ទីក្រុងឡាអេ ៖ ភ្នាក់ងារតំណាងកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ ដោយរក្សាគោលជំហរ និងគោលបំណង គឺដំណោះស្រាយមួយ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ និងស្វែករកសន្តិភាពយូរអង្វែង ។
យោងតាមបណ្តាញសង្គមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា មកដល់ទីតាំង ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ។
ភាគីថៃ ដឹកនាំដោយលោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារតំណាងថៃ ។
កិច្ចប្រជុំលើកទី២នេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន (Registry) ។
សូមបញ្ជាក់ថា គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។ ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។
ដោយឡែកជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រម ព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ ។
ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើព្រំដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការចរចាដើម្បីសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS ។
សូមរម្លឹកថា កិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាជាមួយកម្ពុជា និងថៃ បានប្រព្រឹត្តិទៅនៅខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ៕








ចែករំលែកព័តមាននេះ