ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo និង Georgina ក្លាយជា​ប្តី​ប្រពន្ធ​ស្របច្បាប់ ក្រោយ​រួមរស់​នឹង​គ្នា​អស់​ពេល​១០​ឆ្នាំ

15 ម៉ោង មុន

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម Cristiano Ronaldo បាន​រៀប​ការ​ជាមួយ​ដៃគូ​ដ៏​យូរអង្វែង​របស់​ខ្លួន គឺ​កញ្ញា Georgina Rodríguez ដែល​ជា​ម៉ូ​ដែល នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​តាម​ផ្លូវច្បាប់​មួយ នៅ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​។ នេះ​បើ​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៦​។

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ និង​ក្លិប Al Nassr វ័យ​៤១​ឆ្នាំ​រូប​នេះ បាន​បង្ហោះ​រូបភាព​មួយ​នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន ដោយ​បង្ហាញ​ពី​ដៃ​ដែល​បាន​គេ​សន្មត​ថា​ជា​ដៃ​របស់​លោក​នៅ​ពីលើ​ដៃ​ភរិយា (Georgina) ហើយ​ដៃ​ទាំង​ពីរ​នាក់​សុទ្ធតែ​មាន​ពាក់ចិញ្ចៀន​អាពាហ៍ពិពាហ៍​។

ក្រឡេក​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័រ​ទុ​យ​ហ្គា​ល់​បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា អាពាហ៍ពិពាហ៍​ប្រចាំឆ្នាំ ដោយ​បាន​រាយការណ៍​ថា គូស្នេហ៍​១​គូ​នេះ បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុង​ទីក្រុង​ជាប់មាត់​សមុទ្រ Cascais នៅ​ក្បែរ​ទីក្រុង Lisbon ព្រមទាំង​វត្ត​មានកូន​ៗ​ទាំង ៥ នាក់​របស់​ពួក​គេ​ផង​ដែរ​។

ការ​បង្ហោះ​នៅ​លើ Instagram នោះ​ទទួល​បានការ​ចុច​ចូល​ចិត្ត (Like) ជាង ៣​លាន​ដង ក្នុង​រយៈពេល​ត្រឹមតែ ៣០​នាទី​ប៉ុណ្ណោះ បន្ទាប់​ពី​ត្រូវ​បាន​បង្ហោះ​។ គូស្នេហ៍​១​គូ​នេះ​បាន​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ពួក​គេ​បាន​ជួប​គ្នា​ដំបូង​បង្អស់​នៅ​ហាង​ទំនិញ​ប្រណីត Gucci មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ដែល​កាលនោះ Georgina ដែល​ជា​កូនកាត់​អេ​ស្ប៉ា​ញ​-​អា​ហ្ស់​ង​ទី​ន ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ទីនោះ ចំណែក Ronaldo កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Real Madrid​។

ពួក​គេ​បាន​ប្រកាស​ពី​ភ្ជាប់ពាក្យ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ ២០២៥ ដោយពេល​នោះ Georgina Rodríguez បាន​បង្ហោះ​រូប​ចិញ្ចៀនពេជ្រ​ដ៏​ធំ​១​រង់ រួម​ជាមួយ​ការ​សរសេរ​ជា​ភាសា​អេ​ស្ប៉ា​ញ​ថា «​ចាស​! អូន​យល់ព្រម​ហើយ​។ ទាំង​ក្នុង​ជាតិ​នេះ និង​គ្រប់​ជាតិ​របស់​អូន​»៕