គាស់ដំបូលផ្ទះមិនបានសម្រេច ម្ចាស់ផ្ទះភ្ញាក់ទាន់ស្រែកផ្អើល ប្ដឹងនគរបាលចាប់ខ្លួន
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ម្ចាស់ផ្ទះ ខណៈដែលជនសង្ស័យព្យាយាមធ្វើសកម្មភាពគាស់ដំបូងផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែម្ចាស់ផ្ទះភ្ញាក់ទាន់ស្រែកផ្អើលឆោឡោ ។

នគរបាលស្រុកភ្នំស្រួចបាននិយាយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មានឈ្មោះ ភាន់ សារីម ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិជ្រែ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមកដាក់ពាក្យប្ដឹងទៅលើឈ្មោះ លាង ប៊ុនឡេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជាមួយគ្នា ដើម្បីឲ្យនគរបាលជួយអន្តរាគមន៍ឃាត់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។
នគរបាលស្រុកភ្នំស្រួចបានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឡើងលើដំបូលផ្ទះរបស់គាត់ ដំបូលប្រក់ក្បឿងបម្រុង និងធ្វើសកម្មភាពគាស់ក្បឿងលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលមានម៉ូតូមួយគ្រឿងម៉ាកវ៉េវ (GNE GNE ) ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1AC-0743 ប៉ុន្តែមិនបានសម្រេច ដោយសរូបខ្លួនភ្ញាក់ទាន់ក៏បានស្រែកថា ចោៗហើយ ក៏ស្ងាត់បាត់ទៅ ។

នៅក្នុងពាក្យបណ្តឹងម្ចាស់ផ្ទះដដែល លុះមកដល់វេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក៏ស្រាប់តែឮសម្លេងនៅលើដំបូលផ្ទះម្ដងទៀត ពេលនោះប្ដីរបស់គាត់ បានចេញមកឃើញឈ្មោះ លាង ប៊ុនទ្បេង បានលោតពីលើដំបូលផ្ទះ រត់ទៅទិសខាងកើតបាត់។
នគរបាលស្រុកភ្នំស្រួចបានបន្ថែមទៀត ក្រោយពីទទួលបានពាក្យបណ្តឹងពីម្ចាស់ផ្ទះរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងស្យា ក៏បាននៅចំណុចលើផ្លូវលំ ស្ថិតនៅក្នុងភូមិក្រាំងតាកន ឃុំតាំងស្យា យកមកសាកសួរ ។ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពឡើងលើដំបូលផ្ទះក្នុងគោលបំណងចូលទ្រព្យសម្បត្តិពិតប្រាកដមែន ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យ នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