ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការប្រឡងបាក់ឌុបនៅខេត្តសៀមរាប៖ បេក្ខជនជាង ១១ម៉ឺននាក់ ចូលរួមប្រឡង ក្រោមគោលការណ៍ «អ្នកចេះគឺជាប់»

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ​២០២៦​នេះ គឺជា​ថ្ងៃ​ដែល​សិស្សានុសិស្ស​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​ក​កម្ពុជា ប្រឡង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ ឡែក​នៅ​ខេត្តសៀមរាប យើង​សង្កេត​ឃើញ នៅ​តាម​មណ្ឌល​ប្រឡង​ទាំង​១៦​មណ្ឌល មាន​សិស្សានុសិស្ស​មក​ពី​បណ្តា​វិទ្យាល័យ​នានា​ក្នុង​ក្រុង ស្រុក​ទាំង​១៣ ខេត្តសៀមរាប​ ។

​ក្នុង​នោះ​ដែរ​ក៏​មានការ​អញ្ជើញ​ចូលរួម​បើក​កេស​វិញ្ញាសារ​ប្រឡង​នៅ​តាម​មណ្ឌល​ប្រឡង ដោយឡែក​នៅ​មណ្ឌល​វិទ្យាល័យ​១០​មក​រា ១៩៧៩ ក្នុង​ក្រុង​សៀមរាប ក្រោម​វត្តមាន​ឯកឧត្តម លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប , ឯកឧត្តម ប្រាក់ សោភ័ណ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង ឯកឧត្តម បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​អប់ រំ​យុវជន និង​កីឡា  ​ព្រមទាំង​ឯកឧត្តម លោក ជំទាវ​  ជា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ជា​គណៈ​អភិបាលខេត្ត នៅ​តាម​មណ្ឌល​ទាំង​១៦​ក្នុង​ក្រុង​សៀមរាប​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ នេះ​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ​ទូ​ទាំង​ខេត្តសៀមរាប ឆ្នាំ​សិក្សា​២០២៥-២០២៦​នេះ មាន​១៦​មណ្ឌល​ប្រឡង ស្មើនឹង ៤៦៣​បន្ទប់ ដែល​មាន​សិស្ស​ប្រឡង​សរុប ១១​.៤៨៦​នាក់ ស្រី​៦​.៨១២ នាក់ ក្នុង​នោះ​មាន​បេក្ខជន ៥ ប្រភេទ​, ទី​១.​បេក្ខជន​ចំណេះ​ទូទៅ ១០​.​៥៩៣​នាក់ ស្រី ៦​.៣៨៥​នាក់ ,​ទី​២.​បេក្ខជនស្វ័យរិន​ចំណេះ​ទូទៅ ៦០៤​នាក់ ស្រី ៣០៦​នាក់ , ទី​៣.​បេក្ខជន​បំពេញវិជ្ជា​១៥៧​នាក់ ស្រី​៦៥ នាក់​,​ទី​៤.​បេក្ខជនស្វ័យរិន​បំពេញវិជ្ជា​១២៥ នាក់ ៥៤​នាក់ និង ទី​៥ បេក្ខជន អប់រំ​ពិសេស ៧​នាក់ ស្រី​២​នាក់​(​សិស្ស​ពិការ​ភ្នែក​៤​នាក់ គ​ថ្លង់ ៣​នាក់ ) ។ ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៥​មណ្ឌល មាន​១៣០​បន្ទប់ មាន​បេក្ខជន សរុប ៣​.​២១៣​នាក់ ស្រី ១.៩៤០​នាក់ ។

ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន ១១​មណ្ឌល មាន ៣៣៣​បន្ទប់ មាន​បេក្ខជន សរុប ៨​.២៧៣​នាក់ ស្រី ៤​.៨៧២​នាក់ ។ ចំពោះ​វិញ្ញាសារ​ប្រឡង មាន​១០​មុខ​វិជ្ជា គឺ គណិត​វិទ្យា ភាសា​ខ្មែរ គីមីវិទ្យា ភូមិវិទ្យា​, ប្រវត្តិវិទ្យា ,​ពលរដ្ឋវិទ្យា ,​ផែនដីវិទ្យា ,​រូបវិទ្យា ,​ជីវៈវិទ្យា និង​ភាសារ​បរទេស​។ ក្នុង​កិច្ច​ដំណើរ ការ​នៃ​ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ទាំង​៤​នៃ​ការ​ប្រឡង​គឺ​គោល ការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ពោល​គឺ “​អ្នកចេះ​គឺ​ជាប់​”​។

