ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រើមព្រះសត្វជើងច្រើនដ៏អាថ៌កំបាំងនៅកម្ពុជា ៖ ជីវៈចម្រុះដ៏វិសេសវិសាល និងការរកឃើញប្រភេទថ្មីៗគួរឱ្យចាប់អារម្មណ៍

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឈ្មោះ​ខ្មែរ​ហៅ​ថា ម្រើមព្រះ , ម្រោម​ព្រះ គឺជា​ប្រភេទ​សត្វ​ពហុ​បាទី​ម្យ៉ាង ដែល​មាន​ជើង​ច្រើន ពួក​វា​មិន​ស្ថិត​នៅ​ក្នុង​ប្រភេទ​ជា​សត្វល្អិត​ទេ ប៉ុន្តែ​ជា​សមាជិក​នៃ​ក្រុម Myriapoda ( សត្វ​ពហុ​បាទី ) ដែល​រួម​មាន​ទាំង​សត្ត​វង្ស​ក្អែប (Centipedes) ផង​ដែរ ។ នេះ​បើ​យោង​តាម​ផេ​ក​ជីវៈចម្រុះ​នៃ​ប្រទេស​កម្ពុជា បាន​ប្រកាស​នា​ពេល​ថ្មី​នេះ ។

ជីវៈចម្រុះ​នៃ​ប្រទេស​កម្ពុជា បាន​បន្ត​ថា លក្ខណៈ​ពិសេស​របស់​វា គឺរាង​កាយ​វែង​បែងចែក​ជា​ច្រើន​កំណាត់ ហើយ​ភាគច្រើន​នៃ​កំណាត់​នីមួយ​ៗ​មាន ជើង ២​គូ ។ ទោះបី​មានឈ្មោះ​ថា ម្រើមព្រះ​ក៏​ដោយ ក៏​គ្មាន​ប្រភេទ​ណាមួយ​មាន​ជើង​ដល់​១,០០០ ជើង​ពិតប្រាកដ​នោះ​ដែរ ។

ប្រភេទ​ម្រើមព្រះ ដែល​បាន​ធ្វើ​កំណត់​ត្រា​នៅ​កម្ពុជា​យើងៈ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្ត្រ​បាន​កត់ត្រា​អំពី​ប្រភេទ​របស់​ពួក​វា​បាន​ចំនួន ១៩ ប្រភេទ​ហើយ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដែល​បែងចែក​ទៅ​តាម​ចំណាត់ថ្នាក់​នៃ​ពូជ​ដូច​ខាងក្រោម ៖
ម្រើមព្រះ​មាន​ចំនួន​សរុប ១៥ ពូជ (Genera) ចែក​ជា ១២ គ្រួសារ (Families) និង ៨ លំដាប់ (Orders) ។ ទោះជា​យ៉ាងណា អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ ព្រោះ​តំបន់​ព្រៃ​ភ្នំ និង​ព្រៃ​និវត្តន៍​ជា​ច្រើន​នៅ​កម្ពុជា មិន​ទាន់​ត្រូវ​បាន​សិក្សា​លម្អិត​នៅឡើយ​ទេ ។

ទីជម្រក​ម្រើមព្រះ អាច​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​សំណើម​ខ្ពស់ ដូច​ជា​៖ + ព្រៃ​និវត្តន៍​សំណើម​ខ្ពស់ +ព្រៃ​តំបន់​ភ្នំ​+ ព្រៃ​ឫស្សី​+ ក្រោម​ទី​ដែល​មាន​ស្លឹកឈើ​ជ្រុះ​+ ក្រោម​ទី​ដែល​មាន​ឈើ​ពុក​+ ក្រោម​ថ្ម និង​ក្នុង​ដី​សើម​ពួក​វា​ច្រើន​ចេញ​សកម្ម​ជា​ចម្បង​នៅ​ពេល​យប់ ឬ​ក្រោយ​ភ្លៀង​ធ្លាក់ ( សត្វ​រត្តិចរ )​។ អាហារ​សម្រាប់​ម្រើមព្រះ ភាគច្រើន​ជា​សត្វ​ស៊ី​សំណល់​រុក្ខជាតិ (Detritivore) ដោយ​ពួក​វា​ស៊ី​អាហារ​ដូច​ជា ៖ + ស្លឹកឈើ​ជ្រុះ + ឈើ​ពុក​+ ផ្សិត​+ សំណល់​រុក្ខជាតិ​+ សារធាតុសរីរាង្គ​ដែល​កំពុង​រលួយ

នៅ​ឆ្នាំ ២០២៥ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ពិពណ៌នា​អំពី​ប្រភេទ​ថ្មី​ចំនួន ៣ ប្រភេទ​ទៀត​ផង​ដែរ ក្នុង​ពូជ Orthomorpha ពី​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ថា ជីវចម្រុះ​របស់​សត្វ​ម្រើមព្រះ​នៅ​កម្ពុជា នៅ​តែ​មិន​ទាន់​ត្រូវ​បាន​សិក្សា​អោយ​បាន​ពេញលេញ​នៅឡើយ​ទេ ។

ទោះបីជា​សត្វ​ម្រើមព្រះ ភាគច្រើន​មិន​ស្ថិត​ក្នុង​បញ្ជី​ក្រហម​ជិត​ផុត​ពូជ​ក៏​ដោយ ក៏​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​បាត់បង់​ជម្រក និង​ការ​បំពុលបរិស្ថាន អាច​ប៉ះពាល់​ដល់​អត្រា​ចំនួន​របស់​ពួក​វា​ផង​ដែរ ។ ដូច្នេះ​ហើយ ការ​អភិរក្ស​ព្រៃ​ធម្មជាតិ និង​ការ​ស្រាវជ្រាវ​បន្ថែម គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការ​យល់​ដឹង និង​ការពារ​ក្រុម​សត្វ​នេះ​អោយ​បាន​ល្អ និង​ទុក​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​សិក្សា​ស្វែង​យល់​បន្ថែម ៕ អត្ថបទដោយ ៖ សុខ វិជ្ចា