ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងដាក់បទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត បញ្ចប់ការពិនិត្យ និងដោះស្រាយខ្សែព្រំប្រទល់រដ្ឋបាលមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៦

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ជំរុញ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត​ ដោះស្រាយ​បញ្ហា​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ និងសង្កាត់​ ឱ្យ​បាន​ចប់​សព្វគ្រប់​ ត្រឹម​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២៦ ខាង​មុខ​នេះ​ ។

យោង​តាម​លិខិត​មួយ​ច្បាប់​របស់​ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា កន្លង​មក ក្រសួងមហាផ្ទៃ​បាន​ដាក់​ចេញ​គោលការណ៍ និង​លិខិត​ណែនាំ​ជា​បន្ត​បន្ទាប់ ដើម្បី​ជំរុញ​ការ​ពិនិត្យ ការ​កំណត់ និង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ឱ្យ​បាន​ច្បាស់លាស់​ត្រឹម​ត្រូវ និង​ស្រប​តាម​លិខិត​បទដ្ឋាន​គិត​យុ​ត្ត​ជា​ធរមាន​ ។ ជា​លទ្ធផល រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ភាគច្រើន​បាន​យកចិត្តទុកដាក់​សហការ​ពិនិត្យ ផ្ទៀងផ្ទាត់ និង​ដោះស្រាយ​ដោយ​បាន​ឯកភាព​គ្នា​លើ​ខ្សែ​ព្រំប្រទល់​រដ្ឋបាល​របស់​ខ្លួន​បាន​ត្រឹមត្រូវ​គួរ​ឱ្យ​កត់សម្គាល់​ ។

ប្រភព​បន្ត​ថា ​ទោះជា​យ៉ាងណា​ ក៏​នៅ​មាន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន​មិន​ទាន់​បាន​ចាត់ចែង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នៅឡើយ ដោយ​បាន​ព្រមព្រៀង​និង​ឯកភាព​គ្នា​កំណត់ ឬ​កែប្រែ​ព្រំប្រទល់​រដ្ឋបាល​នៅ​ត្រឹម​ដែន​សមត្ថ កិច្ច​ថ្នាក់​រដ្ឋបាល​របស់​ខ្លួន ដែល​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ឬ​ជា​ទ​ង្វើ​មិន​ស្របច្បាប់​ដែល​មាន​បញ្ញត្តិ​ក្នុង​ជំពូក​ទី​២ ផ្នែក​ទី​៥ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ ។

លិខិត​បាន​លើក​ឡើង​ថា ​ផ្អែក​តាម​ស្មារតី​មាត្រា​៧​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា​៦ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ បាន​កំណត់​ថា «​ការ​បង្កើត ការ​លុប​ចោល និង​ការ​កែប្រែ​ព្រំប្រទល់​ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ត្រូវ​សម្រេច​ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​» ​។ ចំណែកឯ​ «​ការ​បង្កើត ការ​លុប​ចោល និង​ការ​កែប្រែ​ព្រំប្រទល់​រាជធានី ខេត្ត ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ» ដោយ​អនុលោម​តាម​មាត្រា​៦ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

ព្រំប្រទល់​ឃុំ សង្កាត់ ត្រូវ​បាន​រៀបចំ និង​កំណត់​ឡើង​វិញ​ដោយ​អនុលោម​តាម​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ឆ្នាំ​២០០១ ដែល​បាន​ចែង​ថា “​ដើម្បី​មាន​មូលដ្ឋាន​សម្រាប់​រៀបចំ​បោះ​ឆ្នោត​ជ្រើ ស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​គ្រប់​គ្រ ង​ឃុំ សង្កាត់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​ចេញ​ប្រកាស​អំពី​ចំនួន ឈ្មោះ និង​ព្រំប្រទល់​របស់​ឃុំ សង្កាត់ ក្នុង​ទឹកដី​នៃ ព្រះរា​ជា​ណាចក្រ​កម្ពុជា​ឱ្យ​បាន​៩​ខែ​មុន​ កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នា អាណត្តិ​ដំបូង​នេះ​» ​។

អនុវត្ត​តាម​ស្មារតី​ច្បាប់​នេះ ក្រសួង​មហាផ្ទៃ​បាន​ដាក់​ចេញ​នូវ​ប្រកាស​លេខ​៤៩៣ ប្រក ចុះ ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០០១ ស្តី​ពី​ការ​កំណត់​ចំនួន ឈ្មោះ និង​ព្រំប្រទល់​ឃុំ សង្កាត់​ទូ​ទាំង​ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​ព្រំប្រទល់​ឃុំ សង្កា​ត់​នេះ ​ត្រូវ​បាន​ប្រើ​ប្រាស់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ព្រំប្រទល់​ឃុំ សង្កាត់​មួយ​ចំនួន ត្រូវ​បាន​ធ្វើការ​កែប្រែ​ជា​បន្ត​បន្ទាប់ ស្រប​តាម​ការ​គ្រប់​គ្រង​រដ្ឋបាល ការ​អភិវឌ្ឍ​មូលដ្ឋាន ការ​ផ្តល់​សេវា​សាធារណៈ ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​តម្រូវការ​ជាក់​ស្តែង​របស់​មូលដ្ឋាន ស្រប​តាម​ច្បាប់​ជា​ធរមាន ​។

ទោះបីជា​យ៉ាងនេះ​ក្តី ផែនទី​ព្រំប្រទល់​ឃុំ សង្កាត់​ ដែល​បាន​រៀបចំ​រួច​នេះ ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះ​នៅ​ពេល ធ្វើការ​កំណត់​ព្រំប្រទល់​នៅ​លើ​ដី​ជាក់ស្តែង​នៅ​កន្លែង​មួយ​ចំនួន ដែល​តម្រូវ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ធ្វើការ​ពិនិត្យ រួម​គ្នា សម្របសម្រួល និង​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់​នៅ​កន្លែង​ដែល​ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់​​ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ដើម្បី​ធានា​ឱ្យ​ការងារ​កំណត់​ព្រំប្រទល់​រដ្ឋបាល​នៅ​គ្រប់​ថ្នាក់​រដ្ឋបាល​ដែល​នៅ​មិន​ទាន់​បាន​ពិនិត្យ និង​ដោះស្រាយ​បញ្ចប់​បាន​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​ច្បាប់ និង​ទាន់​ពេលវេលា​កំណត់ ខ្ញុំ​សូម​ធ្វើការ​ណែនាំ​ដល់ ឯកឧត្តម លោក​ជំទាវ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​ដឹកនាំ​ជំរុញ និង​ពិនិត្យ​ដោះស្រាយ​ការងារ​ព្រំប្រទល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​ឱ្យ​បាន​ចប់​សព្វ​គ្រប់យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៦​។

នៅ​ពេល​ឯកភាព​គ្នា​បញ្ចប់​ការ ដោះ​ស្រា​យ​រួចរាល់​លើ​ខ្សែ​ព្រំប្រទល់​រដ្ឋបាល ត្រូវ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ប្រជុំ​ផែនទី និង​រៀបចំ​សំណើ សំណុំ​ឯកសារ​បច្ចេកទេស រួច​បញ្ជូន​មក​ក្រសួងមហាផ្ទៃ ដើម្បី​មាន​មូលដ្ឋាន​គ្រប់គ្រាន់​គោរព​រាយការណ៍ និង​ស្នើ​សុំ គោលការណ៍​ពិនិត្យ​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ ៕