ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូឡុំប៊ី​បន្ត​ស្វែង​រក​អ្ន.ក​បា.ត់​ខ្លួ.ន​ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ធំ​ដែល​ស.ម្លា.ប់​ម.នុ.ស្ស​ជាង​មួយ​រយ​នាក់

12 ម៉ោង មុន

ទី​ក្រុង​បូហ្គោតា​៖ ក្រោយ​ហេតុ​ការណ៍​រញ្ជួយ​ដី​នៅ​ប្រទេស​កូឡុំប៊ី​កាល​ពី​​ម្សិលមិញ​​ គេ​ឃើញ​ថា​មនុស្ស​ជា​ច្រើន​នាក់​បន្ត​ជាប់​ផុង​នៅ​ក្រោម​គំនរ​បាក់​បែក​។ ក្រុមអ្នកស្វែង​រក​ និង​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើងនៅ​តាម​ទី​ក្រុង​រាប់​សិប​កន្លែង​ដើម្បី​ស្វែង​រក​មនុស្ស​ជាង​បី​ពាន់​នាក់​ដែល​បាត់​ខ្លួន​។ អភិបាល​ក្រុង និង​អភិបាល​ខេត្ត​មក​ពី​ខាលី (Cali), ប៉េរ៉េរ៉ា (Pereira), ឆូកូ (Choco) និង​ម៉ានីហ្សា​ឡេស​​ (Manizalez) ថ្លែង​ថា​មនុស្ស​យ៉ាង​តិច​១៧៩​​​បាន​ស្លាប់​នៅ​ក្នុង​តំបន់របស់​ខ្លួន​។ អគារ​១៦០០ខ្នង​ខូច​ខាត​ ឬ​បាក់​រលំ​ដល់​ដី​។ ទាហាន​ រួម​ជា​មួយ​ក្រុម​អ្នក​សង្គ្រោះ និង​ក្រុម​គ្រួសារ​អ្នក​បាត់​ខ្លួន​ត្រូវ​តែ​ជីក​កកាយ​គំនរ​បាក់​បែក​ដោយ​ដៃ​ទទេ​ដើម្បី​ពន្លឿន​ការ​ស្វែង​រក​។

ឆូកូ​ជា​តំបន់​ដែលហ៊ុម​ព័ទ្ធ​ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​ដី​លើក​នេះ​ និង​ជា​តំបន់​ដ៏មាន​ជីវ​ភាព​ក្រី​ក្រ​បំផុត​មួយ​របស់​ប្រទេស​កូឡុំ​ប៊ី​ដោយ​សារ​សង្គ្រាម​រវាង​ចលនា​ប្រដាប់​អាវុធ​នានា​ដែល​ប្រជែង​គ្នា​។ ទី​នេះ​មួយ​ភាគ​ធំ​អាច​ធ្វើ​ដំណើរ​ទៅ​បាន​តាម​ទូក​ តាម​រយៈ​ការ​ដើរ​កាត់​ព្រៃ ឬ​តាម​យន្ត​ហោះ​។ ដូច្នេះ​ គេ​មាន​ព័ត៌​មាន​នៅ​ក្នុង​ដៃតិច​តួច​ជា​ទី​បំផុត​ពាក់​ព័ន្ធ​នឹង​ទំហំ​នៃ​ការ​ខូច​ខាត​ដោយ​សារ​ការ​រញ្ជួយ​ដី​លើក​នេះ​។ ប្រធានា​ធិបតី​​កូឡុំប៊ី​ លោក​អាបេ​ឡាដូ ដឺឡា អេ​ស្ព្រីយ៉ា (Abelardo De la Espriella) បាន​ចុះ​ទៅ​ពិនិត្យ​មើល​សភាព​ការណ៍​នៅ​រដ្ឋ​ធានី​របស់​តំបន់​ឆូកូ​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ និ​ងប្រកាស​ថា​លោក​បាន​ចល័ត​កង​ទ័ព និង​នគរ​បាល​ដើម្បី​ចុះ​ដោះ​ស្រាយ​បញ្ហា​លំបាក​។

