នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានពញាក់ការចាប់អារម្មណ៍ទៅមហាជនរឿងបញ្ហាប្រជាសាស្ត្រមួយ គឺការធ្លាក់ចុះនៃអត្រាកំណើតរបស់ពលរដ្ឋនៅតំបន់ខ្លះក្រោម១ភាគរយ ។

ថ្លែងនៅពេលអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សម្តេចធិបតីបានពញាក់ថា សូមគិតគូរជំរុញអត្រាកំណើត ខណៈតំបន់ខ្លួនមានសចក្តីរាយការណ៍ថា ធ្លាក់ត្រឹម១ភាគរយ ហើយកន្លែងខ្លះក្រោម១ភាគរយ ។

យោងតាមរបាយការណ៍លទ្ធផលបឋម នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ កម្ពុជាមានកំណើនប្រជាជនមធ្យមប្រចាំឆ្នាំប្រមាណ២,១ភាគរយ ខណៈអត្រាលទ្ធភាពមានកូនសម្រាប់ស្ត្រីអាយុ១៥-៤៩ឆ្នាំ ម្នាក់មាន២,៥នាក់ ។

ប្រភពដដែលបានបន្តថា កម្ពុជាមានគ្រួសារសរុបមាន៣,៧៣លានគ្រួសារ ជាមួយនឹងចំនួនសមាជិកគ្រួសារមធ្យមមាន ៤,៦នាក់ ។ ចំណែកអាយុ សង្ឃឹមរស់ពលរដ្ឋទាំងពីរភេទ គឺ៧៦,៦ឆ្នាំ ដោយបុរសមានអាយុសង្ឃឹមរស់៧៤,៧ឆ្នាំ និងស្ត្រី៧៨,៤ឆ្នាំ ៕
ចែករំលែកព័តមាននេះ