ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ចុះ​ផ្ទៀងផ្ទាត់​ស្ថានភាព​នៅ​សាលា​បឋម​សិក្សា​តេ​ជោ​មរកត ក្នុង​ខេត្តព្រះវិហារ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) មក​ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន បាន​ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​សាលា​បឋម​សិក្សា​តេ​ជោ​មរកត ស្ថិត​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​អង្គារ ទី​១១ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​១០:២០​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​សាលា​បឋម​សិក្សា​តេ​ជោ​មរកត ស្ថិត​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

គួរ​រំលេច​ផង​ដែរ​ថា សាលា​បឋម​សិក្សា​តេ​ជោ​មរកត គឺជា​ទីកន្លែង​ផ្តល់​ការ​អប់រំ​ដល់​កុមារ ប៉ុន្តែ​កាលពី​ខែធ្នូ ឆ្នាំ​២០២៥ បាន​ទទួល​រង​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​យោធា​ថៃ តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ចម្បាំង F-16 និង​ការ​បាញ់​គ្រាប់​ផ្លោង​ប្រភេទ ១៥៥mm មក​លើ​ទីតាំង​ស៊ី​វិល ដែល​បាន​បំផ្លិចបំផ្លាញ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ស្ទើរតែ​ទាំងស្រុង​នូវ​អគារ សម្ភារៈ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន ដែល​ធ្វើ​ឱ្យ​កុមារ​តូច​ៗ​ទាំងអស់​នៅ​ទីនោះ នៅ​តែ​មិន​អាច​ចូល​រៀន​វិញ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា​នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព និង​ស្ថិរភាព​យូរអង្វែង ៕