ចក្រភពអង់គ្លេស ៖ ក្រុមសម្ព័ន្ធមួយ រួមមានទាំងមហាសេដ្ឋីមានបំផុតលំដាប់ទី ៤ ពិភពលោក ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ផងនោះ កាន់តែខិតជិតឈានដល់កិច្ចព្រមព្រៀងទិញភាគហ៊ុនប្រហែលមួយភាគបី នៅក្នុងក្លិបបាល់ទាត់ Liverpool ហើយ។ ស្របពេលដែលកាសែតចក្រភពអង់គ្លេស Sky News បានដឹងឱ្យថា ក្រុមហ៊ុន Fenway Sports Group (FSG) ដែលជាម្ចាស់ភាគហ៊ុនគ្រប់គ្រងក្លិបយក្សនៅអង់គ្លេសមួយនេះ តាំងពីឆ្នាំ ២០១០ មក ក៏កំពុងរៀបចំប្រកាសអំពីកិច្ចព្រមព្រៀងនេះយ៉ាងឆាប់បំផុតនៅសប្តាហ៍នេះ។
កិច្ចព្រមព្រៀង នឹងបង្ហាញពីការចូលរួមរបស់មហាសេដ្ឋីអាមេរិក លោក Bezos ក្នុងក្រុមអ្នកវិនិយោគមួយ រួមជាមួយលោក Eduardo Saverin សហស្ថាបនិកបណ្តាញសង្គម Facebook។ ក្រុមវិនិយោគនេះ ត្រូវបានដឹកនាំដោយលោក Amit Bhatia ដែលជាកូនប្រសាររបស់មហាសេដ្ឋីក្រុមហ៊ុនផលិតដែកថែប Lakshmi Mittal។
ប្រភពសិ្នទ្ធនឹងរឿងនេះបង្ហើបថា ការប្រកាសជាផ្លូវការត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រសិនបើត្រូវបានបញ្ចប់ជាស្ថាពរ កិច្ចព្រមព្រៀងនេះ នឹងតែងតាំងបុគ្គលដែលជាមហាសេដ្ឋីមានបំផុតលំដាប់ពិភពលោកចំនួន ៣ នាក់ ជាម្ចាស់កម្មសិទ្ធិរួមគ្នាសម្រាប់ក្លិបហង្សក្រហម Liverpool ដែលជាក្លិបជោគជ័យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស។ ដ្បិតគ្រាន់តែលោក Bezos ម្នាក់ ទ្រព្យសម្បត្តិត្រូវបានប៉ាន់ប្រមាណដោយទស្សនាវដ្តី Forbes ថាជាង ២៨០ ពាន់លានដុល្លារអាមេរិកទៅហើយ ខណៈដែលលោក Saverin មានប្រមាណជាង ៣២ ពាន់លានដុល្លារអាមេរិក។
ការវិនិយោគដ៏មហាសាលក្នុងក្លិប Liverpool នេះ ត្រូវបានរាយការណ៍ថា នឹងធ្វើឱ្យក្លិបនេះមានតម្លៃរហូតដល់ ៦ ពាន់លានដុល្លារអាមេរិក ហើយវាក៏នឹងក្លាយជាកិច្ចព្រមព្រៀងដ៏មានតម្លៃបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាផងដែរ៕ ប្រភព ៖ Sky News



ចែករំលែកព័តមាននេះ