ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​នេះ ខេត្តពោធិ៍សាត់​មាន​បេក្ខជន​​ជិត​ ៤ពាន់នាក់​

2 ថ្ងៃ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ លោក អ៊ឹម កុ​ច រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រធាន​គណៈមេប្រយោគ​ប្រចាំ​ខេត្តពោធិ៍សាត់ និង លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​បើក​ហិប និង​កាត់​ស្រោម​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​សម័យ​ប្រឡង​ថ្ងៃ​ទី​១០ ខែ សីហា ឆ្នាំ​២០២៦ នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ពោធិ៍សាត់​។

ក្នុង​ឱកាស​នោះ​ក៏​មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ ប្រធាន​មន្ទីរ​អង្គភាព​នានា អភិបាលក្រុង​ពោធិ៍សាត់ និង​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដើម្បី​ធ្វើ​ជា​សាក្សី បញ្ជាក់​ពី​ភាព​ស្អាតស្អំ ភាព​ត្រឹមត្រូវ និង​តម្លាភាព​ក្នុង​ការ​ប្រឡង​ផង​ដែរ​។

លោក លឹ​ម វុ​ទ្ធី ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​តុ​យ​ភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី​១០​ខែសីហា​ឆ្នាំ​២០២៦​នេះ សរុប​ទូ​ទាំង​ខេត្តពោធិ៍សាត់​មាន​ចំនួន​៣៦៦៩​នាក់ ស្រី​២១៥៥​នាក់ ក្នុង​នោះ​បេក្ខជន​ជា​ព្រះសង្ឃ​មាន​ចំនួន​១៥​អង្គ​។ ចែក​ចេញ​ជា​០៦​មណ្ឌល​សំ​ណេ​រ និង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​០១​មណ្ឌល​។ ១.​មណ្ឌល​អនុ​វិទ្យាល័យ​ព្រែក​ស្ដី មាន​២២​បន្ទប់ មាន​បេក្ខជន​ប្រឡង​៥៥០​នាក់​។ ២.​មណ្ឌល​វិទ្យាល័យ​ពោធិ៍សាត់​ខាងជើង មាន​២១​បន្ទប់ មាន​បេក្ខជន​៥២៥​នាក់​។ ៣.​មណ្ឌល​វិទ្យាល័យ​ពោធិ៍សាត់​ខាងត្បូង មាន​២៨​បន្ទប់ មាន​បេក្ខជន​៧០០​នាក់​។ ៤.​មណ្ឌល​បឋម​សិក្សា​ពោធិ៍សាត់ មាន​៣៦​បន្ទប់ មាន​បេក្ខជន​៩០០​នាក់​, និង ៥.​មណ្ឌល​អនុ​វិទ្យាល័យ​ពោធិ៍សាត់​ខាងលិច មាន​០៩​បន្ទប់ និង​មាន​បេក្ខជន​២២១​នាក់​។

ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា និង លោក អ៊ឹម កុ​ច បាន​នាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​បាន​ផ្ដាំផ្ញើ​ឲ្យ​បេក្ខជន​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ធ្វើ​វិញ្ញាសា ដោយ​ប្រើប្រាស់​ចំណេះដឹង​ដែល​បាន​សិក្សា​កន្លង​មក ឱ្យ​អស់ពី​សមត្ថភាព​។ គោរព​បទបញ្ជាផ្ទៃក្នុង​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដោយ​មិន​ត្រូវ​នាំ​យក​ទូរស័ព្ទ​ដៃ ឧបករណ៍​អេ​ឡិច​ត្រូ​និក ឬ​ឯកសារ​ផ្សេង​ៗ​ចូល​ក្នុង​បន្ទប់​ប្រឡង​ជា​ដាច់ខាត​។ ជាមួយ​គ្នា​នេះ ត្រូវ​យកចិត្តទុកដាក់​លើ​សុខភាព ហូប​ស្អាត ផឹក​ស្អាត និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​មាន​កម្លាំង​មាំមួន​ក្នុង​ការ​ប្រឡង​។ ឯកឧត្តម​ក៏​បាន​ជូនពរ​ដល់​បេក្ខជន​ទាំងអស់ ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦​នេះ​គ្រប់​ៗ​គ្នា ក្រោម​បាវចនា «​អ្នកចេះ​គឺ​ជាប់​»៕