ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់ពស់ប្រមោយដំរីទេ ? ពស់គ្មានពិសរូបរាងចម្លែក តែបន្តពូជកើតជាកូនភ្លាមៗរស់នៅតាមបឹងបួរកម្ពុជា

16 ម៉ោង មុន

ឈ្មោះ​ខ្មែរ​ហៅ​ពស់ប្រមោយដំរី ជា​ឧរង្គសត្វ​រស់នៅ​ក្នុង​ទឹក​មួយ​ប្រភេទ ដែល​ភាគច្រើន​យើង​អាច​ឃើញ​វា​រស់នៅ​តាម​តំបន់​ទំនាប តាម​ដង​ទន្លេ បឹង ពិសេស​តំបន់​ទឹកសាប​លាយ​ទឹកប្រៃ ជិត​សមុទ្រ ក្នុង​ព្រៃកោងកាង​ជាដើម ។ នេះ​បើ​យោង​តាម​ផេ​ក​ជីវៈចម្រុះ​នៃ​ប្រទេស​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​នេះ ។

ជីវៈចម្រុះ​នៃ​ប្រទេស​កម្ពុជា បាន​បន្ត​ថា វា​ជា​ប្រភេទ​ពស់​ដែល​គ្មាន​ពិស​នោះ​ទេ ហើយ​វា​មាន​វត្ត​មាននៅ​តាម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​យើង​មាន​ដូច​ជា ៖ ឥណ្ឌូ​ណេ​ស៊ី , ម៉ា​លេ​ស៊ី , ថៃ , កម្ពុជា និង វៀតណាម ។ ពស់​នេះ វា​មាន​ស្បែក​រលុង​ជា​ច្រើន​ជាន់ ដែល​ធ្វើ​អោយ​ស្បែក​របស់​វា​មាន​សណ្ឋាន​យារ ហើយ​នៅ​លើ​ផ្ទៃ​ស្បែក​របស់​វា​មាន​ស្រកា​រាង​ជា​ក្រឡា​តូច​ៗ​ដូច​បន្លា ដែល​ធ្វើ​ឱ្យ​វា​មាន​រូបរាង​ខុស​ប្លែក​ពី​ពស់​ដ៏​ទៃ ។ វា​ត្រូវ​បាន​គេ​ស្គាល់​ជា ភាសា​អង់គ្លេស​ថា Javan Wart Snake ឬ Elephant-trunk Snake ដោយសារ​ស្បែក និង​រាង​ក្បាល​របស់​វា​មាន​លក្ខណៈ​ពិសេស ។

ពស់ប្រមោយដំរី ពេញវ័យ​អាច​មាន​ប្រវែង​ប្រហែល ១–២ ម៉ែត្រ ហើយ​ពស់​ដែល​មាន​អាយុ​ចំណាស់​ខ្លាំង អាច​មាន​ទំហំ​ធំ​ជាង​នេះ​ទៀត ចំនែក​សត្វ​ពស់​ញី​អាច​មាន​ទំហំ​ធំ​ជាង​អា​ឈ្មោល​រហូត​ដល់ ៣ ទៅ ៤​ដង ឯណោះ ។

ជាមួយ​គ្នា​នោះ​ដែរ ពស់ប្រមោយដំរី ជា​ពស់​ដែល​ពឹងផ្អែក​លើ​បរិស្ថាន​ទឹកជា​ចម្បង ពួក​វា​ច្រើន​រស់នៅ​ក្នុង ៖ ទន្លេ បឹង អូរ និង​តំបន់​ទឹកសាប ព្រែក តំបន់​ទឹកសាប​ដែល​មាន​ចរន្ត​យឺត តំបន់​ទឹក​ដែល​មាន​ស្មៅ និង​រុក្ខជាតិ​ទឹក​ច្រើន ។
ចំណែក​អាហារ​វិញ វា​ជា​សត្វ​ស៊ីសាច់ (Carnivore) និង​ប្រមាញ់​នៅ​ក្នុង​ទឹក ។ ហើយ​អាហារ​របស់​វា​រួម​មាន​៖ ត្រី ត្រី​តូច​ៗ
បន្ថែម​នេះ​ទៀត ពស់ប្រមោយដំរី មានការ​បន្ត​ពូជ​ខុស​ពី​ពស់​ដ៏​ទៃ​ទៀត​ដែល​ដាក់​ពង ។

