ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​បន្ត ! ព្យុះ​ទី​១៧ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៦ សីហា នឹង​មាន​ខ្យល់​បោកបក់​ខ្លាំង

36 វិនាទី មុន
  • ភ្នំពេញ


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បានឱ្យ​ដឹង​ថា ព្យុះ​ទី​១៧ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​១៦ ខែសីហា ឆ្នាំ​២០២៦​នឹង​ធ្វើ​ឱ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ឥទ្ធិពល​ខ្យល់ព្យុះ​បោកបក់​ខ្លាំង​របស់​ក្រសួង​ធនធានទឹក​បានឱ្យ​ដឹង​ថា សម្ពាធ​ទាប​ដែល​កំពុង​កើត​នៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច​នឹង​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​១៧ នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦ រួម​ជាមួយនឹង​ព្យុះ
​ទី​១៦ ឈ្មោះ ភី​លូ (Peilou) T2616 ព្យុះ​ទី​១៥ ឈ្មោះ​ចាន់​ហម (Chan-hom) T2615 និង​ព្យុះសង្ឃរា​ទី​១៣ ឈ្មោះ​ដូ​ល​ហ្វី​ន (Dolphin) T2613 មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​និរតី ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​នៃ​ព្យុះ​ទាំងនេះ​ទេ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៦ នឹង​អាច​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​ដែល ក្នុង​នោះ​នៅ តំបន់​វាលទំនាប​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​នឹង​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​ក្នុង​ល្បឿន​១៥​ម៉ែត្រ​/​វិនាទី​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​នឹង​មាន​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​ក្នុង​ល្បឿន​២០​ម៉ែត្រ​/​វិនាទី​។ ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​នឹង​មាន​ខ្យល់​កន្ត្រាក់​បោកបក់ ខ្លាំង​ក្នុង​ល្បឿន​១៨​ម៉ែត្រ​/​វិនាទី​។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ២,០០​ម៉ែត្រ ។

ក្រសួង​បាន​លើក​ឡើង​ថា យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ខ្យល់ កន្ត្រាក់​បោកបក់​ខ្លាំង​នេះ ជា​ពិសេស បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​និង​ផ្លូវទឹក ។ ក្រសួង​ធនធានទឹក និង​ឧតុ​និយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល ៕