ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ក្នុង​ខេត្តសៀមរាប បន្ត​នាំ​យក​គ្រឿងឧបភោគបរិ​ភោគ ​និង​ថវិកា​ ឧបត្ថម្ភជូន​ដល់​កងទ័ព​ការពារ​ព្រំដែន​ក្នុង​ខេត្តព្រះវិហារ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ក្នុង​ស្មារតី​សាមគ្គី​ជាតិ និង​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កងកម្លាំងប្រដាប់អាវុធ ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៦​នេះ ព្រះ​គ្រូ​ចៅអធិការ​តាម​បណ្តា​វត្ត​នឹង​លោកតា លោកយាយ ញាតិ​ពុទ្ធ​បរិ​ស័ទ​ ក្នុង​ខេត្តសៀមរាប បាន​និមន្ត និង​ចូលរួម នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​បងប្អូន​កងទ័ព​ជួរ​មុខ​ដោយ​ផ្ទាល់​។

ព្រះ​យ​សោ​ធរ​ញ្ញាណ ឡោម សុ​ឈា​ត ព្រះ​ចៅអធិការ​វត្ត ព្រះ​សិ​អារ្យ មាន​ថេរ​ដីកា​ថា សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​នេះ បាន​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​រវាង «​ពុទ្ធចក្រ និង អាណាចក្រ​» ជា​ពិសេស​គឺ​ទឹក ព្រះ​ទ័យ​របស់​ព្រះសង្ឃ​ខ្មែរ និង ពុទ្ធបរិស័ទ ដែល​តែងតែ​គិតគូរ និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​កងទ័ព​ជួរ​មុខ ដែល​បាន​លះបង់​កម្លាំង កាយ​ចិត្ត សេចក្ដីសុខ​ផ្ទាល់ខ្លួន ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​សេចក្ដីសុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​នៅ​ផ្ទៃក្នុង​ប្រទេស​។

ព្រះ​អង្គ មាន​ថេរ​ដីការ បញ្ជាក់​ថា ទោះបីជា​អំណោយ​ទាំង នេះ​មាន​ចំនួន​មិន​ច្រើន​លើសលប់ ប៉ុន្តែ​វា​ជា​សេចក្ដី​ជ្រះថ្លា និង​ជា​ទឹកចិត្ត​រួម​គ្នា​រវាង​ព្រះ​ប​សង្ឃ និង ពុទ្ធបរិស័ទ ដើម្បី​ជា​កម្លាំងចិត្ត​ដល់​បងប្អូន​កងទ័ព​ឲ្យ​ដឹង​ថា ប្រជាជន​នៅ​សមរ ភូមិ​ក្រោយ តែង​តែ​​នៅ​ក្បែរ និង​គាំទ្រ​បងប្អូន​សមរភូមិ​មុខជា​និច្ច ។​ 

​ព្រះ​គ្រូ​បាន​បន្ត​ថា នេះ​ជា​ទឹកចិត្ត​សប្បុរសធម៌ ក្នុង​ស្មារតី​ចែករំលែក​របស់​សប្បុរសជន ដែល​បាន​បរិច្ចាគ​ដោយ ស្ម័គ្រចិត្ត ហើយ​ទោះបីជា​គ្រឿង ឧបភោគ បរិភោគ​ទាំងនេះ​មាន​ចំនួន​មិន​ច្រើន លើស លប់ ប៉ុន្តែ​វា​ជា​សក្ខីកម្ម​បញ្ជាក់​ពី​សាមគ្គី ភាព និង​ជា​កម្លាំងចិត្ត​ដ៏​កក់ក្ដៅ ជូន​ដល់​កង កម្លាំង​ជួរ​មុខ​របស់​យើង​ឱ្យ​បន្ត​ស្មារតី​ស្នេហា​ជាតិ​ដ៏​រឹង​មាំ​តទៅ​មុខ​ទៀត ។

​លោកស្រី បន្ត​ថា សាមគ្គីភាព​រវាង​សមរភូមិ​ក្រោយ  ​និង សមរ ភូមិ​មុខ  ​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​ការ​គាំទ្រ​ផ្នែក​ស្មារតី​យ៉ាង​រឹង​មាំ​ពី​សំណាក់​ព្រះសង្ឃ អាជ្ញាធរ​មូលដ្ឋាន ផ្ញើ​ជូន​ទៅ​ដល់​កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី ។

ក្នុង​នោះ​ដែរ តំណាង​កងទ័ព​នៅ​ជួរ​មុខ បាន​សម្ដែង​នូវ​សេចក្ដី​ត្រេកអរ និង ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះ​ទ័យ​របស់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​និង ពុទ្ធបរិស័ទ​ទាំងអស់​។ ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ គឺជា​ការ​ជួយ​ជម្រុញ​ស្មារតី​បងប្អូន​យុទ្ធ​ជន​ឱ្យ​កាន់តែ​មាន​សេចក្ដី​ក្លាហាន និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​៕