ប្រតិភូកីឡាតេក្វាន់ដូITFកម្ពុជាត្រឡប់មកវិញជាមួយជ័យជម្នះនិងមោទនភាពជូនជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមប្រតិភូកីឡាតេក្វាន់ដូITFកម្ពុជាដែលបានទៅបំពេញបេសកកម្ម ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១១នៅប្រទេសម៉ុងហ្គោលីកាលពីថ្ងៃទី៣ ខែសីហា បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយកាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយបាននាំមកជាមួយនូវមហាជោគជ័យយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ។
ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាករ កីឡាការិនីតេក្វាន់ដូITFកម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ីនៅប្រទេសម៉ុងហ្គោលីលើកនេះ បានសម្ដែងនូវមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីទទួលបានជោគជ័យជាប្រវត្តិសាស្ត្រនៅក្នុងការប្រកួតនៅលើឆាកអន្តរជាតិ និងបានបំបែកកំណត់ត្រាឆ្នាំចាស់ដែលធ្លាប់ដណ្ដើមបានមេដាយត្រឹមតែជាង២០គ្រឿង តែពេលនេះបានរហូតដល់ទៅ៤១គ្រឿង ។ អ្វីដែលកាន់តែធ្វើឱ្យយើងមានមោទនភាពខ្លាំងបំផុតគឺឈ្នះការបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកកីឡាតេក្វាន់ដូអាស៊ីលើកទី១២ ឆ្នាំ២០២៦ ។
នេះបើតាមការលើកឡើងរបស់ឯកឧត្តមនៅឯអាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបតែធ្វើមាតុភូមិនិវត្តន៍កាលពីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមប្រធានសហព័ន្ធបានមានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា កីឡាតេក្វាន់ដូITFកម្ពុជារាល់ការចេញទៅប្រកួតនៅលើឆាកអន្តរជាតិសុទ្ធតែបានតាំងចិត្តយ៉ាងមុតមាំដើម្បីដណ្ដើមយកជ័យជម្នះជូនជាតិ។ ជាក់ស្ដែងមុនពេលចេញទៅប្រកួតលើកនេះ តេក្វាន់ដូITFកម្ពុជាត្រូវតែឈ្នះ និងបានត្រៀមថង់រួចជាស្រេចសម្រាប់ដាក់មេដាយត្រឡប់មកវិញ ព្រោះឯកឧត្តមមានប្រសាសន៍ថា គ្មានអ្នកណាមានដៃ២០ជើង១០០នោះទេ បើទៅប្រកួតហើយត្រូវតែឈ្នះ។ អ្វីដែលធ្វើឱ្យអន្តរជាតិចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺកីឡាករ កីឡាការិនីថ្នាលរបស់យើងពិតជាធ្វើបានល្អខ្លាំងណាស់ ល្អជាងកីឡាករថ្នាលមកពីបណ្ដាប្រទេសផ្សេងៗ និងបានប្រកួតឈ្នះលើវិញ្ញាសាសម្ដែងដណ្ដើមបានមេដាយមាសចំនួន២គ្រឿងនាំមុខក្រុមកីឡាករឈុតធំទៀតផង។ឯកឧត្តមសង្ឃឹមថា កីឡាករថ្នាលកម្ពុជានឹងក្លាយជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។
ឯកឧត្តមកែវ រ៉េមី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលមានគោលនយោបាយគាំពារ ការពារលើកស្ទួយវិស័យកីឡាស្របទៅនឹងពាក្យស្លោក កីឡារស់ក្នុងសន្តិភាព។ មិនតែប៉ុណ្ណោះ ឯកឧត្តមក៏មិនបំភ្លេចដល់ការចូលរួមជួយពីឯកឧត្តមសាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជួយដល់ការចេញដំណើរទៅប្រកួតនៅម៉ុងហ្គោលីលើកនេះ ៕





ចែករំលែកព័តមាននេះ