វា​ជា​ប្រភេទ​ពស់​ដែល បង្ករ​កំណើត​ក្នុង​ទម្រង់ ជល​ម្ពុ​ជា (viviparous) មាន​ន័យ​ថា កូន​អភិវឌ្ឍ​នៅ​ក្នុង​រាង​កាយ​ម្តាយ ហើយ​កើត​ចេញ​ជា​កូន​ពស់​ដែល​អាច​រស់​ដោយ​ខ្លួនឯង​បាន​តែ​ម្តង ។ ការ​បង្កើតកូន​តែ​ម្តង គឺជា​ការ​សម្រប​ខ្លួន​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សត្វ​ដែល​ចំណាយពេល​ភាគច្រើន​រស់នៅ​ក្នុង​ទឹក​ដូច​ជា​ សត្វ​ពស់​នេះ ព្រោះ​វា​មិន​ចាំបាច់​ឡើង​ទៅ​លើ​ដីគោក ដើម្បី​ដាក់​ពង​នោះ​ទេ ។

វា​ជា​ប្រភេទ​ពស់​កម្រ​ឃើញ និង​រង​គ្រោះ​ពី​ការ​ជួយ​ដូរ​ផង​ដែរ ដោយសារ​តែ​គេ​ទិញ​យក​ស្បែក​របស់​វា​ក្នុង​តម្លៃ​ថ្លៃ សត្វ​ពស់ប្រមោយដំរី​រាប់​ពាន់​ក្បាល​ត្រូវ​បាន​គេ​សម្លាប់​យ៉ាងច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ព្រោះតែ​ដើម្បី​យក​ស្បែក​របស់​វា​មក​ធ្វើ​ជា​វត្ថុធាតុដើម​ក្នុង​រោងចក្រ និង​មួយ​ចំនែក​ទៀត​គេ​ក៏​យកសា​ច់រប​ស់វា​ផង​ដែរ ។ ដោយសារ​តែ​អត្រា​ចំនួន​ពួក​វា​មាននៅ​ក្នុង​ព្រៃ​ច្រើន ទើប​គេ​មិនឃើញ​មានឈ្មោះ​របស់​ពួក​វា​នៅ​ក្នុង​បញ្ជី​សត្វ​ដែល​ជិត​ផុត​ពូជ​នោះ​ទេ ។

សម្រាប់​ការ​សិក្សា​ជីវចម្រុះ​នៅ​កម្ពុជា ពស់ប្រមោយដំរី គឺជា​ប្រភេទ​ពស់​មួយ​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ ព្រោះ​វា​បង្ហាញ​ពី​ការ​សម្រប​ខ្លួន​យ៉ាង​ខ្លាំង​របស់​សត្វ​ល្មូ​ន​ទៅ​នឹង​ជីវិត​ក្នុង​ទឹក ។ ប្រព័ន្ធ​ទន្លេ និង​ដី​សើម​របស់​កម្ពុជា ដូច​ជា ទន្លេមេគង្គ បឹង​ទន្លេសាប និង​តំបន់ដីសើម​ផ្សេង​ៗ មាន​សារៈសំខាន់​សម្រាប់​ជីវចម្រុះ​ទឹកសាប ។ ការ​ស្រាវជ្រាវ​បន្ថែម​អំពី​រប៉ាយ និង​អត្រា​ចំនួន​របស់​ពស់ប្រមោយដំរី នៅ​កម្ពុជា អាច​ជួយ​ឱ្យ​យើង​យល់​កាន់តែ​ច្បាស់​អំពី​សុខភាព​នៃ​ឋាន​ប្រព័ន្ធ​ទឹកសាប​របស់​ប្រទេស​យើង​បាន ៕ អត្ថបទដោយ ៖ សុខ វិជ្ចា