ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ស្រុក​ឆ្លូង ដកហូត​ឧបករណ៍​ខុសច្បាប់ និង​រំដោះ​ត្រី​ប្រមាណ ៤០០​គីឡូក្រាម

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តក្រចេះ​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តក្រចេះ បាន​ចុះ​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឆ្លូង ដោយ​បាន​ដកហូត​ឧបករណ៍​ល្មើសច្បាប់​មួយ​ចំនួន និង​បាន​រំដោះ​ត្រី​ចម្រុះ​ប្រមាណ ៤០០​គីឡូក្រាម ចាក់​លែង​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ ដើម្បី​រួមចំណែក​ដល់​ការ​អភិរក្ស​ពូជ​មច្ឆជាតិ​ឱ្យ​បាន​គង់វង្ស​។

ប្រតិបត្តិការ​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក ម៉ុ​ក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ ដោយ​មាន​កិច្ចសហការ​រវាង ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​. កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​គណៈកម្មការ​បញ្ជាការ​ឯកភាព​ស្រុក​ឆ្លូង​។

ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ​បាន​ចុះ​ត្រួត​ពិនិត្យ និង​បង្ក្រាប​នៅ​ចំណុច​គោលដៅ​ក្តៅ​ៗ​មួយ​ចំនួន រួម​មាន ចំណុច​បឹង​ប្រា​, បឹង​កូន​សត្វ​, ជ្រោយ​វែង និង​ទំនប់​តា​ណូ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ឆក់​កន្ទោង ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ខេត្តក្រចេះ​។

ជា​លទ្ធផល បន្ទាប់​ពី​បាន​បង្ក្រាប និង​ដកហូត​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន​ប្រភេទ​រួច​មក មន្ត្រី​ជំនាញ​បាន​ធ្វើការ​រំដោះ​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ ៤០០ គីឡូក្រាម ដែល​ជាប់​ក្នុង​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ទាំងនោះ ចាក់​លែង​ចូល​ទៅ​ក្នុង​ប្រភព​ទឹកធម្មជាតិ​វិញ​ភ្លាម​ៗ ដើម្បី​ឱ្យ​ពួក​វា​រស់រាន​មានជីវិត និង​បន្ត​ពូជ​ពង​កូន​ក្នុង​រដូវ​ហាមឃាត់​នេះ​។

នា​ឱកាស​នោះ​ដែរ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជលផល ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជា នេសាទ​ទាំងអស់ ឱ្យ​បង្កើន​ស្មារតី​ចូលរួម​គោរព ច្បាប់​ស្តី​ពី​ជលផល និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើប្រាស់​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​រួម​គ្នា​រក្សា​ការពារ​ធនធានធម្មជាតិ និង​ផល​ស្តុក​ត្រី​ឱ្យ​បាន​សម្បូរ​បែប សម្រាប់​ផ្គត់ផ្គង់​ជីវភាព និង​ទុកជា​សម្បត្តិ​មច្ឆជាតិ​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