ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទឹកចិត្តសិស្ស! អភិបាលខេត្តព្រះសីហនុ សន្យាជូនម៉ូតូ១គ្រឿង ដល់បេក្ខជនប្រឡងបាក់ឌុបដែលទទួលបាននិទ្ទេស A

1 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ លោក សុខ គាង រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ជា​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ ទទួល​បន្ទុក​វិស័យ​អប់រំ​លោក​ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា​លោក ម៉ាង ស៊ី​ណេ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២៥-២០២៦ នៅ សាលា​វិទ្យាល័យ​ហ៊ុន សែន​មិត្តភាព​ស្ថិត​នៅ​សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

លោក ម៉ាង ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ជា​បេក្ខជន​,​បេ​ក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃ​ទី​១០​និង​១១ ខែសីហា ឆ្នាំ​២០២៦ នៅ​សាលា​វិទ្យាល័យ​ហ៊ុន សែន​មិត្តភាព ក្រុងព្រះសីហនុ​បាន បញ្ជាក់​ថា រាល់​វិញ្ញាសារ​ប្រឡង​ត្រូវ​ទុកដាក់​ក្នុង​ហឹប​ចាក់ សោ​ជិត​មិន​មាន​ស្នាម​បើក​នោះ​ទេ​ព្រមទាំង​បាន​យក​មក បើក​សោរ​នៅ​ចំពោះ​មុខ​គណមេប្រយោគ​និង​បេក្ខជន​ប្រឡង​ដើម្បី​ពិនិត្យ​ពី​ភាព​ត្រឹមត្រូវ​ម្យ៉ាងទៀត​ស្រោម​ប្រអប់​សំ​ណេ​រ​វិញ្ញាសារ​មាន​ស្នាម​ត្រា​ត្រឹមត្រូវ​ព្រមទាំង​ចូលរួម​ចុះហត្ថលេខា​ពី​បេក្ខជន​ប្រឡង​លើ​វិញ្ញាសារ​ប្រឡង​ដោយ​មិន​មានការ​បែកធ្លាយ​វិញ្ញាសារ​ប្រឡង​ចេញ​ទៅ​ខាងក្រៅ​នោះ​ទេ​។ ទន្ទឹម​នោះ លោក​អភិបាលខេត្ត​បាន​បន្ត​ថា សូម​ក្មួយ​ៗ​ជា​បេក្ខជន​ត្រូវ​ខិតខំ​បញ្ចេញ​សមត្ថភាព​ដែល យើង​បាន​ខិតខំ​រៀនសូត្រ​រយៈពេល​១២​ឆ្នាំ​កន្លង​មកនេះ​ឪ្យ​ទទួល​បាន​លទ្ធផល​ល្អ​គ្រប់​គ្នា ។

លោក​អភិបាលខេត្ត​ក៏​បាន​សន្យា​ថា ចំពោះ​បេក្ខជន​ដែល​ប្រឡង​ទទួល​បាន​និទ្ទេស A និង​ទទួល​បាន​ម៉ូតូ​មួយ​គ្រឿង និង​សូម​ជូនពរ​ឪ្យ​បេក្ខជន​ទាំងអស់​ប្រឡង​ជាប់​គ្រប់​គ្នា និង​ទទួល​បាន​និទ្ទេស​ល្អ​គ្រប់​គ្នា​។

លោកស្រី អ៊ុ​ច សោភា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ​បាន​ឪ្យ​ដឹង​ថា​ការ​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២៥- ២០២៦ ខេត្ត​ព្រះ​សីហ​នុ បេក្ខជន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន ២៤០១​នាក់​ស្រី​១២៦៧​នាក់ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន ២​មណ្ឌល​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៣​មណ្ឌល គឺ​មាន ៥​មណ្ឌល ស្មើនឹង ៩៩​បន្ទប់​។

លោកស្រី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​បន្ត​ថា ដោយ មានការ​យកចិត្តទុកដាក់​ពី​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ​បេក្ខជន​បេ​ក្ខ​នារី​ដែល​មក​ចូលរួម​ប្រឡង​ត្រូវ​បាន​ផ្តល់​ការ​ស្នាក់​នៅ​និង​អាហារ ៦​ពេល រួម​ទាំង​ការ​ផ្ញើ​កង់ ម៉ូតូ​សម្រាប់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​មក​ពី​ក្រុង ស្រុក​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង​ ​ដើម្បី​ជួយ​សម្រួល​សម្រាប់​បេក្ខជន​និង​បន្ថយ​បន្ទុក​ក្រុម​គ្រួសារ​ផង​ដែរ ។ ហើយ​នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​៥​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ចាប់ផ្តើម​សំ​ណេ​រ​នៅ​ម៉ោង​៧​ព្រឹក​ដូច​គ្នា ម្យ៉ាងទៀត​នៅ​តាម​មណ្ឌល​ប្រឡង​និ​មួយ​ៗ​មាន​សណ្តាប់ធ្នាប់​ល្អ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ សម្រាប់​ព្រឹក​ថ្ងៃ​ទី​១០​នេះ ។

សូម​បញ្ជាក់​ថា ឆ្នាំ​សិក្សា ២០២៤-២០២៥ ខេត្ត​ព្រះ​សីហ​នុ មាន​បេក្ខជន​ប្រឡង​ចំនួន​២២២៤​នាក់​ស្រី ១ ១៥០​នាក់ ស្មើនឹង​៧៨​បន្ទប់ ហើយ​សិស្ស​ប្រឡង​ទទួល​បាន​និទ្ទេស A មាន​ចំនួន ៥៦​នាក់ ស្រី ២៦​នាក់ ៕