ទីក្រុងកៀវ៖ ប្រធានាធិបតីអ៊ុយក្រែននៅតែបង្ហាញកង្វល់ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង។ ដូច្នេះ លោកក៏បន្តអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្តបស្ចិមប្រទេសផ្ដល់ប្រព័ន្ធការពារដែនអាកាសឱ្យបានលឿន។ លោកហ្សេឡិនស្គីនៅថ្ងៃនេះអះអាងថារុស្ស៊ីបានបាញ់មីស៊ីលផលិតនៅកូរ៉េខាងជើងជាច្រើនគ្រាប់បណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ និងរបួស១៩នាក់នៅទីក្រុងហ្សាប៉ូរីហ្សៀ។ លោកថាទីក្រុងនេះទាំងមូលរងការវាយប្រហារដោយមីស៊ីលរបស់កូរ៉េខាងជើង, មីស៊ីលម៉ាកហ្សៀខន់ (Zircons) និងគ្រាប់បែកមានប្រព័ន្ធនាំផ្លូវ។ លោកធ្លាប់ព្រមានតាំងពីថ្ងៃចន្ទថារុស្ស៊ីត្រៀមចល័តកងទ័ពកូរ៉េខាងជើងជាច្រើនម៉ឺននាក់ទៀត ហើយក៏ទទួលបានគ្រាប់មីស៊ីលផ្លោងពីកូរ៉េខាងជើងផងដែរ។

លោកថានេះជាលើកទីមួយដែលពួកគេ (រុស្ស៊ី) មិនអាចធ្វើសង្គ្រាមដោយគ្មានជំនួយពីកូរ៉េខាងជើង។ ពួកគេត្រៀមដាក់ពង្រាយទាហានកូរ៉េខាងជើងនៅលើទឹកដីរុស្ស៊ី និងក៏ទទួលបានគ្រាប់មីស៊ីលពីកូរ៉េខាងជើងផងដែរ។ សព្វថ្ងៃនេះមានតែប្រព័ន្ធការពារដែនអាកាសដ៏ទំនើបដូចជាម៉ាកផេទ្រាតរបស់អាមេរិកតែប៉ុណ្ណោះទើបអាចបាញ់ទម្លាក់មីស៊ីលផ្លោងទាំងនោះបាន។ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើង អ៊ុយក្រែនចាប់ផ្ដើមខ្វះខាតប្រព័ន្ធការពារដែនអាកាសជាបន្តបន្ទាប់ព្រោះអាមេរិកត្រូវការប្រើប្រាស់ទប់ទល់នឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា។ ឥឡូវនេះ គេទទួលដំណឹងថាអាមេរិកចង់ដកប្រព័ន្ធការពារដែនអាកាសពីកូរ៉េខាងត្បូង និងជប៉ុនជាលក្ខណៈខ្ចីជើងដើម្បីយកទៅការពារមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមនឹងនោះ អ៊ុយក្រែនបង្កើនការវាយប្រហាររបស់ខ្លួនតាមអាកាសប្រឆាំងនឹងទីក្រុងតូចធំនានារបស់រុស្ស៊ី។ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកហ្សេឡិនស្គីអះអាងថាកូរ៉េខាងជើងបានឯកភាពបញ្ជូនកងទ័ពពី៣ម៉ឺនទៅ៥ម៉ឺននាក់ទៅរុស្ស៊ី។ លោកមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើលោកបានព័ត៌មាននេះមកពីណាទេ។ កូរ៉េខាងជើងក្លាយជាដៃគូយោធាដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី។ កាលពីឆ្នាំ២០២៤ ប្រទេសទាំង២ចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមក។ រុស្ស៊ីពឹងពាក់កងទ័ពកូរ៉េខាងជើងដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ខឺស។

កាលពីយប់មិញ រុស្ស៊ីវាយប្រហារទីក្រុងកៀវ ហ្សាប៉ូរីហ្សៀ និងឌីនីប្រូប៉េត្រូស។ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាកងទ័ពរបស់ខ្លួនវាយប្រហារតំបន់ឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងមជ្ឈមណ្ឌលស្តុកទុកព័ស្តុភារនៅទីក្រុងកៀវ និងហ្សាប៉ូរីហ្សៀ។ នៅហ្សាប៉ូរីហ្សៀ ប្រធានយោធាប្រចាំទីក្រុងនេះគឺលោកអ៊ីវ៉ាន ហ្វេដូរ៉ូស ប្រាប់ថាកងទ័ពរុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់មីស៊ីល និងគ្រាប់បែកមានប្រព័ន្ធនាំផ្លូវ។ លោកបង្ហោះសារនៅលើតេឡេក្រាមថាមនុស្ស៦នាក់ស្លាប់ និង១៩នាក់រងរបួស។ នៅតំបន់ឌីនីប្រូប៉េត្រូស ដ្រូន និងកាំភ្លើងធំរបស់រុស្ស៊ីវាយប្រហារស្រុកចំនួន៥បណ្ដាលឱ្យស្លាប់មនុស្ស៣នាក់ និងរបួស៥នាក់៕ ប្រភព៖ Euro News

ចែករំលែកព័តមាននេះ