ប្រទេសលីប៊ី ៖ កាលពីថ្ងៃទី១១ សីហា បណ្ដាអ្នកពន្លត់ភ្លើងនៅភាគខាងលិចលីប៊ី បន្តខិតខំពន្លត់ភ្លើងដែលឆេះរោងចក្រចម្រាញ់ប្រេងកាតធំមួយ មកពីការវាយប្រហារដោយដ្រូនមួយ ។ ទន្ទឹមនឹងការវាយប្រហារទីតាំងប្រេងនោះ នាយទាហានជាន់ខ្ពស់ម្នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយ នៅភាគខាងកើតប្រទេស។ នោះជាការវាយប្រហារថ្មីបំផុតក្នុងប្រទេសនេះ ដែលស្ថិតក្រោមភាពច្របូកច្របល់នៅឡើយ ក្រោយការសម្លាប់អតីតមេដឹកនាំលោកមូអាម៉ាកាដាហ្វី
មក។

ដ្រូនបានវាយប្រហារនាថ្ងៃទី១០ សីហា អាងស្តុកប្រេងសាំងមួយ នៃរោងចក្រចម្រាញ់ប្រេងកាតZAWIYA ស្ថិតនៅទីក្រុងភាគខាងត្បូងមានឈ្មោះដូចគ្នានេះដែរ ។ ទីក្រុងនេះ ស្ថិតនៅចម្ងាយប្រមាណជា៤៧គីឡូម៉ែត្រ ខាងលិចរដ្ឋធានីទ្រីប៉ូលី ។ ការវាយប្រហារនោះ បណ្ដាលឲ្យមានការឆេះអាងស្តុកប្រេងសាំងដ៏ធំនោះ ដែលភ្លើងបន្តឆេះពេញមួយយប់ និងនៅតែកំពុងពន្លត់រហូតដល់ដល់រសៀលថ្ងៃទី១១ សីហា។ ពុំមានសេចក្ដីរាយការណ៍ពីជនរងគ្រោះឡើយ ហើយក៏មិនទាន់មានក្រុមណាប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះដែរ។
បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមបង្ហាញអណ្ដាតភ្លើងដ៏ធំជះឡើងលើចេញពីអាងប្រេងសាំងនោះ ចំណែកពពកផ្សែងខ្មៅហុយជះទៅលើអាកាស ។ ចំណែកក្រុមអ្នកពន្លត់ភ្លើងហាក់កំពុងប្រើទឹកសាប៊ូតតាំងភ្លើង។ ពេលក្រុមអ្នកពន្លត់ភ្លើងកំពុងបាញ់ទឹកសាប៊ូប៉ងពន្លត់ភ្លើងឆេះក្នុងរោងចក្រនេះ ដ្រូនមួយទៀតវាយប្រហារចំក្បែរអាងប្រេងយុទ្ធសាស្ត្រមួយស្ថិតនៅមិនឆ្ងាយពីអាងប្រេងកំពុងឆេះ ។ តែការវាយប្រហារលើកក្រោយនេះ មិនបណ្ដាលឲ្យមានជនរងគ្រោះឬការខូចខាតឡើយ ៕

ចែករំលែកព័តមាននេះ