ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឧទ្ទាម​ហ៊ូទី​វា.យ​ប្រ.ហារ​យ៉ាង​សន្ធាប់​ទៅ​លើ​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ស្លា.ប់​ម.នុ.ស្ស​បី​នាក់​

17 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់​៖ ថ្ងៃ​នេះ ក្រុម​ឧទ្ទាម​ហ៊ូទី​នៅ​ប្រទេស​យេម៉េន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​របស់​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​កប៉ាល់​ដឹក​ទំនិញ​ខ្នាត​តូច​មួយ​គ្រឿង​នៅ​ច្រក​សមុទ្រ​បាប​ អែល​ មេន​ដេប (Bab el-Mandeb) បណ្ដាល​ឱ្យ​ស្លាប់​បុគ្គលិក​នៅ​លើ​កប៉ាល់​បី​នាក់​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​យេម៉េន​២​នាក់​ និង​មន្ត្រី​យោធា​២​នាក់​ទៀត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​យេ​ម៉េន​។ ប្រសិន​បើ​រឿង​នេះ​ជា​ការ​ពិត​មែន វា​ជា​ករណី​ដំបូង​បំផុត​ដែល​ក្រុម​ហ៊ូទី​វាយ​ប្រហារ​កប៉ាល់​​ដោត​ទង់​ជាតិ​ប្រទេស​តង់​ហ្សា​នី​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីរ៉ង់​ផ្ទុះឡើ​ងដំបូង​។

ក្រុម​ហ៊ូទី​មិន​ទាន់​ប្រកាស​ទទួល​ស្គាល់​ថា​នេះ​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយទេ​។ ប៉ុន្តែ​ពួកគេ​ប្រកាស​បិទ​ខ្ទប់​ដែន​សមុទ្រ​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​នៅ​សមុទ្រ​ក្រហម​កាល​ពី​ខែ​កក្កដា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​ហ៊ុម​ព័ទ្ធ​ពី​សំណាក់​អារ៉ាប៊ី​សាអូឌីត​​ទៅ​លើ​ប្រទេស​យេ​ម៉េន​។ អង្គ​ការ​របស់​អង់​គ្លេស​ដែល​តាម​ដាន​ស្ថាន​ការណ៍​នៅ​លើ​លំហ​សមុទ្រ​ថ្លែង​ថា​ខ្លួន​ទទួល​ដំណឹង​ថា​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​ពេល​បើកទៅ​ដល់​តំបន់​មាត់​សមុទ្រ​អាល់​ម៉ូខា (al-Mokha) ប្រទេស​យេម៉េន​ ក៏​រង​ការ​បាញ់​ប្រហារ​ពី​គ្រាប់​មីស៊ីល​មិន​ស្គាល់​អត្ត​សញ្ញាណ​ និង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​មួយ​ចំនួន​។​

ក្រុម​ហ៊ុន​របស់​អង់គ្លេស​ឈ្មោះ​អាំ​ប្រ៊ី (Ambrey) ដែល​ធ្វើ​ការ​លើ​ផ្នែក​សន្តិ​សុខ​លំហ​សមុទ្រ​ថ្លែង​ថា​កប៉ាល់​នោះ​ជា​គោល​ដៅ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​ហ៊ូទី​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​បី​នាក់​។ នៅ​ពេល​នោះ កប៉ាល់​បោះ​យុថ្កា​ឈប់​សំចត​នៅ​រយៈ​ចម្ងាយ​៣,៣​ម៉ាយ​ភាគ​ឦសាន​​កោះ​ផឺរីម (Perim) ប្រទេស​យេម៉េន​។ ប្រភព​ពី​ប្រទេស​យេម៉េន​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ ២​នាក់​ជា​ជន​ជាតិ​ប៉ាគីស្ថាន​ និង​ម្នាក់​ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី​។ នៅ​ពេល​នោះ កប៉ាល់​ដឹក​ទំនិញ​ចាក​ចេញ​ដំណើរ​ពី​តំបន់​សាឡា​ឡា (Salalah) ប្រទេស​អូម៉ង់ ​ឆ្លង​កាត់​ប្រទេស​ជី​ប៊ូទី (Djibouti)។ ក្រោយ​ការ​វាយ​ប្រហារ​នោះ បុគ្គលិក​នៅ​លើ​កប៉ាល់​ចាប់​ផ្ដើម​បាត់​ម្ចាស់​ការ​ ហើយ​ក្រោយ​មក​ ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​យេម៉េន​ក៏​ចូល​ទៅ​កៀក​​កប៉ាល់​។​

ករណី​វាយ​ប្រហារ​កប៉ាល់​តូច​ធំ​នានា​នៅ​ច្រក​សមុទ្រ​បាប​ អែល​ មេន​ដេប ចាប់​ផ្ដើម​កើត​មាន​កាន់​តែ​ញឹក​ញាប់​ជាង​មុន​ ហើយ​ធ្វើ​ឱ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​សម្រាប់​ក្រុម​ហ៊ុន​រក​ស៊ី​ខាង​ដឹក​ជញ្ជូន​ទំនិញ​ដែលប្រឈម​នឹង​បញ្ហា​ពិបាក​ស្រាប់​ទៅ​ហើយ​ដោយ​សារ​ការ​បិទ​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ កាល​ពី​សប្ដាហ៍​មុន​ ជា​មធ្យម​ កប៉ាល់​ដឹក​ទំនិញ​៣២​គ្រឿង​បើក​កាត់​ច្រក​បាប អែល មេន​ដេប​ក្នុង​មួយ​ថ្ងៃ​ៗ​។ កាល​ពី​មុន​ពេល​បិទ​ច្រក​សមុទ្រ​នេះ កប៉ាល់​ឆ្លង​កាត់​ជា​មធ្យម​៥០​គ្រឿង​ក្នុង​មួយ​ថ្ងៃ​ៗ​។ ក្រុម​ហ៊ុន​អាំប៊្រី​កត់​សម្គាល់​ថា​កប៉ាល់​ដែល​រង​ការ​បាញ់​ប្រហារ​នោះ​មិន​មែន​ជា​របស់​ប្រទេស​អា​រ៉ាប៊ី​សា​អូឌីត​ទេ​។ កប៉ាល់​នេះ​ចាក​ចេញ​ដំណើរ​ពី​អាល់​ម៉ូខា​កាល​ពីថ្ងៃ​សៅរ៍​៕ ប្រភព៖ Reuters