ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​ស៊ែ​បៃ​ហ្ស​ង់ បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការ​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ

11 ម៉ោង មុន

​រដ្ឋធានី​បា​គូ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ជាមួយ លោក​ជំទាវ Sahiba Gafarova ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ក្នុង​ឱកាស ​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល នៃ​សន្និសីទ​ស្តី​ពី​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៧ នៅ​រដ្ឋធានី​បា​គូ នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ពី​ថ្ងៃ​ទី​១១ ដល់​១៥ ខែតុលា ឆ្នាំ​២០២៦​ ។

ក្នុង​ឱកាស​នៃ​ជំនួប​, លោក​ជំទាវ​ប្រធានរដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​សម្តែង​ក្តី​រីករាយ​ក្នុង​ការ​ស្វាគមន៍​សម្តេច​ធិ​បតី​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល CICA លើក​ទី​៧ នា​ឱកាស​នេះ​ ។

លោក​ជំទាវ​ក៏​បាន​គូស​រំលេច​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​អា​ស៊ែ​បៃ​ហ្ស​ង់ និង​កម្ពុជា​ក្នុង​រយៈពេល​ជាង ៣​ទសវត្សរ៍​កន្លង​មកនេះ ទាំងគ្រប់​កម្រិត​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​, សភា​និង​សភា ក៏​ដូច​ជា​គណបក្ស​និង​គណបក្ស ដែល​ការណ៍​នេះ​បង្ហាញ​អំពី​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​រវាង​ប្រជាជាតិ​ទាំង​ពីរ ហើយ​លោក​ជំទាវ​សង្ឃឹមថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ដើម្បី​ផ្ដល់​ជា​ឧត្តម​ប្រយោជន៍​បន្ថែម​ទៀត​ដល់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។

ជា​ការ​ឆ្លើយ​តប​, សម្តេច​ធិ​បតី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​បាន​ផ្ដល់​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ជូន​សម្តេច និង គណៈប្រតិភូ​កម្ពុជា ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ នា​ពេល​នេះ ​។

ជាមួយ​គ្នា​នេះ​ សម្ដេច​ធិ​បតី​បាន​គូស​រំលេច​អំពី​កិច្ច​ពិភាក្សា​ដែល​សម្ដេច និង​ឯកឧត្តម​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ឯកភាព​គ្នា ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, នយោបាយ និង​ការទូត​, សន្តិសុខ និង​ការពារ​ជាតិ​, អប់រំ​, ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ ។

សម្តេច​ធិ​បតី និង​លោក​ជំទាវ​ប្រធាន​សភា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ ។ ក្នុង​ឱកាស​នោះ​ដែរ​, សម្ដេច​ធិ​បតី​បាន​លើក​ឡើង​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​សភា ក្នុង​ការ​ពង្រឹង​ភាព​ជឿជាក់​, កិច្ច​សហប្រតិបត្តិការ និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រជាជាតិ​ទាំង​ពីរ​ ។

ទន្ទឹម​នឹង​នេះ​, សម្ដេច​ធិ​បតី ក៏​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​កម្រិត ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ផ្តល់​ជា​ឧត្តម​ប្រយោជន៍ ជូន​ដល់​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ តាម​រយៈ​ការ​ទាញ​យក​សក្ដានុពល​ពេញលេញ​ពី​ទំនាក់ទំនង​ទ្វេភាគី​នេះ​៕