ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះឆែកឆេរ ៩ទីតាំងនៅក្រុងបាវិត រកឃើញ២កន្លែងពាក់ព័ន្ធឆបោកតាមអនឡាញ ឃាត់ខ្លួនវៀតណាម០៦​នាក់

11 ម៉ោង មុន

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១១ ខែសីហា​ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​ចុះ​ធ្វើ​រដ្ឋបាល​ចំហ​ក្នុង​ទ្រង់ទ្រាយ​ធំ ទៅ​លើ​ទីតាំង​សង្ស័យ​មួយ​ចំនួន ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​បា​វិត ដើម្បី​បង្ក្រាប​សកម្មភាព​ខុសច្បាប់ ពាក់ព័ន្ធ​នឹង​ការ​លួចលាក់​ស្នាក់​នៅ ធ្វើ​ការងារ​ខុសច្បាប់ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ចំនួន​០៨​ទីតាំង រក​ឃើញ​ទីតាំង​ចំនួន​០២ ទីតាំង ដែល​មាន​ពាក់ព័ន្ធ​នឹង Online Scam រួម​មាន ៖

១. ទីតាំង G16 (​ម្ចាស់​ឈ្មោះ សួ​ស អែ​ល​ពិសិដ្ឋ​) ៖ ទោះបីជា​ពុំ​មាន​ជនបរទេស​ស្នាក់​នៅ​ក៏​ដោយ សមត្ថកិច្ច​បាន​រក​ឃើញ និង​ដកហូត​សម្ភារៈ​ភស្តុ​តាង​រួម​មាន កុំព្យូទ័រ​យួរដៃ (Laptop) ចំនួន ៤ គ្រឿង និង​ទូរស័ព្ទ​ដៃ​ចម្រុះ​ចំនួន ២៥ គ្រឿង ដែល​សង្ស័យ​ថា កំពុង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សកម្មភាព​ឆបោក ។

២. ទីតាំង G18 (​មិន​ស្គាល់​ម្ចាស់ផ្ទះ​)៖ រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​ចំនួន ៦​នាក់ (​ស្រី​១​នាក់​) ព្រមទាំង​លិខិតឆ្លងដែន​ចំនួន ៦​ក្បាល និង​ទូរ​សព្ទ​ដៃ​ផ្ទាល់ខ្លួន ចំនួន ៨​គ្រឿង ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ករណី online scam ។ ដោយ​ឃាត់ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៦​នាក់ ស្រី ០១​នាក់ ជា​ជនជាតិ​វៀតណាម ព្រមទាំង​បាន​ដកហូត​សម្ភារ​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយ​ចំនួន​ទៀត ។

ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត តំណាង​លោក ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត លោក ម៉ែ​ន ចាន់​រ៉ា អភិបាលក្រុង​បា​វិត លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង ទទួល​ផែន​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក ស្រេង ហួត ស្នងការ​រង ទទួល​ផែន​បច្ចេកវិទ្យា រួម​ទាំង​កម្លាំង​ចម្រុះ​បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​បា​វិត ។

ជា​លទ្ធផល កម្លាំង​ចម្រុះ​បាន​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​សរុប​ចំនួន ០៩​កន្លែង ដោយ​ក្នុង​នោះ ០៨​ទីតាំង ស្ថិត​ក្នុង​បុរី CK និង ១​ទីតាំង​ទៀត ស្ថិត​នៅ​តំបន់​ផ្សារ​រាត្រី​២ ។

ក្រោយ​ការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ ទីតាំង​ចំនួន ០៧ ៖ (​ផ្ទះល្វែង និង​ទីតាំង​ផ្សារ​រាត្រី​) មាន​ជនបរទេស​ជា​ជនជាតិ​ចិន និង​វៀតណាម ស្នាក់​នៅ​ចំនួន ១៣ នាក់​។ ទោះជា​យ៉ាងណា ក្រោយ​ការ​ត្រួតពិនិត្យ​បឋម សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​តម្រុយ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (online scam) នៅឡើយ​ទេ ។

នា​ពេល​បច្ចុប្បន្ន ដោយ​មានការ​ឯកភាព​គ្នា​រវាង​កម្លាំង​ចម្រុះ និង​តំណាង​អយ្យការ ទីតាំង​ដែល​មានការ​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​។ ចំណែក​ជនសង្ស័យ រួម​ទាំង​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច ដែល​ដកហូត​បាន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត និង​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ប្រតិបត្តិការ​ចុះ​ធ្វើ​រដ្ឋបាល​ចំហ​នេះ បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាជ្ញាធរ​ខេត្តស្វាយរៀង ក្នុង​ការ​បង្ក្រាប​រាល់​សកម្មភាព​ល្មើសច្បាប់ ជា​ពិសេស​បទល្មើស​បច្ចេកវិទ្យា ដែល​កំពុង​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ៕