ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃ​ទី​២ បេក្ខជន​មាន​បញ្ហា​សុខភាព​១៨៨នាក់ បោះបង់​ការ​ប្រឡង​ចំនួន​៥​នាក់ មាន​ជំងឺគ្រុនឈាម​​១២​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​​ ៣​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ​ការ​បូក​សរុប​បឋម​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានឱ្យ​ដឹង​ថា​ បេក្ខជន​ ដែល​មាន​បញ្ហា​សុខ​ភាព ​១៨៨នាក់ ក្នុង​នោះ​បោះបង់​ការ​ប្រឡង​ ចំនួន​៥​នាក់ បេក្ខជន​ប្រឡង​ដាច់​ដោយឡែក​៥៤​នាក់ បេក្ខជន​មាន​ជំងឺគ្រុនឈាម​ មាន​ចំនួន​១២​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍ ​៣​នាក់ ​។

ក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា ​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២ (​ថ្ងៃ​ទី​១១ ​សីហា​) ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​ គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ ។

ប្រភព​ថា ដំណើរការ​សំ​ណេ​រ​មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយ​មានការ​យកចិត្តទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពីគណៈ​មេ​ប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ​ទូ​ទាំង​ប្រទេស ប្រធាន អនុប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស ដោយ​មានការ​ចូលរួម​សហការ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មន្ត្រី​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ។

បេក្ខជន​ បាន​គោរព​បទ​ប្បញ្ញត្តិ​ នៃ​ការ​ប្រឡង ព្រមទាំង​បាន​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន ដោយ​គ្មាន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក ​ចូល​មណ្ឌល​ប្រឡង​ឡើយ ​។ ក្នុង​ដំណើរការ​សំ​ណេ​រ​ថ្ងៃ​ទី​២​នេះ មាន​ខេត្ត​ចំនួន​៣​ខេត្ត ដែល​មាន​ភ្លៀង​ធ្លាក់​តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំ​ណេ​រ​ឡើយ​ ។

ក្នុង​ដំណើរការ​សំ​ណេ​រ​នា​ព្រឹក​ថ្ងៃ​ទី​២ មាន​២​មុខ​វិជ្ជា​គឺ​៖ អក្សរសាស្ត្រ និង​រូបវិទ្យា (​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​) គណិត​វិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា​(​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​)​។

របាយការណ៍​បឋម​ដែល​ទទួល​បាន​ពី​មណ្ឌល​ប្រឡង​បាន​បង្ហាញ​ថា នៅ​ថ្ងៃ​ទី​២​នេះ បេក្ខជន ជន​អវត្តមាន​ចំនួន​១ ៣៤០​នាក់ (​ស្រី​៥០២​នាក់​) ស្មើនឹង​០,៨៨​ភាគរយ បេក្ខជនស្វ័យរិន​ចំនួន​១ ១៣៥​នាក់ (​ស្រី​៤០៧​នាក់​) បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​២០៥​នាក់ (​ស្រី​៩៥​នាក់​)​។

បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​១៨៨ នាក់ ក្នុង​នោះ​បោះបង់​ការ​ប្រឡង​ចំនួន​៥​នាក់ បេក្ខជន​ប្រឡង​ដាច់​ដោយឡែក​៥៤​នាក់ បេក្ខជន​មាន​ជំងឺគ្រុនឈាម​មាន​ចំនួន​១២​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់​។

ដោយឡែក​គណៈមេប្រយោគ​មាន​បញ្ហា​សុខភាព​១៥​នាក់​។ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់​បាន​បន្ត​ការ​ប្រឡង​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ បន្ទាប់​ពី​មាន​អាកា​រៈ​ធូរស្រាល​។ ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញ​លើក​ចិត្ត​ឱ្យ​បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ សម្រាក និង​បរិភោគ​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់​ប្រកបដោយ​អនាម័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រឡង​។

នៅ​ក្នុង​ដំណើរការ​សំ​ណេ​រ​ថ្ងៃ​ទី​២​នេះ​មិន​មានការ​ដកហូត​គ្រឿង​អេ​ឡិច​ត្រូ​និក​ហាមឃាត់​ឡើយ​។ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​រំលឹក​ដល់​បេក្ខជន​ប្រឡង​គ្រប់​រូប ក្នុង​ការ​គោរព​តាម​ការ​ណែនាំ​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង ឱ្យ​បាន​ខ្ជាប់ខ្ជួន​។

ក្នុង​ឆ្នាំ​សិក្សា ២០២៥-២០២៦ នេះ បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១៥១ ២៣៨​នាក់ (​ស្រី ៨៤ ៧៣៥​នាក់​)​។ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ១១៣ ៧៩៣​នាក់ ស្មើនឹង ៧៥,២៤%​។
សូម​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៦ តាម​មណ្ឌល​សំ​ណេ​រ​នៃ​រាជធានី​-​ខេត្ត​ទាំង​២៥ នៅ​ទូ​ទាំង​ប្រទេស​៕