ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ជិត ២០០​ករណី ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦

31 នាទី មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៦ នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូ បាន​ចុះ​ល្បាត​ក្នុង​តំបន់ការពារធម្មជាតិ​ចំនួន ៩៣២​លើក ដោយ​បាន​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​សរុប​ចំនួន ១៩៥ ករណី និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំ​នួន ៤២​ករណី​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ឱ្យ​ដឹង​ថា ប្រតិបត្តិការ​ចុះ​ល្បាត និង​ទប់ស្កាត់​បទល្មើស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​សរុប ២៨៣,៤០២ ហិ​កតា រួម​មាន​៖ ដែនជម្រក​សត្វព្រៃ​ព្រៃ​ឡង់​, កែវ​សីមា​, ព្រែក​ប្រសព្វ​, សំបូរ​, លំ​ផាត់ និង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​សសរស្តម្ភ​សត្វ​តោ​។​ក្នុង​ចំណោម​បទល្មើស​ទាំង ១៩៥​ករណី ដែល​ត្រូវ​បង្ក្រាប រួម​មាន​៖​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ ៨៩​ករណី​.​បទល្មើស​សត្វព្រៃ ៣៧​ករណី​. បទល្មើស​ឡធ្យូង​ខុសច្បាប់២៩​ករណី​.​បទល្មើស​ព្រៃឈើ ២៤​ករណី​.​បទល្មើស​សាង​សង់រោង​ខុសច្បាប់ ២៤​ករណី​។

ប្រភព​ដដែល​បន្ត​ថា សំណុំរឿង​ចំនួន ៤២ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្នុង​នោះ​ជនសង្ស័យ​ចំនួន ៦​នាក់ ត្រូវ​បាន​ចាប់ខ្លួន​។ ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន រថយន្ត​កែ​ច្នៃ ១​គ្រឿង​, គោ​យន្ត​កន្ត្រៃ ៣​គ្រឿង​, ម៉ូតូ ១១​គ្រឿង​, រណា​យន្ត ១៨​គ្រឿង​, អាវុធ​កែ​ច្នៃ ១០​ដើម​, ឈើ​អា​Fresh/​លាយ​ជាង ១២​ម៉ែត្រគូប​, អន្ទាក់​ខ្សែ ២៨៤​ខ្សែ និង​មោង​ចាប់​សត្វ ១០០​ម៉ែត្រ​។

មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​បញ្ជាក់​ពី​ប្ដេជ្ញា​ចិត្ត​បន្តរឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​ក្រសួងបរិស្ថាន ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ស្អាត​បៃតង និង​ចីរភាព​៕