ទីក្រុងប៉េកាំង ៖ យន្តហោះដឹកអ្នកដំណើរធុន C919 ផលិតផលក្នុងស្រុករបស់ប្រទេសចិន ចាប់ផ្តើមហោះហើរលើផ្លូវពាណិជ្ជកម្មអន្តរជាតិជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ Air China បានដាក់ពង្រាយយន្តហោះ១គ្រឿងនេះ សម្រាប់សេវាកម្មប្រចាំថ្ងៃ តភ្ជាប់ពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងអ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេសម៉ុងហ្គោលី។ នេះបើយោងតាមប្រភពសារព័ត៌មាន The Standard របស់កុងហុងបានចេញផ្សាយ។
ជើងហោះហើរដំបូងបង្អស់ លេខ CA723 គ្រោងចាកចេញពីព្រលានយន្តហោះអន្តរជាតិទីក្រុងប៉េកាំង (Beijing Capital International Airport) នៅម៉ោងប្រហែល ៣ រសៀល (ម៉ោងក្នុងស្រុក)។
C919 គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតធំដំបូងគេរបស់ចិន ដែលត្រូវបានអភិវឌ្ឍឡើងស្របតាមស្តង់ដារអន្តរជាតិ និងមានកម្មសិទ្ធិបញ្ញាឯករាជ្យ។ យន្តហោះនេះបានបញ្ចប់ការហោះហើរពាណិជ្ជកម្មជាលើកដំបូងបង្អស់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ហើយបានបញ្ចប់ការហោះហើរពាណិជ្ជកម្មតាមកាលវិភាគលើកដំបូងនៅក្រៅចិនដីគោក ពីទីក្រុងស៊ាងហៃទៅកាន់ទីក្រុងហុងកុង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
យោងតាមទិន្នន័យពីក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មរដ្ឋចិន COMAC បានបង្ហាញថា យន្តហោះ C919 បច្ចុប្បន្នកំពុងត្រូវបានដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Air China, China Eastern Airlines និង China Southern Airlines។ ដោយគិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បណ្តាយន្តហោះក្នុងស្រុកនេះបានបម្រើជើងហោះហើរសរុបចំនួន ៥៧ ជើង កាត់តាមទីក្រុងចំនួន ២៥ ដោយបានដឹកជញ្ជូនអ្នកដំណើរជាង ៧,៥ លាននាក់។
គួរបញ្ជាក់ថា ការផលិតបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១១ ដោយយន្តហោះគំរូដំបូងបង្អស់ត្រូវបានដាក់បង្ហាញនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៥ ហើយការហោះហើរសាកសល្បងលើកដំបូងបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០១៧ មុនពេលទទួលបានទទួលបានវិញ្ញាបនបត្របញ្ជាក់ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ យន្តហោះគ្រឿងដំបូងបង្អស់ត្រូវបានប្រគល់ជូនក្រុមហ៊ុន China Eastern Airlines នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២២ និងត្រូវបានដាក់ឱ្យដំណើរការបម្រើសេវាកម្មដឹកអ្នកដំណើរពាណិជ្ជកម្មនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៣៕


ចែករំលែកព័តមាននេះ