លោក​ថ្លែង​បន្ត​ទៀត​ថា​បាន​បញ្ជូន​ក្រុម​វិស្វករ​ ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​សត្វ​សុនខ​សម្រាប់​ហិត​ក្លិន​។ លោក​សន្យា​ថា​នឹង​មិន​បណ្ដោយ​ឱ្យ​ឆូកូ​ក្លាយ​ជា​ទឹក​ដី​ដែល​គេ​បោះ​បង់​ចោល​ជា​ដាច់​ខាត​។ ការ​រញ្ជួយ​ដី​លើក​នេះ​ជា​វិញ្ញា​សា​សាក​ល្បង​ដ៏​ធំ​មួយ​ និង​ជា​លើក​ដំបូង​សម្រាប់​ការ​ដឹក​នាំ​របស់​លោក​ដឺឡា​ អេស្ព្រីយ៉ា ដែល​ទើប​តែ​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ លោក​ក្លាយ​ជា​បុគ្គល​ដ៏​ចម្រូង​ចម្រាស​ដោយ​សារ​តែ​ការ​សច្ចា​យ៉ាង​មុត​មាំ​ថា​ត្រូវ​តែ​កម្ចាត់​​ក្រុម​ឧក្រិដ្ឋ​ជន​គ្រប់​ប្រភេទ​ឱ្យ​ដល់​ឫស​គល់​នៅ​ក្នុង​ប្រទេស​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អង់​មួយ​នេះ​ (Ande)។ ក្រុម​គ្រួសារ​ដែល​បាត់​បង់​សាច់​ញាតិ​របស់​ខ្លួន​បាន​បង្ហោះ​ដំណឹង​នេះ​នៅ​លើ​គេហ​ទំព័រ​នានា​ដែល​រៀប​ចំ​ដោយ​ជន​ស៊ីវិល​។

ជន​ជាតិ​កូឡុំប៊ី​ឈ្មោះ​ដាណា ការ៉ូឡាយ​ណា ហ្សា​ម៉ូរ៉ា (Dana Carolina Zamora) បាន​បង្ហោះ​រូប​ភាព​ឪ​ពុក​មា​របស់​អ្នក​​ស្រី​អាយុ​៦០​ឆ្នាំ​ដែល​កំពុង​បាត់​ខ្លួន​។ គាត់​ឈ្មោះ​មីហ្គែល អាន​ហ្គែល ហ្សា​ម៉ូរ៉ា (Miguel Ángel Zamora) នៅ​ពេល​បណ្ដើរ​ឆ្កែ​ដើរ​លេង​សុខ​ៗ​ក៏​កើត​មាន​គ្រោះ​រញ្ជួយ​ដី​ ហើយ​គាត់​ក៏​បាត់​ខ្លួន​ជា​រៀង​រហូត​​។ មុន​ពេល​កើត​ហេតុ បុរស​កសិករ​ម្នាក់​នេះ​រស់​នៅ​តំបន់​ជន​បទ​អែល​ខាយ​រ៉ូ (El Cairo) មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ចំណុច​កណ្ដាល​នៃ​ការ​រញ្ជួយ​នៅ​សាន់​ ចូសេ ដែល​ ប៉ាម៉ា (San Jose Del Palmar) ប៉ុន្មាន​ទេ​។ អាជ្ញា​ធរ​មូល​ដ្ឋាន​ប្រាប់​ថា​អែល​ខាយ​រ៉ូ​៨០%​​រង​ការ​ខូច​ខាត​។ ទី​ក្រុ​ងនេះ​មាន​ប្រជា​ជន​រស់​នៅ​ប្រហែល​៧​ពាន់​នាក់​។ ហ្សា​ម៉ូរ៉ា​ប្រាប់​​ថា​ឪ​ពុក​មា​របស់​អ្នក​ស្រី​រស់​នៅ​​ក្នុង​ផ្ទះ​បុរាណ​មួយ​ខ្នង​សង់​អំពី​ឈើ និង​ដី​ភក់​។ អ្នក​ស្រី​រៀប​រាប់​បន្ត​ទៀត​ថា​យើង​ភ័យ​ណាស់​ យើង​សង្ឃឹម​ថា​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​គាត់​ទៅ​ចុះ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ យើង​បាត់​ដំណឹង​របស់​គាត់​ទាំង​ស្រុង​​៕ ប្រភព៖ AP​