ទីក្រុងបេរូត៖ យ៉ាងហោចណាស់មនុស្ស ២នាក់បានរងរបួស បន្ទាប់ពីដ្រូនអ៊ីស្រាអែលបានវាយប្រហារក្រុមសង្គ្រោះបន្ទាន់មួយនៅទីក្រុងភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃទី១១ ខែសីហា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។
បើតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហារបានកើតឡើង ២លើកជាបន្តបន្ទាប់។ ការវាយប្រហារលើកទី២ បានកំណត់គោលដៅលើក្រុមសង្គ្រោះបន្ទាន់ដែលបានទៅដល់កន្លែងកើតហេតុ ដើម្បីជួយជម្លៀសអ្នករងរបួស ហើយបានធ្វើឱ្យរថយន្តសង្គ្រោះបន្ទាន់ខូចខាត។
សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា ដ្រូនអ៊ីស្រាអែលក៏បានកំណត់គោលដៅលើរថយន្តសង្គ្រោះរបស់ក្រុមសុខាភិបាលមួយចំនួន ខណៈកំពុងដឹកអ្នករងរបួសពីការវាយប្រហារពីដំបូង។
ក្រសួងសុខាភិបាលលីបង់បានថ្កោលទោសការវាយប្រហារលើក្រុមសង្គ្រោះបន្ទាន់ ដោយចាត់ទុកថា ជាសកម្មភាពរំលោភច្បាប់ និងបទដ្ឋានមនុស្សធម៌អន្តរជាតិ។
ហេតុការណ៍នេះកើតឡើង ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់នៅតែបន្ត ទោះបីមានក្របខ័ណ្ឌបទឈប់បាញ់ដែលមានគោលបំណងបញ្ចប់ការប្រយុទ្ធ និងសម្របសម្រួលការដកកងទ័ពអ៊ីស្រាអែលចេញពីទឹកដីលីបង់ក៏ដោយ៕
ចែករំលែកព័តមាននេះ