ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​ល្លឺ​ម៉​ង់ ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង TVET

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ ស៊ី​ល​ខឹ រើ​ហ្វើ (Silke Röfer) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង បន្ទាប់​ពី​លោក​ជំទាវ​ទទួល​បានការ​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នា​ពេល​នេះ គឺ​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ ដែល​កំពុង​បន្ត​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ព្រមទាំង​កំណត់​វិស័យ​សក្តានុពល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត ។

ជាមួយនឹង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ជំទាវ ស៊ី​ល​ខឹ រើ​ហ្វើ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អបអរសាទរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​រយៈពេល​យូរអង្វែង​របស់​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ TVET ការ​លើកកម្ពស់​ការងារ កិច្ច​គាំពារ​សង្គម និង​ការ​កែ​លម្អ​ស្តង់ដា​ការងារ ការ​ពង្រឹងសមត្ថភាព​ស្ថាប័ន ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​នៅ​កម្ពុជា តាម​រយៈ​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​និង​អង្គការ GIZ ។ បន្ថែម​ពី​នេះ ជំនួប​នេះ​នឹង​ផ្តល់​នូវ​ឱកាស​ដ៏​មាន​តម្លៃ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ ជា​ពិសេស​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង TVET ។

ឯកឧត្ដម ហេង សួរ បាន​លើក​ឡើង​ពី​គាំទ្រ​ជា​បន្តបន្ទាប់​របស់​អា​ល្លឺ​ម៉​ង់ តាម​រយៈ​កម្មវិធី GIZ FABRIC ក្នុង​ការ​កែ​លម្អ​ស្តង់ដា​ការងារ ពង្រឹងសមត្ថភាព​អធិការកិច្ច​ការងារ និង​លើកកម្ពស់​ការ​អនុវត្ត​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​ចីរភាព​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​។ ឯកឧត្តម​ក៏​បាន​បង្ហាញ​ពី​គោលបំណង​នៃ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ការ​សម្របសម្រួល​បង្កើត​ឱកាស​ការងារ​នៅ​អា​ល្លឺ​ម៉​ង់​សម្រាប់​ពលករ​ជំនាញ​កម្ពុជា​ក្នុង​វិស័យ​ជាក់លាក់​ណាមួយ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ TVET ជាដើម​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​ជំរុញ​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ឱ្យ​មានការ​រៀបចំ​វេទិកា OECD នៅ​កម្ពុជា នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២៧ ដែល​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផ្គត់ផ្គង់​ដំបូង​គេ​ដែល​រៀបចំ​វេទិកា​នេះ​នៅ​ក្រៅ​ទីផ្សារ​អ្នក​ប្រើប្រាស់​។ វេទិកា​នេះ​រំពឹង​ថា​នឹង​មានការ​ចូលរួម​ពី​ម៉ាក​អា​ល្លឺ​ម៉​ង់ អ្នកជំនាញ តំណាង​រដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ OECD​។ ឯកឧត្តម​ក៏​បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​ភាគី​អា​ល្លឺ​ម៉​ង់​ក្នុង​ការ​ចូលរួម និង​រៀបចំ​វេទិកា​នេះ​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អា​ល្លឺ​ម៉​ង់ និង​គាំទ្រ​លោក​ជំទាវ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត ដោយ​ឯកឧត្តម​ជឿជាក់​យ៉ាង​មុតមាំ​ថា ចំណងមិត្តភាព​ដ៏​យូរអង្វែង​ប្រកបដោយ​ផ្លែផ្កា​រវាង​ភាគី​ទាំង​ពីរ​នឹង​បន្ត​រីក​ចម្រើន​បន្ថែម​ទៀត​ក្នុង​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក​ជំទាវ ជា​ពិសេស​ក្នុង​វិស័យ​ការងារ សន្តិសុខ​សង្គម និង TVET ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ ស៊ី​ល​ខឹ រើ​ហ្វើ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដ៏​មាន​តម្លៃ​នេះ​។ លោក​ជំទាវ​ក៏​បាន​អបអរសាទរ​កម្ពុជា និង​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​ក្នុង​ការ​រៀបចំ​វេទិកា OECD ព្រមទាំង​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​នៅ​ក្នុង​អាណត្តិ​របស់​លោក​ជំទាវ តាម​រយៈ​ជំរុញ​ឱ្យ​មន្ត្រីជាន់ខ្ពស់​អា​ល្លឺ​ម៉​ង់​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក៏​ដូច​ជា​ជំរុញ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ៕