង​ទឹកដី​ស្រុក​បាណ​ន់​ឡើយ​ ។ ​ពួក​គេ​ប្រើប្រាស់​កាំបិត និង​ដែក​បំពង់​ទីប​ដូច​គ្នាវាយកម្ទេច​​ទ្រព្យសម្បត្តិ និង​«​ប្លន់​»​ដូច​គ្នា ​។

​ប៉ុន្តែ​យ៉ា​ង​ណា  ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រង​គ្រោះ​នៅ​ស្រុក​បាណ​ន់បាន​ធូរទ្រូង​ច្រើន​ហើយ  នៅ​ឡើយ​​តែ​ប្រជាពលរដ្ឋ​នៅ​ស្រុក​​សង្កែទេ ​ដែល​ក្រុម​ចោរ​វ័យ​ឈាមរាវ​ទើប​ចាប់ផ្ដើម​បង្ហាញ​ពី​សកម្មភាព​គួរ​ឲ្យ​ខ្លាច ​។​

មន្ត្រី​រដ្ឋបាល​ស្រុក​សង្កែ​ម្នាក់​បាន​ប្រាប់​ដែរ​ថា  ពេល​នេះ ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​រួច​ហើយ តែ​លទ្ធផល​យ៉ាងណា​​ពី​សមត្ថ​កិក​ច្ច​នោះ  អ្នក​ភូមិ​បាន​និង​កំពុង​រង់​ចាំ​មើល​ពី​ស្នាដៃ​លោក​​សមត្ថកិច្ច​ហើយ​ ៕