ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះពិនិត្យ​ការ​ខូចខាត​ផ្ទះសម្បែង ១១៤​ខ្នង នៅ​ស្រុក​ជាំ​ក្សាន្ត ពលរដ្ឋ​ជាង ៥០០​នាក់ នៅ​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) មក​ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​ផ្ទះ​ប្រជាជន​ស៊ី​វិល​ចំនួន ១១៤​ខ្នង រង​ផល​ប៉ះពាល់​ទាំងស្រុង ហើយ​ប្រជាជន​សរុប​ចំនួន ៥១១​នាក់ (​ស្រី​ចំនួន ២៦៨​នាក់​) នៅ​មិន​ទាន់​អាច​ត្រលប់​ទៅ​លំនៅ​ឋាន​វិញ​បាន ដែល​ស្ថិត​នៅ​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ ទី​១១ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:៣០​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​ផ្ទះ​ប្រជាជន​ស៊ី​វិល​ចំនួន ១១៤​ខ្នង រង​ផល​ប៉ះពាល់​ទាំងស្រុង ហើយ​ប្រជាជន​សរុប​ចំនួន ៥១១​នាក់ (​ស្រី​ចំនួន ២៦៨​នាក់​) នៅ​មិន​ទាន់​អាច​ត្រលប់​ទៅ​លំនៅ​ឋាន​វិញ​បាន ដែល​ស្ថិត​នៅ​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា លំនៅ​ឋាន​ដែល​រង​ផល​ប៉ះពាល់​ទាំងស្រុង​នោះ គឺ​សុទ្ធសឹងតែ​ជា​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​ដែល​កំពុង​រស់នៅ ហើយ​ត្រូវ​បាន​កង​កម្លាំងយោធា​ថៃ​វាយប្រហារ​លើ​ទីតាំង​នេះ​តាម​រយៈ​ការ​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង F-16 និង​ការ​បាញ់​ផ្លោង​អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ប្រភេទ កាលពី​ខែធ្នូ ឆ្នាំ​២០២៥​។ ការ​វាយប្រហារ​ទាំងនេះ បាន​បណ្តាល​ឱ្យ​មានការ​ខូចខាត និង​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​ផ្ទះសម្បែង ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​មិន​អាច​ត្រឡប់​មក​រស់នៅ និង​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ក្នុង​ភូមិឋាន​របស់​ពួក​គេ​វិញ​ដោយ​សុវត្ថិភាព​បាន​នៅឡើយ​ទេ​។

កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ក្នុង​ការ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្តែង ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ៕