ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ ​៖ ​ពាក់​វ៉ែនតា​ឆ្លាត​វៃ តែ​ដូច​ជា​មិន​ឆ្លាត​ជាង​មុន​សោះ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​លើក​ឡើង​ថា ឯកឧត្តម​ សាកល្បង​ពាក់​វ៉ែនតា​ឆ្លាត​វៃ ប៉ុន្តែ​ដូច​ជា​មិន​ឆ្លាត​ជាង​មុន​សោះ តែ​វ៉ែនតា​វៃឆ្លាត ​​អាច​ជួយ​សិស្ស​បាន ទាល់តែ​សិស្ស​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួនឯង ។

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ ​ដែល​ត្រូវជា​ថ្ងៃ​ទី​២ ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​ហៅ​កាត់​ថា ប្រឡង​បាក់​ឌុ​ប ​ឯកឧត្តម​ ហង់​ជួន ណា​រ៉ុ​ន បាន​លើក​ឡើង​ពី​ករណី​បេក្ខជន​ពាក់​វ៉ែនតា​ឆ្លាត​វៃ ​ពេល​កំពុង​ដំណើរការ​ប្រឡង​កាលពី​ថ្ងៃ​ទី​១ ​ថា វ៉ែនតា​ឆ្លាត​វៃ​ អាច​ជួយ​សិស្ស​បាន ទាល់តែ​សិស្ស​ត្រូវ​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួនឯង ​ទើប​អាច​ទទួលលទ្ធផល​បាន ​។

សូម​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​អប់រំ ​បែប​នេះ ដោយសារ​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦​ ដែល​ត្រូវជា​ថ្ងៃ​ប្រឡង​ទី​១​របស់​បេក្ខជន​ជាង​១៥​ម៉ឺន​នាក់ ​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​នោះ នៅ​មណ្ឌល​ប្រឡង​សាលា​បឋម​សិក្សា​ ២​ធ្នូ ខេត្តស្វាយរៀង មាន​ករណី​ចាប់​បាន​បេក្ខជន ​នាំ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រឡង នូវ​វ៉ែនតា និង​ទូរ​សព្ទ​ឆ្លាត​វៃ ។ ​ជាង​នេះ ​នៅ​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន​ទៀត ​ក៏​មានការ​ចាប់​បាន​នូវ​វ៉ែនតា​ និង​ទូរសព្ទ​ឆ្លាត​វៃ​នេះ​ផង​ដែរ ​។

ក្រោយ​ចាប់​បាន​បេក្ខជន ត្រូវ​បាន​កត់ត្រា​ក្នុង​កំណត់ហេតុ​ពិសេស ហើយ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក (​វ៉ែនតា​ឆ្លាត​វៃ និង​ទូរ​សព្ទ​ឆ្លាត​វៃ​) ដែល​បេក្ខជន​បាន​នាំ​ចូល​ក្នុង​បន្ទប់​ប្រឡង​ត្រូវ​បាន​រឹបអូស​ទុក​។ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចាត់វិធានការ​ណ៍​ចំពោះ​ករណី​នេះ​តាម​គោលការណ៍​ជា​ធរមាន​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រើន​រំ​លឹ ក​ដល់​បេក្ខជន​ប្រឡង​គ្រប់​រូប ក្នុង​ការ​គោរព​តាម​ការ​ណែនាំ​ផ្សេង​ៗ​ទាក់ទង​នឹង​ការ​ហាមឃាត់​មិន​ឱ្យ​នាំ​ចូល​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និក​ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង ឱ្យ​បាន​ខ្ជាប់ខ្ជួន​៕