ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេសាទចប់បម្រុងវិលទៅជួបជុំគ្រួសារ ស្រាប់តែទូកលិចបាត់បង់ឧបករណ៍ចិញ្ចឹមជីវិត សំណាងកម្លាំងជំនាញ ជួយសង្គ្រោះទាន់

17 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជា​នេសាទ​ម្នាក់​លិច​ទូក​ត្រូវ​បាន​កម្លាំង​ទីបញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

ព័ត៌មាន​ដែល​ទទួល​បាន​ពី​ផេ​ក​ផ្លូវការ របស់​កម្លាំង​ទីបញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅ​វេលា​ម៉ោង​១៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ ២០២៦ មាន​ករណី​លិច​ទូក​នេសាទ​ខ្នាត​តូច ប្រភេទ​ទូក​កន្ទុយ​វែង បំពាក់​ម៉ាស៊ីន​សាំង កម្លាំង​៨.៥០​សេះ ត្រូវ​បាន​លិច​ត្រង់​ចំណុច​និយាម​កា​lat:10°40’12″N Long:103°30’42″E ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ខាងជើង​កោះ​ព្រាប ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​នេសាទ និង​ដោយ​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្តមនាវីទោ​លី ហួត មេបញ្ជាកា​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ បាន​ដាក់​បទបញ្ជា​មក​ឧត្តមនាវីទោ ហែម សុ​ខេ​ង អនុប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ប្រចាំ​បញ្ជា​ចាត់តាំង​លោក វរ​នា​វី​ទោ​ហាស់ ប៊ុ​ន​ថន អនុប្រធាន​ការិយាល័យ​ប្រចាំការ ទីបញ្ជាការ​ជួរ​មុខ​ដឹកនាំ​កម្លាំង​ចំនួន​០៤​រូប ប្រើប្រាស់​អូ​ប័​រ RIHB ចំនួន​០១​គ្រឿង​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជា​នេសាទ ០១​នាក់ ដែល​ជួប​ហានិភ័យ​បាន​លិច​ទូក ខណៈ​កំពុង​តែ​បើកបរ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ និង​ប្រកបដោយ​សុវត្ថិភាព ។

ជន​រង​គ្រោះជា​ម្ចាស់​ទូក​ឈ្មោះ សែ​ម សុ​ខន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​០៣(​ទំនប់​រលក​)​សង្កាត់​លេខ​០១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ការ​បំភ្លឺ របស់​ជន​រង​គ្រោះជា​ម្ចាស់​ទូក​បានឱ្យ​ដឹង​ថា ទូក​នេសាទ​ជា​ប្រភេទ​ទូក​កន្ទុយ​វែង​ខ្នាត​តូច បំពាក់​ម៉ាស៊ីន​សាំង កម្លាំង​៨.៥​សេះ ត្រូវ​បាន​លិច​ដោយសារ​ចុង​ទុយោ​បូមទឹក​បត់​ចូល​ក្នុង​ទូក បណ្តាល​ឱ្យ​ទឹក​ហូរ​ចូល និង​បាន​លិច​តែ​ម្តង ព្រមទាំង​បាត់បង់​សម្ភារៈ​នេសាទ​មួយ​ចំនួន​ផង​ដែរ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​មាន​សុវត្ថិភាព និង​កំពុង​ស្វែងរក​មធ្យោបាយ​ស្រង់​ទូក​ឡើង​វិញ ៕