នា​ឱកាស​នេះ​ដែរ ឯកឧត្តម លី សំ​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង ឯកឧត្តម​បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា និង ព្រមទាំង​ឯកឧត្តម លោក​ជំទាវ​ក្រុមប្រឹក្សា​ខេត្ត និង គណៈ​អភិបាលខេត្ត ក៏​បាន​មាន ប្រសាសន៍​ណែនាំ និង ផ្តាំផ្ញើ​មួយ​ចំនួន ដល់​លោកគ្រូ អ្នកគ្រូ ជា​គណៈមេ​ប្រយោគ អនុរក្ស និង ក្មួយ​ៗ​ជា​បេក្ខជន​ទាំង​ពីរ​ភេទ​បានឱ្យ​ដឹង​ថា ការ​ប្រឡង​នេះ ជា​ការ​វាស់​ស្ទង់​នូវ​កម្រិត នៃ​ចំណេះដឹង​របស់​ក្មួយ​ៗ ដែល​ត្រូវ​បាន​បញ្ចប់​ការ​សិក្សា​នៅ​មធ្យមសិក្សា​ទុតិយភូមិ និង ឈាន​ចូល​ទៅ​សិក្សា​បន្ត​នៅ​មហា​វិទ្យា ល័យ​,​សកល​វិទ្យាល័យ ។

ម្យ៉ាងទៀត​បេក្ខជន​ទាំង​ពីរ​ភេទ ដែល​ត្រូវ​ចូល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ពេល​នេះ ត្រូវ​តែ​យកចិត្តទុកដាក់​ខ្ពស់ និង​ខិតខំ​សរសេរ​ឱ្យ​ល្អ​ត្រឹមត្រូវ​ទៅ​លើ​ក្រដាស​វិញ្ញាសារ មុន​នឹង​ឆ្លើយ​ត្រូវ​គិត​ត្រិះ​រិះ ពិចារណា​ឱ្យ​បាន​គ្រប់​ជ្រុង ជ្រោយ និង ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដោយ​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន នូវ​បទ​ប្បញ្ញត្តិ និង​បទបញ្ជាផ្ទៃក្នុង​នៃ​ការ​ប្រឡង និង ប្រកាន់​យក​នូវ​គោលការណ៍ «​ចេះ​ជាប់​»​។​ 

​ឯកឧត្តម​បាន​បន្ត​ថា ការ​ប្រឡង​នេះ គឺ​ដើម្បី​ដឹង​ពី​សមត្ថភាព​ចំណេះដឹង​  ដែល​បាន​សិក្សា​អស់​រយៈពេល​១២​ឆ្នាំ​កន្លង មក និង ស្វែងរក​នូវ​ធនធានមនុស្ស ជា​ទំពាំង​ស្នង​ឫស្សី ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​៧ ដែល​បាន​ចាត់​ទុក​    វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​ចម្បង ក្នុង​យុទ្ធសាស្ត្រ​ប​ញ្ញ​កោណ​ដំណាក់កាល​ទី​មួយ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ ដែរ​ឯកឧត្តម​ទាំង​បី ក៏ បាន​អញ្ជើញ​សួរសុខទុក្ខ បេក្ខជន​ដែល​ទើប ធ្វើការ​វះកាត់​ពោះវៀន​ដុះ​ស្នែង ដែល​បាន​ចូល​មក ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ១០​មក​រា ១៩៧៩ ព្រមទាំង​បាន​ផ្តាំផ្ញើ និង ជូនពរ​ក្មួយ​ឱ្យ​មាន​សុខភាព​ល្អ និង ប្រឡង​ទទួល​បាន​និទ្ទេស​ល្អ​ទៀត​ផង ។

សូម​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​បេក្ខជន​ចូល​ទៅ​ក្នុង​មណ្ឌល​ប្រឡង អ្នក​សារព័ត៌មាន​យើង​បាន សង្កេត​ឃើញ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង ក្រុម​គណៈកម្មការ​មេ ប្រយោគ រួម​ទាំង​មន្ត្រី អង្គភាព​ប្រឆាំង​អំពើ ពុក​រលួយ បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បេក្ខជន​ចូល​ប្រឡង ធ្វើការ​លាក់​បំបាំង​ទុក​ឯកសារ​យ៉ាងណា​ក៏​ដោយ បាន​សហការ​គ្នា​ល្អ ធ្វើការ​ឆែកឆេ និង ដកហូត​នូវ​ឯកសារ​ទាំង នោះ ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មិន​ឱ្យ​ឯកសារ​ទាំងនោះ​ហូរ​ចូល​ទៅ​ក្នុង​បន្ទប់​ប្រឡង​បាន​នោះ​ឡើយ​  ៕